Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺឆ្លង​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​វិស័យ​កសិកម្ម ដោយបាន​ជំរុញ គាំទ្រ ឧបត្ថម្ភ​ថវិកា និង​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៦ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ត្រួតពិនិត្យ តាមដាន វាយតម្លៃ និង​តម្រង់​ទិសលើ​ការអនុវត្ត​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ធ្វើយ៉ាងណា​ឲ្យ​បាន​សមស្រប​ទៅតាម​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​ក្នុង​តំបន់ និង​អន្តរជាតិ ក្នុង​បរិបទ​នៃ​ការ​រី​រាលដាល​ជា​សកល​ជំងឺឆ្លង​កូ​វីដ​-១៩​។

ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង យក​អស់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ទទួលខុសត្រូវ ជម្នះ​បាន​នូវ​រាល់​ឧបសគ្គ បញ្ហា​ប្រឈម និង​សហការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​២០១៩-២០២៣ នេះ​បាន​យ៉ាង​ល្អប្រសើរ សម្រេច​ទទួលបាន​លទ្ធ​ផល​គួរ​ឲ្យ​កត់សម្គាល់​ជា​បន្តបន្ទាប់ បើទោះបី​យើង​កំពុងតែ​ប្រឈម​នឹង​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ជាក់ស្តែង រដ្ឋបាល​ជលផល​បានបង្ហាញ​ឲ្យ​ឃើញ​អំពី​សមិទ្ធផល​វិជ្ជមាន​ជាច្រើន​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​បូកសរុប​សភា​ព​ការណ៍​ប្រចាំឆ្នាំ​២០២០ កាលពី​ថ្ងៃទី ០៥ ហើយ​ស្ថាប័ន​ផ្សេងៗ​ទៀត​កំពុង​រៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​ក្នុង​ឆ្នាំ​២០២០ របស់ខ្លួន​ជា​បន្តបន្ទាប់​ផងដែរ មុន​ឈានទៅ​រៀបចំ​មហាសន្និបាទ​បូល​សរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រចាំឆ្នាំ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

​ឆ្លៀត​យក​ឱកាស​នៃ​ការជួបជុំ​មហា​គ្រួសារ​កសិកម្ម​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​២០១៩-២០២៣ គឺជា​ផែនទី​បង្ហាញផ្លូវ​យ៉ាងច្បាស់​មួយ​សម្រាប់​យើង​ដើរ​ឲ្យ​ដល់​គោលដៅ ព្រមជាមួយ​ឆន្ទ​: ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​តាម​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​ជាតិ​។ ហេតុដូច្នេះ ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង សហការ​រួមគ្នា ប្រកបដោយ​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់ និង​ឆន្ទៈ​ម្ចាស់ការ​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​សំដៅ​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​នេះ​។ លោក​បាន​បន្តថា ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជា​សកល​ជំងឺឆ្លង​កូ​វីដ​-១៩ រាជរដ្ឋាភិបាល​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​វិស័យ​កសិកម្ម ដោយបាន​ជំរុញ គាំទ្រ ឧបត្ថម្ភ​ថវិកា និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ ជាពិសេស​ក្រសួង​ត្រូវខិតខំ​បង្កើន និង​ពង្រឹង​ភាពជា​ម្ចាស់​ក្នុង​ការផលិត ធានាបាន​សន្តិសុខ​ស្បៀង ការផ្គត់ផ្គង់​ទីផ្សារ បង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល តាមរយ​:​ការចិញ្ចឹម​ត្រី កង្កែប បក្សី សត្វពាហន​: និង​ដំណាំ​ស្បៀង​ផ្សេងៗ​ទៀត ជា​លក្ខណ​គ្រួសារ ក្នុង​ក្របខ័ណ្ឌ បច្ចេកទេស​សមស្រប សាមញ្ញ ប្រើប្រាស់​រយ​:​ពេល​ខ្លី ចំណាយ​ទុន​តិច ទទួលបាន​ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ក្នុងខណ​:​ដែល​វិស័យ​មួយចំនួន​កំពុង​ជួប​វិបត្តិ​។ អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច ក្រសួង​បាននិងកំពុង​ជំរុញ​បន្ថែម​ដល់​សហគមន៍ កសិករ ផលិតករ​ខ្នាតតូច និង​មធ្យម សហការ​ធ្វើ​ការដាំដុះ ចិញ្ចឹមសត្វ និង​ត្រី​ជាមួយ​វិស័យ​ឯកជន​តាមរយៈ​ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានាបាន​នូវ​បរិមាណ​ផ្គត់ផ្គង់​ទីផ្សារ និង​ស្ថិរភាព​តម្លៃ ព្រមជាមួយ​ការលើកទឹកចិត្ត ជំរុញ គាំទ្រ​វិស័យ​ឯកជន សហគ្រាស​ខ្នាតតូច មធ្យម និង​ដៃគូ​អភិវឌ្ឍន៍​នានា វិនិយោគ​លើ​វិស័យ​កែច្នៃ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត​ក្នុងស្រុក ស្ថិរភាព​ទីផ្សារ បង្កើន​តម្លៃបន្ថែម លើកកម្ពស់​គុណភាព ស្តង់ដារ​អនាម័យ និង​សុវត្ថិភាព ឆ្លើយតប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ទីផ្សារ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។

​ក្នុងស្ថានភាព​នៃ​វិបត្តិ​សេដ្ឋកិច្ច​ជាស​កល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែម​យ៉ាងច្បាស់​ថា វិថី​ដែល​ក្រសួង​ត្រូវ​ធ្វើដំណើរ​នៅ​វែងឆ្ងាយ ត្រូវការ​ពេលវេលា និង​ប្រើប្រាស់​ថវិការដ្ឋ​ឲ្យ​មាន​ប្រសិទ្ធ ភាព តម្លាភាព សុគត​ភាព ដើម្បី​ធានា​ដំណើរការ​នៃ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឲ្យ​មាន​លក្ខណៈ​ទំនើប ឆ្លាត​វៃ នវានុវត្តន៍ ភាព​ប្រកួតប្រជែង និង​និរន្តរភាព​។ ហេតុនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​ការណែនាំ​បន្ថែម និង​ដាក់ចេញ​នូវ​វិធានការ​គន្លឹះ​មួយចំនួន​សម្រាប់​ធ្វើជា​មូលដ្ឋានគ្រឹះ​យកទៅអនុវត្ត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល ក្នុងនោះ​មាន​ជាអាទិ៍​៖

– ការធ្វើកំណែទម្រង់​ឲ្យ​បាន​ស៊ីជម្រៅ​លើ​គ្រប់​អនុវិស័យ​ឲ្យ​កាន់តែ​ទូលំទូលាយ
– អង្គភាព​ជំនាញ​ត្រូវ​ពិនិត្យមើល​ឡើងវិញ​រាល់​គម្រោង ឬ​កម្មវិធី​ដែល​កំពុងដំណើរការ ធ្វើយ៉ាងណា​តម្រង់​ទិសដៅ​អភិវឌ្ឍន៍​ឲ្យ​ចំ​គោលដៅ ឆ្លើយតប​តាម​សេចក្តីត្រូវការ​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ
– មន្ទីរ​កសិកម្ម រាជធានី​-​ខេត្ត​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​លើ​រាល់​គម្រោង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ជាក់ ស្តែង​របស់ខ្លួន ថា​តើ​បាន​ឆ្លើយតប​តាម​អ្វីដែល​ពលរដ្ឋ​ចង់បាន ឬ​យ៉ាងណា​?
– ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​តម្រង់​ទិសដៅ​ឲ្យ​បាន​សម ស្របតាម​ការវិវត្តន៍​របស់​សង្គម និង​សេដ្ឋកិច្ច ជាពិសេស​របត់​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩
– អង្គភាព​ជំនាញ មន្ទីរ ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ឯកជន ត្រូវ​សហការ​អនុវត្ត​បច្ចេកវិទ្យា​វៃឆ្លាត ប្រើប្រាស់​ធាតុ​ចូល​ឲ្យ​មាន​ប្រសិទ្ធភាព សំដៅ​ធ្វើ​ឲ្យ​កសិផល​អាច​ប្រកួតប្រជែង កាត់បន្ថយ​ថ្លៃដើម ធានា​គុណភាព សុវត្ថិភាព​ស្របតាម​តម្រូវការ ស្តង់ដា​ទីផ្សារ
– គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​ចូលរួម​គិតគូ​ពី​ខ្សែ​ច្រវាក់​តម្លៃ ខ្សែ​ច្រវាក់​ផលិតកម្ម ជំរុញ​ដំណើរការ​ក​សិ​-​ធុរកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់ ភ្ជាប់​ទីផ្សារ​កសិផល​តាម​យន្តការ​ផលិតកម្ម​កសិក​ម្ម​តាម​កិច្ចសន្យា និង​យន្តការ​ភាពជា​ដៃគូ​រវាង “​រដ្ឋ​-​ឯកជន និង​អ្នក​ផលិត​”
– ពង្រឹង​សាមគ្គីភាព ការដឹកនាំ ការគ្រប់គ្រង​មន្ត្រី​ក្នុង​ស្ថាប័ន​នីមួយៗ​ឲ្យ​បានល្អ​។ ពង្រឹង និង​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់ ហ្មត់ចត់​នូវ​ក្រមសីលធម៌​វិជ្ជាជីវ លក្ខន្តិក​មន្ត្រីរាជការ និង​សេវាសាធារណ​:
– បន្តធ្វើ​ការងារ​នៅ​មូលដ្ឋាន​មូលដ្ឋាន​ដែល​ទទួលបន្ទុក​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​ត្រួតពិនិត្យ តាមដាន​នូវ​រាល់​ភាព​អសកម្ម ឬ​បញ្ហា និង​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព ជូន​ប្រជាពលរដ្ឋ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×