Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្ដេច​ក្រឡាហោម ៖ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្ដេច ថា​មាន​ស្មៀនឃុំ​-​សង្កាត់ មួយចំនួន​មាន​ឫកពា​មិន​សមរម្យ ពេលដែល​ប្រជាពលរដ្ឋ​មក​ទទួលយក​សេវាសាធារណៈ​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ទាំងអស់ ត្រូវ​ចុះ​ពិនិត្យ​ជាបន្ទាន់​ចំពោះ​ស្មៀនឃុំ​-​សង្កាត់ ព្រោះ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្ដេច ថា​មាន​ស្មៀនឃុំ​-​សង្កាត់ មួយចំនួន​មាន​ឫកពា​មិន​សមរម្យ ខណៈពេលដែល​ប្រជាពលរដ្ឋ​មក​ទទួលយក​សេវាសាធារណៈ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២១ នា​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា នាពេល​កន្លងមក​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ទៅ​សាលាឃុំ​-​សង្កាត់ ឲ្យ​ដោះស្រាយ​បញ្ហា​អ្វីមួយ ប៉ុន្ដែ​មាន​ស្មៀនឃុំ​-​សង្កាត់ មួយចំនួន មាន​អាកប្បកិរិយា​មិនល្អ​ចំពោះ​ប្រជាពលរដ្ឋ​។​

​សម្ដេច​ក្រឡាហោម មានប្រសាសន៍ «​សូម​ផ្ដាំ​ឲ្យ​មើល​ស្មៀន ផ្តាំ​ពី​ទីកន្លែង​នេះ​ទៅ ឯកឧត្តម លោកជំទាវ អភិបាល​រាជធានី​-​ខេត្ត ព្រោះ​ស្មៀន​ខ្លះ​គាត់​ឬ​ក​ធំ​សម្បើម​ណាស់​។ យន្ដការ​នៅ​ឃុំ​-​សង្កាត់ ហ្នឹង គឺមាន​សិទ្ធិ​រឹងមាំ​ដោយសារ​បោះឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ ចឹ​ង​មាន​ក្រុមប្រឹក្សា មាន​មេឃុំ មាន​ជំទប់ ក្រៅពី​ហ្នឹង​មាន​គណៈកម្មាធិការ មន្ដ្រី​ផ្សេងៗ​ទៀត ហើយ​ស្មៀន​មិនមែនជា​មន្ដ្រី​នយោបាយ​ទេ​។ មន្ដ្រី​នយោបាយ គឺ​ក្រុមប្រឹក្សា បោះឆ្នោត​ដោយ​ប្រជាជន​ផ្ទាល់​»​។​

​ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ក៏បាន​កោតសរសើ​ចំពោះ​ស្មៀនឃុំ​-​សង្កាត់ មួយចំនួន​ដែល​បាន​ខិតខំ​ធ្វើ​ការងារ និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

​បន្ថែម​ពីនេះ​ទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ពន្យល់ថា ស្មៀនឃុំ​-​សង្កាត់ គឺជា​មន្ដ្រី​មុខងារសាធារណៈ ហើយ ក្រសួងមហាផ្ទៃ ក៏មាន​សិទ្ធិ​ដក ឬ​ដាក់​មន្ដ្រី​ស្មៀន​។ ប៉ុន្ដែ​នៅ​ផ្នែក​ខ្លះ ក្រុមប្រឹក្សា ក៏​ជា​អ្នក​តែងតាំង​ស្មៀន ហើយ​ស្មៀន ត្រូវធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×