ភ្នំពេញ ៖ ក្រោយពីថ្ងៃចាប់ផ្តើមបុកគ្រឹះនៅចុងឆ្នាំ ២០១៨ មកទល់ពេលនេះ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល សម្រេចបាន ៥០% ហើយនៃគម្រោងទាំងមូល។
គម្រោងនេះហាក់ដូចជាពុំការពន្យារពេលដោយហេតុផលណាមួយឡើយ ហើយរយៈនៃការសាងសងនេះត្រូវបានសម្រេចដូចការរំពឹងទុក ដើម្បីត្រៀមប្រកាសបើកអោយដៃគូរពណិជ្ជកម្មនានាកក់ជួលយកទីតាំងក្នុងផ្សារដ៏មានសក្តានុពលមួយនេះ ចាប់ពីថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះតទៅ។
លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បង្ហាញនូវការតាំងចិត្តរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់យ៉ាងដូច្នេះថា ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុងរីថែល នៅតែបន្តឈរលើជំហ៊រដ៏រឹងមាំក្នុងការសម្រេចអោយបាននូវសមិទ្ធផលនៃគម្រោងសាងសង់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល តាមពេលវេលា និង ផែនការគ្រោងទុក ដើម្បីត្រៀមបើកសម្ពោធនៅឆ្នាំ ២០២២ បើទោះបីជាស្ថានភាព កូវីដ ក៏ដោយ។
លោកបន្តទៀតថា៖«ការតាំងចិត្តនេះមិនមែនសម្រាប់តែផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉លនោះទេ
សូម្បីតែគម្រោងសំណង់ម៉លផ្សេងទៀតដូចជា ជីប ម៉ុង សែនសុខម៉ល ជីប ម៉ុង ៥៩៨ ម៉ល ជីប ម៉ុង ថៅវើល៍ ជីបម៉ុងម៉ល៦A នៅតែដំណើរការដូចធម្មតា ហើយសម្រេចបានលទ្ធផលដូចការរំពឹងទុក ខ្ញុំពិតជាមានមោទនភាពដែលបានចូលរួមជាផ្នែកមួយនៃការកិច្ចខំប្រឹងប្រែងនេះ។»
សូមបញ្ជាក់ផងដែរថាគម្រោងសាងសង់ ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង មេហ្គាម៉ល ២៧១ នេះគឺស្ថិតនៅក្នុងបរិវេនបុរី ជីប ម៉ុង ផាកលែន ២៧១ ទំហុំផ្ទៃដី ៤៣ ហិកតា កំពស់ ៤ជាន់ ដោយក្នុងនោះផ្ទៃក្រឡាសរុបរបស់ផ្សារទំនើបនេះមានចំនួនរហូតដល់ ១៦ម៉ឺនម៉ែត្រការ៉េ ហើយចំនួនដែលអាចជួលអោយដៃគូរពាណិជ្ជកម្មបានមាន ប្រមាណជា ៦ម៉ឺនម៉ែត្រការ៉េ សម្រាប់អាជីវកម្មបែបទំនើប ដើម្បីបំពេញតម្រូវការជីវភាពបែបស៊ីវិល័យរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន៕
រក្សាសិទ្ធិដោយ៖CEN