ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បញ្ជាឱ្យធ្វើការស្រាវជ្រាវ ជាបន្ទាន់ជុំវិញការចុះផ្សាយពីករណីមន្ត្រីរាជការមុខដដែលៗ ជិះរថយន្តស៊េរីទំនើបៗ ពាក់ផ្លាកលេខ (ខេមរភូមិន្ទ-រាជការ និងនគរបាលជាតិ) ជាដើម លេងល្បែងស៊ីសងខុសច្បាប់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជន ពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា ពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២១ សារព័ត៌មានចុះផ្សាយអត្ថបទមួយដែលបានលើកឡើងថា ទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែងដែលអ្នកប្រព្រឹត្តភាគច្រើន ជាមន្ត្រីរាជការស្ទើរគ្រប់ស្ថាប័ននៅក្នុងខេត្ត ដែលបានបិទជាបណ្ដោះអាសន្នមួយរយៈកន្លងទៅនោះ ក្រោយពីមានការផ្ទុះអាវុធបាញ់ប្រហារគ្នា បណ្ដាលឰឱ្យភាគីម្ខាងរងរបួសភ្លៅនោះ ពេលនេះម្ចាស់ទីតាំងបានបើកទ្វារស្វាគមន៍អតិថិជនយ៉ាងរលូនឡើងវិញហើយ ដែលសមាសភាពអ្នកញៀននឹងល្បែងនេះគឺជាមន្ត្រីរាជការមុខដដែលៗ ជិះរថយន្តស៊េរីទំនើបៗ ពាក់ស្លាកលេខ(ខេមរភូមិន្ទ-រាជការ និងនគរបាលជាតិ)ជាដើម។
នៅពេលនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋននគរបាលខេត្តបាត់ដំបង បាន ដាក់បទបញ្ជាឱ្យផែនការងារជំនាញនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ជាស្នង ការរងទទួលបន្ទុកចុះធ្វើការស្រាវជ្រាវ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានខាងលើ ។ ក្នុងករណីស្រាវ ជ្រាវរកឃើញថា នៅទីនោះមានការប្រព្រឹត្តនូវអំពើល្មើសច្បាប់ដូចការចុះផ្សាយរបស់សារព័ត៌មានខាងលើនោះមែន សមត្ថកិច្ចនគរបាលនឹងចាត់វិធានការស្របតាមច្បាប់ជាធរមាន។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន ពិសេសបងប្អូនអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប និងចូលរួមសហការជាមួយសមត្ថកិច្ចនគរបាលដោយភាតរភាពបំផុត សូមអរគុណ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ