Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហ​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ​លោក​កឹម សុខា ស្នើសុំ​បន្ត​សវនាការ​ឡើងវិញ តែ​ក្រុមប្រឹក្សា​ជំនុំជម្រះ​បដិសេធ ព្រោះ​បញ្ហា​កូ​វីដ​និង​យុទ្ធនាការ​នៃ​ការដោះស្រាយ​សំណុំរឿង​កកស្ទះ​

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​កូយ សៅ បាន​ជម្រាប​មក​សហ​មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ ឈ្មោះ កឹម សុខា ក្នុង​កម្មវត្ថុ​ករណី​ស្នើសុំ​បន្ត​សវនាការ​ឡើងវិញ របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ ។​

​យោងតាម សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២-១ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ និង​ពាក្យសុំ​បន្ត​សវនាការ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ របស់​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ ។​

​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ ក្នុ​ម​ប្រឹក្សា​ជំនុំជម្រះ សូម​ជម្រាបជូន​សហ​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ ឲ្យ​បាន​ជ្រាបថា បន្ទាប់ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ ពិនិត្យ​នូវ​សំណើសុំ​បន្ត​សវនាការ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ យល់ឃើញថា សវនាការ​មិនទាន់​អាច​បន្ត​ដាក់​កម្មវិធី​នាពេលនេះ​បាន​នៅឡើយ​ទេ ដោយ​មូល​ហេតុថា ការចម្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩ (COVID-I9) នៅតែមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ជាស​កល និង​មិន​ច្បាស់លាស់​នៅឡើយ​។​

​ម្យ៉ាងទៀត​ដោយហេតុថា សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​កំពុងតែ​មមាញឹក​នៅក្នុង​ចំណាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​
​ដែលមាន​ជន​ត្រូវ​ចោទ ឬ ជនជាប់ចោទ​កំពុង​ជាប់ឃុំ យ៉ាង​ចង្អៀត​ក្នុង​ពន្ធនាគារ ដែល​ករណីនេះ ជា​បញ្ហា​ប្រឈម ដែល​ត្រូវ​ចូលរួម​ឱ្យបាន​សកម្ម​នៅក្នុង​យុទ្ធនាការ​នៃ​ការដោះស្រាយ​សំណុំរឿង​កកស្ទះ ដែល​ត្រូវបាន​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌ នាពេល​កន្លងមក​ថ្មីៗ​នេះ​។​

​ស្របពេល​ជាមួយនេះដែរ ក្រុមប្រឹក្សា​ជំនុំជម្រះ ក៏​ពិនិត្យ​និង​ពិចារណា​នូវ​គ្រប់​ទិដ្ឋភាព​ទាំងអស់ ដើម្បី​អាចមាន លទ្ធភាព​បន្ត​សវនាការ​ឡើងវិញ នាពេល​វេលា​សមស្រប​ខាងមុខនេះ ដើម្បី​ធានា​នូវ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ ស្របតាម​នីតិវិធី​ច្បាប់​។​

​ចំណែក​លោក​មុត ចន្ថា មន្ត្រី​ស្និទ្ធ​នឹង​លោក​កឹម សុខា បាន​សរសេរ​សារ​ថា បើ​ពិនិត្យ​ខ្លឹមសារ​នៃ​ហេតុផល​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ភ្នំពេញ កូយ សៅ ហាក់​មិន​ស៉ី​សង្វាក់​គ្នា និង​ផ្ទុយគ្នា​។ ហេតុផល​កូ​វីដ​-១៩ ជាហេតុ​ផល​ទី​១​ដែល​មិនអាច​បន្ត​សវន​ការ​បាន ប៉ុន្តែ​កន្លែង​ដែល​ផ្ទុយ​នោះ គឺ​តុលា​ការផ្តល់​អាទិភាព​លើ​សំណុំរឿង​កកស្ទះ​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជា​អាទិភាព ដែល​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌​។ បើ​ហេតុផល​ជំងឺឆ្លង​កូ​វីដ​-១៩ គឺជា​ហេតុផល​ឧបសគ្គ ចុះ​ហេតុ​អី​តុលា​ការបន្ត​បើក​សវន​ការ​រឿងក្តី​កកស្ទះ ហើយ​ថែមទាំង​សំណុំរឿង​ព្រហ្មទណ្ឌ​ថ្មី​ទៀត​?

​លោក​សុំ​និយាយ​ដោយ​ផ្អែក​តាម​បរិបទ​ជាក់ស្តែង​ក្នុង​តុលាការ​កម្ពុជា ឬ​បទពិសោធន៍​អន្តរជាតិ តុលាការ​មិនដែល​ផ្អឹប​ទុក​សវន​ការ​នៃ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​បាន​បើក​សវន​ការ​ជាច្រើន​ខែ​រួចហើយ និង​ដេញដោល​គ្នា​ស្ទើរតែ​គ្រប់​អង្គហេតុ​រួចហើយ​នោះទេ​។ តើ​នេះ​ជាហេតុ​ផល និង​ជា​ចេតនា​មិន​ចង់​បើក​សវន​ការ​នេះ រហូត ២០២៤ ដូចដែល​អ្នកដឹកនាំ​បា​ន​ប្រកាស​មែន​ទេ​?

​តុលា​ការគួរ​ដឹងថាៈ​«​យុត្តិធម៌​ពន្យារពេល យុត្តិធម៌​ត្រូវបាន​បដិសេធ​!» រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (​មាត្រា ១៤) ដែល​កម្ពុជា​ជា​ហត្ថលេខី ធានា​អំពី​សវន​ការ​ដោយ​យុត្តិធម៌​និង​ដោយ​គ្មាន​ការពន្យារពេល​មិន​សមរម្យ​។ ការរំលោភ​សិទ្ធិ​របស់​ជនជាប់ចោទ ឬ​ជន​ត្រូវ​ចោទ​ទទួលបាន​នូវ​សវន​ការ​ដោយ​យុត្តិធម៌ គឺ​តុលាការ​ត្រូវ​ទទួលខុសត្រូវ​ឆ្លើយតប​!​។​

​លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំ​ដាក់ពន្ធនាគារ និង​បន្ត​ឃុំខ្លួន​ក្នុងផ្ទះ ពីបទ​ទោស​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧ ប៉ុន្តែ​កាលពី​ចុងឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​អនុញ្ញាត​ធ្វើដំណើរ​ក្នុងប្រទេស តែ​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​។ ទោះយ៉ាងណា​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បានធ្វើ​សកម្មភាព​ចេញ​តាម​បណ្ដា​ខេត្ត​ញឹកញាប់ ក្នុង​ឆ្នាំ​២០២០​។ ទន្ទឹមគ្នា​នោះដែរ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​លិខិត​ព្រមាន​ថា សកម្ម​ភាពចុះ​តាម​បណ្តា​ខេត្ត​នានា​របស់លោក កឹម សុខា អាច​នឹង​ឈានទៅ​ហួស​ព្រំដែន​ដែល​តុលាការ​បានកំណត់​។ ទោះ​មានការ​ព្រមាន​បែបនេះ​ក្តី ប៉ុន្តែ​លោក កឹម សុខា នៅតែ​បន្តធ្វើ​សកម្មភាព​ដដែល​រហូត​មកដល់ពេលនេះ ហាក់​ផ្គើន​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​


×