ភ្នំពេញ៖ ក្នុងកិច្ចជំនួបពិភាក្សារវាងនគរបាលជាតិកម្ពុជា ជាមួយតំណាងនគរបាល សហព័ន្ធអូស្ត្រាលីប្រចាំកម្ពុជា បានរំលេចឡើងនូវខ្លឹមសារពិភាក្សាថា នៅតំបន់ត្រីកោណមាស ម៉េតំហ្វេតាមីន១គីឡូក្រាម តម្លៃប្រមាណ៥០០០$ ប៉ុន្តែនៅអូស្ត្រាលី តម្លៃដល់ទៅ១០០០០០$។
នៅព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានជួបពិភាក្សាជាមួយលោក អែនថូនី មឹកក្វាយ(Anthony Maguire) នាយនគរបាលជាន់ខ្ពស់ នៃនគរបាលសហព័ន្ធអូស្ត្រាលី (AFP) អមស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងសហការី។
យោងតាមខ្លឹមសារពិភាក្សា ភាគីទាំងពីរ បានវាយតម្លៃខ្ពស់អំពីវឌ្ឍនាការ នៃសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលីកន្លងមក ជាពិសេស ក្នុងគម្រោង Strike Force Dragon ។ លេចធ្លោកិច្ចសហការផ្លាស់ប្ដូរព័ត៌មាន តស៊ូករណីរកឃើញនិងបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន តាមលំហរសមុទ្រ ៣ករណីធំៗដែលមានឧក្រឹដ្ឋជនចំនួន៣ក្រុម ដកហូតគ្រឿងញៀនជិត២តោន។
ពិភាក្សា ឯកភាព ក្នុងការសន្និដ្ឋានវាយតម្លៃពីមូលហេតុ ” បង្ក្រាបបានកាន់តែច្រើន ប៉ុន្តែបទល្មើសគ្រឿងញៀនកាន់តែកើនឡើង” : – កំណើននៃការផលិតដាំដុះក្នុងពិភពលោកនិងតំបន់។ – កំណើននៃតំរូវការនិងទីផ្សារ។ – ក្នុងតំណាក់កាលរីករាលដាលនៃជំងឺកូវីដ១៩ បណ្ដាព្រំដែនត្រូវបានរឹតបន្តឹងនិងបិទបង្កការរាំងស្ទះដល់ការចរាចរគ្រឿងញៀន ដែលឧក្រឹដ្ឋជនបង្កើនការផលិត ។ – នៅកន្លែងផលិតតម្លៃគ្រឿងញៀនចុះថោក៣ ទៅ៤ដង ប៉ុន្តែនៅចុងទីតម្លៃកាន់តែកើនឡើង ( ឧទាហរណ៍. នៅតំបន់ត្រីកោណមាស ម៉េតំហ្វេតាមីន១គីឡូក្រាម តម្លៃត្រឹម៣០០០$ ទៅ៥០០០$ ប៉ុន្តែនៅអូស្ត្រាលី តម្លៃដល់ទៅ១០០០០០$) ។ – កិច្ចប្រតិបត្តិការ ភាគច្រើនបង្ក្រាប មិនដល់ឬសគល់ ម្លោះហើយមេខ្លោង និងមុខសញ្ញាសេស សល់ឆ្លៀតបន្តសកម្មភាពល្មើស។
មូលហេតុខាងលើនេះ ធ្វើឲ្យក្រុមឧក្រឹដ្ឋជនប្ដូរឧបាយកល ក្នុងការចរាចរ ជួញដូរ និងរកច្រកនាំចេញដោយបរិមាណច្រើន។
យុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហានេះគឺ :” ស្រាវជ្រាវបង្ក្រាបឲ្យដល់ឬសគល់ និងស្រាវជ្រាវបង្ក្រាបបទល្មើសសំអាតប្រាក់” ឲ្យកាន់តែខ្លាំងក្លា ដើម្បីផ្ដាច់ខ្សែរយៈសកម្មភាពនិងប្រភពហិរញ្ញវត្ថុ។
ភាគីនគរបាលអូស្ត្រាលី បានលើកបទពិសោធន៍សហការជាមួយ នគរបាលហូឡង់ក្នុងការប្រមាញ់មេខ្លោងគ្រឿងញៀនជនជាតិចិន(តៃវ៉ាន់) ឈ្មោះ Tse Chi Lop នៃបណ្ដាញឧក្រឹដ្ឋ”សាមហ្ករ” ដែលកន្លងមកនគរបាលកម្ពុជា ក៏បានចាប់បញ្ជូនមេខ្លោងម្នាក់បញ្ជូនទៅ មីយ៉ានម៉ា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ