ភ្នំពេញ ៖ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌចំការមន បានធ្វើការណែនាំទីតាំងណេត ២៤ម៉ោង ចំនួន២លើកមកហើយ តែមិននៅផ្គើនមិនស្តាប់ ទើបនាវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ នរគបាលខណ្ឌចំការមន លោក យិន សាន អធិការខណ្ឌ បញ្ជាកម្លាំងអោយចុះបង្ក្រាប នៅចំណុចផ្ទះជួលលេខ៨២៩អា តាមផ្លូវព្រះមុនីវង្ស ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
លោក យិន សាន អធិការខណ្ឌចំការមនបានឲ្យដឹងថា ទីតាំងកើតហេតុខាងលើបង្ក្រាបជាក់ស្ដែងនូវទីតាំងណេតលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ។ លោកអធិការបញ្ជាក់ថា កន្លងមកទីតាំងនេះ អាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល បានចុះណែនាំត្រួតពិនិត្យច្បាប់អាជីវកម្ម និងបានអោយផ្អាក២លើកមកហើយ តែនៅតែមិនទៅសុំច្បាប់ ដោយនៅលួចបើកលេងផ្គើនសមត្ថកិច្ចដដែល ទើបលោកបញ្ជាអោយលោក ផន អូន អធិការរងផ្នែកព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ ចុះបិទទីតាំងនេះតែម្តង ។ ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតសម្ភារៈ រួមមាន កុំព្យូទ័រ ១៧គ្រឿងរ ឃាត់មនុស្សចំនួន៤នាក់ អ្នកមើលការខុសត្រូវម្នាក់ និងអ្នកលេង២នាក់ សន្តិសុខចំនួន១ម្នាក់ យកទៅអធិការដ្ឋានសួរនាំ រួចអោយគ្រួសារមកធានាយកត្រលប់ទៅវិញ ។
លោកអធិការបន្តថា យោងតាមបទបញ្ជារបស់លោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមន នៅពេលប្រជុំគណៈបញ្ជាការ ឯកភាព អោយសមត្ថកិច្ចចុះពិនិត្យទីតាំងសប្បាយភាព ឬតាមហាងនានា ដើម្បីអោយរក្សាគំលាតយ៉ាងតិច១ម៉ែត្រកន្លះ ត្រូវពាក់ម៉ាស និងលាងដៃសាប៊ូអាកុល អោយបានញឹកញាប់រក្សាអនាម័យផងដែរ ។ ក្នុងនោះទទួលសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានតាមរយៈវេទិការ តែងតែលើកពីបញ្ហាការលួចបើកល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន ។ ដោយហេតុថា ទីតាំងណេត ពោរពេញដោយពួកសេពគ្រឿងញៀន ជាជម្រករបស់ក្រុមសង្គមងងឹត លួចឆក់ប្លន់ ត្រូវតែបង្ក្រាបជាដាច់ខាត កុំអោយកើតមាន ។
ជាមួយគ្នានេះ លោកអធិការ ក៏សូមផ្ដាំទៅប្អូនយុវវ័យទាំងអស់ កុំលេងល្បែងសុីសង និងប្រើប្រាស់គ្រឿងញៀន ព្រោះជាទង្វើខុសច្បាប់ និងបំផ្លាញទ្រព្យសម្បត្តិ បែកបាក់គ្រួសារ ខូចអនាគតមួយជីវិត ត្រូវខិតខំសិក្សារកសូត្រជាទំពាំងស្នងឬស្សី ដើម្បីយកចំណេះដឹងមកបំរើសង្គមនៅចំណុចល្អៗ ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ