Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​រៀបចំ​ដែនដី នឹង​ផ្ដល់​អាទិភាព​ទទួលយក​ក្រុមហ៊ុន​សំណង់ របស់​ជប៉ុន ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​នៅ​កម្ពុជា​

​ភ្នំពេញ ៖ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានអនុញ្ញាត​ឲ្យ​លោកស្រី Kamei Haruko ប្រធាន​តំណាង JICA ប្រចាំ​នៅ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ទីស្តីការក្រសួង​។ ក្នុងជំនួប​នោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី បាន​អះអាងថា នឹង​ផ្ដល់​អាទិភាព​ទទួលយក​ក្រុមហ៊ុន​សំណង់ របស់​ជប៉ុន ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នេះ​លោកស្រី Kamei Haruko ប្រធាន​តំណាង jica ប្រចាំ​កម្ពុជា​បាន​លើកឡើងថា​តាំងពី​ឆ្នាំ ២០១៧ មក​Jica​បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជាច្រើន​ជូន​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ប្រមាណ​ជាង ១៣០០​នាក់​គាំទ្រ​ដល់​ការចុះបញ្ជី​ដីធ្លី ការចុះបញ្ជី​អគារ​សហកម្មសិទ្ធិ​និង​គោលនយោបាយ​ជាតិ​ស្ដីពី​លំនៅឋាន​។​

​លោកស្រី​បន្តថា Jica បានសម្រេច​អនុម័ត​នូវ​ជំនួយ ODA សម្រាប់​គម្រោង​អភិវឌ្ឍន៍​ស្ថានីយ៍​វាស់វែង​អចិន្ត្រៃយ៍ ដោយ​ផ្កាយរណប​សម្រាប់​ការរៀបចំ​ដែនដី​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​(CORS) ដែលមាន​រយៈពេល​អនុ​វត្ត​ចាប់ពី​ខែមេសា​ឆ្នាំ​២០២០ ដល់​ខែកញ្ញា​ឆ្នាំ​២០២២ និង​មាន​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​ចំនួន ៧ ៣៥១៤០០ ដុល្លារ​អាមេរិក ដែល​គម្រោង​នេះ​អាច​នឹង​ចាប់ផ្ដើម​នៅ​ខែកក្កដា​ឆ្នាំ ២០២១ ខាងមុខ​។ Jica បានសម្រេច​អនុម័ត​នូវ​ជំនួយ​ODA សម្រាប់​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ក្នុងការ​អនុវត្ត​ច្បាប់​សំណង់​ថ្មី​និង​អភិវឌ្ឍន៍​វិធីសាស្ត្រ​រក្សា​គុណភាព​អគារ​ប្រកបដោយ​សុវត្ថិភាព​នៅក្នុង​វិស័យ​សំណង់​ដែលមាន​រយៈពេល​អនុវត្ត​ចាប់ពី​ខែមិថុនា​ឆ្នាំ​២០២០ ដល់​ខែមិថុនា​ឆ្នាំ ២០២៣ និង​អាច​ចាប់ផ្ដើម​អនុវត្ត​គម្រោង​នេះ​បាន​នៅ​ដើមឆ្នាំ ២០២១​។

​លោកស្រី​បាន​ឲ្យ​ដឹងថា ក្រៅពី​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា Jica ក៏​តែងតែបាន​ផ្ដល់ជំនួយ​ដូចជា ការកសាង​ធនធានមនុស្ស ការផ្ដល់​ជំនួយ​បច្ចេកទេស​និង​ការផ្ដល់​អាហារូបករណ៍​។ ជាមួយនេះ​លោកស្រី Kamei Haruko ក៏បាន​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានរៀបចំ​វិធានការ​ត្រឹមត្រូវ​ទទួល​បាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជាស​កល​Covid 19​ផងដែរ​។​

​ជាការ​ឆ្លើយតប​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋ​ម​ន្រី្ត​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី Kamei Haruko ប្រធាន​តំណាង​Jica​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ផ្ដល់នូវ​សច្ចភាព​ចំពោះ​កម្ពុជា​នូវ​ភាពជោគជ័យ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​ការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​19​។

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ឆន្ទៈ​ដ៏​មោះមុត របស់​ចៃ​កា​ដែល​តែងតែ​ផ្ដល់នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ពិសេស​បានអនុម័ត​នូវ​គម្រោង​ទាំងពីរ​ខាងលើ ដើម្បី​ចូលរួម​សម្រេច​នូវ​គោលដៅ​រួម របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ជា​សុផារ៉ា បានបង្ហាញ​ពី​ការគាំទ្រ​ដល់​ការផ្ដល់​ជំនួយ លើ​ការកសាង​សមត្ថភាព​មន្ត្រី ដែល​ពិត​ជាមាន​សារសំខាន់​សម្រាប់​ការកសាង​ធនធានមនុស្ស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ជាក់ថា ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នឹង​ផ្ដល់​អាទិភាព​ទទួលយក​ក្រុមហ៊ុន​សំណង់ របស់​ជប៉ុន ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​នៅ​កម្ពុជា ស្របតាម​ច្បាប់​ស្ដីពី​សំណង់ និង​ផ្ដល់​អាទិភាព​សម្រាប់​ក្រុមហ៊ុន​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​របស់​ប្រទេស​ជប៉ុន ជួល​ការិយាល័យ​នៅ​ទីស្ដីការ​ថ្មី​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ផងដែរ​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×