ស្ទឹងត្រែង ៖ បុរសវ័យ ២៥ ឆ្នាំ បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ដោយសារតែរូបគេមានរាងកាយខុសពីអ្នកដទៃ។ បុរសនេះ រស់នៅភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
បានហួយ គឺជាភូមិមួយស្ថិតនៅខាងកើតទន្លេសេកុង ក្នុងតំបន់ដាច់ស្រយាលមួយផ្នែក នៃស្រុកសៀមប៉ាង។ ចូរស្វែងយល់ពីពាក្យបានហួយបន្តិច។ បានហួយជាភាសាឡាវបើបកប្រែមកជាខ្មែរ បានន័យថាបាន គឺជាឈ្មោះភូមិរីឯហួយប្រែថាអូរ។ បានហួយប្រែមកភាសាខ្មែរថាភូមិអូរ។ អ្នកភូមិនៅទីនោះនិយាយតែភាសាឡាវ ជាទម្លាប់តាមការរស់នៅរបស់ពួកគាត់។
ពេលអ្នកសារព័ត៌មានយើងជួបជាមួយបុរសកម្ពស់មួយម៉ែត្រពីរតឹក គាត់បាននិយាយរៀបរាប់ថា នៅក្នុងគ្រួសារមានតែរូបគាត់ម្នាក់ប៉ុណ្ណោះគ្មានបងប្អូនទេ។ អ្នកភូមិនៅទីនោះហៅឈ្មោះគាត់ថា គម ដោយសារតែគាត់មានមានរាងកាយជើង និងដៃស្វិតខុសពីអ្នកដទៃ។
បុរសគមបាននិយាយទៀតថា ខ្លួនអាចធ្វើដំណើរបានដោយថ្មើរជើងតែនៅក្នុងភូមិប៉ុណ្ណោះ ពេលចង់ទៅណាឆ្ងាយទាល់តែមានអ្នកដឹកតាមម៉ូតូ។ គាត់ពិតជាតូចចិត្តនឹងវាសនាខ្លួនឯងខ្លាំងណាស់ ដែលរស់នៅលើផែនដីនេះជាមួយគ្រួសារក្រីក្រ ហើយរាងកាយមិនដូចអ្នកដទៃ។ គាត់ចង់រកស៊ីប្រកបមុខរបរអ្វីក៏មិនកើត មិនមានលទ្ធភាពប្រើកម្លាំងបាយបានដូចគេឯង។
សាច់ញាតិបុរសគមនោះ បាននិយាយបន្ថែមថា អ្នកភូមិពិតជាអាណិតគាត់ខ្លាំងណាស់។ គាត់បានពិការតាំងពីកំណើតទៅហើយ។ នៅក្នុងគ្រួសារមានតែគាត់ម្នាក់ប៉ុណ្ណោះ។
ដូច្នេះមានតែបងប្អូនទេដែលជួយផ្ដល់កម្លាំងចិត្តគាត់ និងជួយផ្ដល់បាយទឹក ដើម្បីសម្រាលបន្ទុកឪពុកម្ដាយ៕ រក្សាសិទ្ធិដោយ ៖ សំណាង