ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ បានដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យចុះស៊ើបអង្កេតស្រាវជ្រាវទៅលើដីអតីតក្រុមហ៊ុនសប្បទានសេដ្ឋកិច្ចរបស់លោក ទេព ឃុនណាល់ នៅលើផ្ទៃដី ១៥០០ហិកតា ស្ថិតនៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលរដ្ឋបានដកហូតទុកជាសម្បត្តិរដ្ឋវិញ។
យោងតាមពាក្យបណ្តឹងដែលប្តឹងទៅអង្គភាពប្រឆាំងអំពើពុក ដែលសារព័ត៍មាន CEN ទទួលបានបានឲ្យដឹងថា បច្ចុប្បន្នដីនៅទីតាំងក្រុមហ៊ុន និងដីរដ្ឋ នៅតាមជួរភ្នំដងរែក ត្រូវបានជនមានអំណាចមួយក្តាប់តូចនៅខេត្តឧត្តរមានជ័យ បានដាក់គ្រឿងចក្រ អេស្ការវ៉ាទ័រ បំផ្លិចបំផ្លាញធនធានធម្មជាតិ យកដីធ្វើកម្មសិទ្ធិ និងលក់បន្តគ្នាយ៉ាងអាណាធិបតេយ្យ និងមានការបង្កបង្កើនផលរួចរាល់មួយចំនួន និងកកំពុងយកគ្រឿងចក្ររុករានព្រៃយកជាបន្តបន្ទាប់បន្ថែមទៀត។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយដាក់ការស៊ើបអង្កេតស្រាវជ្រាវនិងចាត់វិធានការផ្លូវច្បាប់តៅលើជនដែលប្រព្រឹត្ត និងអ្នកនៅពីក្រោយ នៃការទន្ទ្រានយកដីរបស់រដ្ឋ ដើម្បីថែរក្សាការពារធនធានធម្មជាតិ ជាសម្បត្តិរដ្ឋឲ្យមានប្រសិទ្ធិភាព។
ចំណែកលោក ហាំង ម៉េង អភិបាលស្រុកត្របាំងប្រាសាទបានឲ្យដឹងថា ដីព្រៃដែលគ្រឿងចក្រធ្វើសកម្មភាពរុករាននោះ ជាដីរបស់លោកទេព ឃុនណាល់ ដែលរដ្ឋបាលខេត្តបានប្រគល់ឲ្យវិញ ដោយសារតែលោកទេព ឃុនណាល់ មានឯកសារគ្រប់គ្រាន់កាលពីលោកទទួលបានដីសម្បទានពីររាជរដ្ឋាភិបាល។ ហើយលោកទើបតែកាន់តំណែងថ្មី មិនបានដឹងអីទេ គឺទទួលថ្មបាក់។
រីឯលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ ចំពោះពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋខាងលើនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ