ភ្នំពេញ៖ សម្តេចក្រឡាហោម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍នានាជាយថាហេតុ បណ្ដាលឱ្យបាត់បង់មនុស្សជាទីស្រឡាញ់ ពិការភាព ខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្រឱ្យកាន់តែមានប្រសិទ្ធភាព។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២០ កន្លងទៅមានការថយចុះចំនួន ៩៤២លើក ស្មើនឹង២៣% ធៀបនឹងឆ្នាំ២០១៩។
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ផងដែរ ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆ្នាំ២០២០ និងដាក់ចេញទិសដៅការងារ សម្រាប់ ឆ្នាំ២០២១ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅឆ្នាំ២០២០ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៩៤២លើក ស្មើនឹង ២៣% ធៀបនឹងឆ្នាំ២០១៩ ក្នុងនោះ ចំនួនអ្នកស្លាប់បានថយចុះចំនួន ៣៣៥នាក់ ស្មើនឹង១៧% និងចំនួនអ្នករបួសបានថយចុះចំនួន ១.៤៥៥នាក់ ស្មើនឹង ២៤% គ្រោះថ្នាក់ភាគច្រើនកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមិនគោរពច្បាប់ចរាចរណ៍។
ថ្លែងក្នុងកិច្ចអង្គប្រជុំនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសម្ដែងនូវការសាទរប្រកបដោយមោទនភាព និងបានឯកភាពតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ព្រោះថាលទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយការច្នៃប្រឌិត និងមានយុទ្ធសាស្ត្រច្បាស់លាស់ និងក្រោមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ដើម្បីទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ដោយច្បាប់ ក្រសួងបានទិញកាមេរ៉ាចាប់ល្បឿន និងបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ល្បាត ពេលយប់សំដៅទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ និងដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។
ជាងនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្ថែមថា៖ ក្រសួងក៏ដូចជាអនុគណៈកម្មការទី១ បានសហការជាមួយអនុគណៈកម្មការផ្សេងៗទៀត ព្រមទាំងក្រសួង-ស្ថាប័ន អង្គភាព អាជ្ញាធរពាក់ព័ន្ធ អង្គការ និងដៃគូអភិវឌ្ឍន៍ បានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើទំនើបកម្មទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងផ្នែកទន់ សំដៅ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា៖ ក្រសួងបានដឹកនាំសាងសង់ផ្លូវថ្មី ផ្លូវល្បឿនលឿន ពង្រីក និងលើកកម្ពស់គុណភាពផ្លូវ ជួសជុលថែទាំផ្លូវខូចខាត កែលម្អកន្លែងជើងកប បំពាក់ភ្លើងសញ្ញា គំនូសសញ្ញា ផ្លាកសញ្ញា ចំណាំងផ្លាត ចែកមួកសុវត្ថិភាព ប្រគល់ឧបករណ៍ត្រួតពិនិត្យល្បឿនដល់សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ លុបបំបាត់យានដ្ឋានកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម។
ដោយឡែក ក្រសួងក៏បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមរយៈការចុះផ្ទាល់តាមមូលដ្ឋាន រៀបចំស្ពតវីដេអូ និងស្ពតអប់រំខ្លីៗទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ និងសីលធម៌ក្នុងការបើកបរ បណ្ដុះបណ្ដាលដល់បុគ្គលិកក្រុមហ៊ុន ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកសាលាបង្រៀនបើកបរ យានយន្តធុនធ្ងន់ ដែលជាក់ស្ដែងសាលានេះត្រូវសម្ពោធបើកឱ្យប្រើប្រាស់កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្រាប់ទិសដៅការងារឆ្នាំបន្ទាប់ ក្រសួងនឹងជំរុញការដឹកជញ្ជូនតាមផ្លូវដែក បន្តយុទ្ធនាការចុះអប់រំច្បាប់ចរាចរណ៍ដល់ក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសអ្នកបើកបរយានយន្តដឹកជញ្ជូនកម្មកររោងចក្រកាត់ដេរ ចែកមួកសុវត្ថិភាព ស្ទីកឃ័រចំណាំងផ្លាត បំពាក់កាមេរ៉ាតាមដងផ្លូវនិងស្ពាន ជំរុញដឹកជញ្ជូនតាមផ្លូវដែក សិក្សានិងរៀបចំវិធានការបំពាក់ប្រព័ន្ធ GPS តាមដានរថយន្តដឹកទំនិញផងដែរ។
ទន្ទឹមនឹងនេះ ក្រសួងបាន និងកំពុងអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យាដើម្បីកត់ត្រា និងកាត់ពិន្ទុចំពោះអ្នកបើកបរបំពានច្បាប់ចរាចរណ៍ និងឈានទៅដកបណ្ណបើកបរតែម្ដង ប្រសិនបើអ្នកបើកបរណានៅតែបំពានច្បាប់ចរាចរណ៍ និងអភិវឌ្ឍកម្មវិធីផ្សេងៗទៀតសម្រាប់អបំរំនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅ រួមទាំងមតេ្តយ្យសិក្សាផងដែរ។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីបំពេញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរក្សាសុវត្ថិភាព និងពង្រឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជាពិសេសស្ថាប័នពាក់ព័ន្ធ បណ្ដាញសារព័ត៌មាន អង្គការជាតិ អន្តរជាតិ វិស័យឯកជន រោងចក្រសហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន ដែលបានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជាមួយគ្នានោះផងដែរ សម្ដេចក្រឡាហោម បានណែនាំឱ្យអនុគណៈកម្មការទាំងអស់ធ្វើទំនើបកម្មទាំងផ្នែករឹង និងផ្នែកទន់ ជាពិសេស ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាអនុគណៈកម្មការទី១ ត្រូវជំរុញការដឹកជញ្ជូនតាមផ្លូវដែក លុបបំបាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កែលម្អផ្លូវជើងកប ជួសជុលផ្លូវជង្ហុកសំបុកមាន់ ផ្លូវបែកស្រកានាគ ពង្រីកផ្លូវនៅតាមទីប្រជុំជន បំពាក់ភ្លើងសញ្ញា ផ្លាកសញ្ញា និងគំនូសសញ្ញាឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស ពង្រឹងការចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ និងគុណភាពសាលាបើកបរយានយន្តគ្រប់ប្រភេទ លុបបំបាត់ការទិញដូរបណ្ណបើកបរ ទោះក្នុងរូបភាពណាក៏ដោយ និងអនុវត្តច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់បំផុត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ