ភ្នំពេញ ៖ ធុរកិច្ចថ្មី (startups) ពោរពេញដោយភាពស្វាហាប់ចំនួន ៧ ដែលបង្កើតឡើង និងគ្រប់គ្រងដោយសហគ្រិនវ័យក្មេង បានធ្វើបទបង្ហាញពីគំនិតធុរកិច្ចនវានុវត្តន៍របស់ពួកគេ ទៅកាន់អ្នកដឹកនាំធុរកិច្ច និងវិនិយោគិននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមកពីទូទាំងពិភពលោក នៅក្នុងកម្មវិធីមួយឈ្មោះ BLUETRIBE ដែលជាកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី មានលក្ខណៈពិសេស និងបានដំណើរការអស់រយៈពេល ៦ ខែកន្លងមកហើយ។
គំនិតផ្តួចផ្តើម Bluetribe បានជួយឱ្យស្ថាបនិកវ័យក្មេងកសាងនូវគំនិតធុរកិច្ច សម្រាប់ត្រៀមទទួលយកការវិនិយោគ។ ចាប់ផ្តើមអនុវត្តកាលពីខែឧសភា ឆ្នាំ២០២០ គំនិតផ្តួចផ្តើមនេះបានទាក់ទាញសហគ្រិនជាង ៣០០ នាក់ ដែលបានត្រៀមខ្លួន និងដាក់ចិត្តដាក់កាយប្តេជ្ញាចិត្តរយៈពេលវែងចំពោះធុរកិច្ចដែលរួមគ្នាបង្កើតជាមួយនឹងអ្នកចូលរួមផ្សេងទៀតនៅក្នុងគំនិតផ្តួចផ្តើមនេះ ហើយដែលកំពុងស្វែងរកទុនវិនិយោគ។ កម្មវិធី Bluetribe អនុវត្តដោយកម្មវិធីអភិវឌ្ឍន៍របស់សហប្រជាជាតិ (UNDP) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហព័ន្ធរុស្ស៊ី។
លោក គង់ ហុងលៀង ប្រធាននាយកប្រតិបត្តិ និងជាស្ថាបនិក HomeApp ជាសហគមន៍អនឡាញ ដែលមានសមាជិកជាអ្នកសាងសង់ អ្នករចនាប្លង់ និងពលកជំនាញអាជីព មានប្រសាសន៍ថា គំនិតផ្តួចផ្តើម Bluetribe បានលើកកម្ពស់ស្តង់ដារ សម្រាប់អ្វីដែលខ្ញុំចង់សម្រេចឱ្យបាននាពេលអនាគត សម្រាប់ធុរកិច្ចរបស់យើង និងបានបង្រៀនខ្ញុំនូវជំនាញសំខាន់ៗ ដើម្បីកសាងគំនិតធុរកិច្ចដោយជោគជ័យ។
ដោយឡែក លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាមានប្រសាសន៍ថា «សហគ្រិនវ័យក្មេង ដែលពោរពេញដោយគំនិតនវានុវត្តន៍ និងភាពស្វាហាប់ ដូចជា សហគ្រិនដែលចូលរួមនៅក្នុងកម្មវិធីនេះ គឺជាសហគ្រិនគំរូដ៏ពិតប្រាកដ និងអាចជួយផ្តល់នូវថាមពលសម្រាប់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាច្រើនឆ្នាំទៅមុខទៀត។
គំនិតផ្តួចផ្តើម Bluetribe ផ្តោតលើនិរន្តរភាព និងការរីកចម្រើននៃធុរកិច្ចដែលមានលក្ខណៈនវានុវត្តន៍ ដើម្បីឱ្យធុរកិច្ចទាំងនេះ អាចបង្កើតឱកាសការងារកាន់តែប្រសើរសម្រាប់យុវជន។»
កម្មវិធីបណ្តុះគំនិតធុរកិច្ច ដែលដំណើរការនៅទីតាំងធ្វើការងាររួមគ្នារបស់សហគ្រិនខ្មែរ (Khmer Enterprise) បានប្រមូលផ្តុំអ្នកដឹកនាំធុរកិច្ច និងអ្នកផ្តល់ការប្រឹក្សា ដើម្បីជ្រោមជ្រែងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនក្នុងការអភិវឌ្ឍផលិតផលឬសេវាកម្មដំបូងរបស់ខ្លួន។ ស្ថាបនិកធុរកិច្ចទាំងនេះបានទទួលថវិកាទ្រទ្រង់ ការចាប់ផ្តើមរៀបចំធុរកិច្ចរបស់ពួកគេ ហើយក៏បានទទួលប្រាក់ឧបត្ថម្ភជីវភាពតិចតួចផងដែរ។ កម្មវិធីនេះ គឺជាកម្មវិធីសម្រាប់សហគ្រិន ដែលដាក់ចិត្តដាក់កាយកសាងធុរកិច្ច សម្រាប់រយៈពេលវែង ពោលគឺមិនមែនត្រឹមតែជាគម្រោងដែលបញ្ចប់ទៅក្រោយអនុវត្តបាន ៦ ខែនោះឡើយ។ ក្នុងកម្មវិធីនេះ មានការរៀបចំសិក្ខាសាលាចំនួន ៣០ និងកិច្ចប្រជុំចំនួន ១៥ លើក ដោយទីប្រឹក្សាក្នុងស្រុក និងអន្តរជាតិ។
លោកបណ្ឌិត ឈាង វណ្ណមុនិន្ទ ប្រធាននាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា សហគ្រិនខែ្មរដែលជាអង្គភាពអនុវត្តន៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសេចក្តីសោមនស្សរីករាយដែលបានជួយជ្រុំជ្រែងធុរកិច្ចថ្មីទាំងនេះ ពីដំណាក់កាលចាប់ផ្តើមដំបូង រហូតដល់ដំណាក់កាលរីកចម្រើន តាមរយៈការសហការជាមួយនឹងភាគីពាក់ព័ន្ធរបស់យើង។ យើងសង្ឃឹមថានឹងអាចបន្តផ្តល់ការគាំទ្រដល់ធុរកិច្ចទាំងនេះ ដើម្បីឱ្យពួកគេទទួលបានជោគជ័យ និងអាចពង្រីកខ្លួនបន្ថែមទៀត។
នៅពេលដែលកម្មវិធីបណ្តុះគំនិតធុរកិច្ច Bluetribe នេះត្រូវបញ្ចប់ កម្មវិធីនិងភ្ជាប់ទំនាក់ទំនងអ្នកដឹកនាំវ័យក្មេងទាំងនេះជាមួយអតិថិជន ដៃគូ និងវិនិយោគិនសក្តានុពល ដើម្បីជួយឱ្យធុរកិច្ចទាំងនេះអាចមានការរីកចម្រើន និងឋិតឋេរយូរអង្វែងនាពេលអនាគត។ កូវីដ-១៩ មិនត្រឹមតែបង្កបញ្ហាប្រឈមដល់ធុរកិច្ចថ្មី និងភាពធន់នៃធុរកិច្ចទាំងនេះប៉ុណ្ណោះទេ ថែមទាំងជម្រុញឱ្យកម្មវិធីរបស់យើងត្រូវមានភាពបត់បែន ដើម្បីច្បាមយកឱកាសភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន ដែលចូលរួមនៅក្នុងកម្មវិធី Bluetribe នេះជាមួយនឹងបណ្តាញគាំទ្រជាសកល៕
រក្សាសិទ្ធិដោយ : CEN