សៀមរាប ៖ រាត្រីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ប្រពន្ធសំឡាញ់របស់បង…!
ក្រោមស្បៃរាត្រីកណ្ដោចកណ្ដែង រកថ្លែងអ្វីសឹងតែមិនត្រូវ អារម្មណ៍ព្រួយនឹកពៅពេក ស្ទើរតែស្រែកឱ្យបែកវេហាស៍ នាំពាក្យវាចា ទៅប្រាប់កនិដ្ឋា ការបងព្រួយ។
មុនពេលអូនអាននូវសំណេរដែលចេញពីដួងចិត្តនេះ បងសូមអភ័យទោសទុកជាមុន និងសោកស្តាយយ៉ាងខ្លាំង ដែលមិនបានរួមដំណើរជាមួយអូនទៅកាន់មន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។
ឧត្តមភរិយា គ្រាដែលបង អាយុ២០ឆ្នាំ
ក្នុងឆ្នាំ១៩៧៣ បងបានចាកចេញពីស្រុកកំណើត នៃទឹកដីកោះសំរោង ខេត្តកំពង់ចាម ក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម (តំបន់រំដោះ) ចេញទៅបន្តការសិក្សានៅទីក្រុងភ្នំពេញ ដោយត្រូវឆ្លងកាត់គ្រាប់កាំភ្លើង និងការប្រយុទ្ធយ៉ាងក្តៅគគុក រវាងកងទ័ពខ្មែរក្រហម និងកងទ័ព លន់ នល់ ហើយទីបំផុតបងធ្វើដំណើរដល់ភ្នំពេញដោយសុខសប្បាយ។
អូនដឹងទេ? ប្តីរបស់អូនកាលណោះ មានតែខ្លួនមួយ គ្មានសាច់ញាតិ និងបងប្អូនឡើយ គឺក្លាយជាកូនកំព្រា តែលតោល លំបាកលំបិនក្រៃលែង ហើយដើរស៊ីឈ្នួលគេ ធ្វើកម្មករបម្រើគេ ដើម្បីរស់ និងបានរៀនសូត្រ។
មិនបានប៉ុន្មានផង ពីរឆ្នាំកន្លងផុតទៅ ភ្នំពេញត្រូវបានកាន់កាប់ទាំងស្រុងដោយរបបខ្មែរក្រហម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយបងក៏បានរស់នៅក្នុង កងយុវជន ធ្វើការធ្ងន់ធ្ងរដូចប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ។
ប្រពន្ធសម្លាញ់ ចាំទេ…? ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៧ បង និងអូន បានឡើងប្តេជ្ញាក្លាយជាគូស្រករប្តី-ប្រពន្ធនឹងគ្នារហូតមក ដោយចាប់ដៃគ្នាកសាងជីវិតទាំងលំបាកក្នុងរបបវាលពិឃាត។
ហ៊ឺ… អនុស្សាវរីយ៍ទាំងឡាយក្នុងរបបប៉ុល ពត បងចាំយ៉ាងច្បាស់ ពេលខ្លះ បាយមួយដុំ ឬដំឡូងមួយដុំ អូនមិនហ៊ានហូបទេ អូនទុកសម្រាប់បង ឱ្យបងហូបមុន ទោះជាបងប្រាប់ថា យើងហូបទាំងអស់គ្នា ក៏អូនមិនព្រម លុះដល់បងហូបសល់ ទើបអូនហូបតាមក្រោយ… នឹកដល់រូបភាពមួយនោះ ធ្វើឱ្យជលនេត្របងហូរច្រោក បោកប្រមៀល រាលចេញពីកែវភ្នែក រលីងរលោងថតជាប់រូបអូន។
ទោះជាពួកយើងខិតតខំប្រឹងប្រែងដោះស្រាយចំណងជីវិត លើវាលវដ្ដសង្សារស្ទើរតែគ្មានពេលល្ហែល្ហើយ រយៈពេល ៤៤ឆ្នាំហើយ អូនពិតជាហត់នឿយណាស់ ក្នុងនាមជាភរិយា និងជាម្តាយ។ រាល់ម្ហូបអាហារ សម្លៀកបំពាក់ និងកន្លែងគេងរបស់បង របស់កូនៗយើង និងការអប់រំពួកគេ សុទ្ធតែអូនជាអ្នកធ្វើទាំងអស់។ អូនបានបំពេញតួនាទីជាឧត្តមភរិយាដ៏ល្អបំផុត បំពេញតួនាទី ជាម្តាយដ៏សែនកក់ក្តៅបំផុតសម្រាប់កូនយើង ហើយបងពិតជាមានសំណាងខ្លាំងណាស់ដែលមានរូបអូនជាភរិយា , ពេលនេះ សូម្បីតែអូនជួបគ្រោះថ្នាក់ឈឺថ្កាត់ ក៏បងមិនបានជូនដំណើរអូនទៅមន្ទីរពេទ្យដែរ តើបោះនៅមានអ្វីទៀតសម្រាប់សងអូននៅគ្រប់ក្នុងឆាកជីវិតនេះ?
ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១
បងពិតជាស្លុតចិត្តណាស់ ពេលឃើញអូនគ្រោះថ្នាក់បាក់ឆ្អឹងស្មា ខណ:ដួលកង់ពេលជិះហាត់ប្រាណ, ភ្លាមនោះ បងបានពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញពីអាការៈរបស់អូន។ ដោយហេតុថា គ្រោះថ្នាក់បាក់ចំកន្លែងឆ្អឹងពុក ដែលក្លាយជាកង្វល់មួយបន្ថែមទៀតសម្រាប់បង។ ទីបំផុត ក្រុមគ្រូពេទ្យបានផ្តល់យោបល់ថា ត្រូវបញ្ជូនអូនទៅព្យាបាលនៅទីក្រុងបាងកក ព្រោះទីនោះមានឧបករណ៍ពេទ្យគ្រប់គ្រាន់។
រាត្រីថ្ងៃទី០៥ កុម្ភ: មួយថ្ងៃក្រោយមក វេលាម៉ោង៧យប់ ឃឿនវិញ្ញាណរបស់បងរលឹកគ្រប់រឿងរ៉ាវ ធ្វើឱ្យបងរឹងរឹតតែខ្លោចផ្សាទ្វេដង ខណ:យន្តហោះបោះពួយទៅដលទីក្រុងបាងកក។ ក្រៅពីស្រក់ទឹកភ្នែក រំលែកចិត្តឥតដឹងខ្លួន មាសស្ងួនចេញទៅ ទ្រូងបងសល់នៅពាក្យសូមទោស !
បងជាប់ភារកិច្ចរដ្ឋាចម្បង ១-បញ្ហាខូវីដ-១៩ ដែលគេអនុញ្ញាតបានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកជំងឺម្នាក់ និងអ្នកមើលថែម្នាក់ ដូច្នេះ បងសម្រេចឱ្យកូនស្រីទៅជាមួយអូន។ ទី២ បងមានភារកិច្ចជាច្រើនត្រូវបំពេញជូនរាជរដ្ឋាភិបាល ជាពិសេស ការស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបរបស់យើង។
ហេតុផលនេះ បងដឹងយ៉ាងច្បាស់ថា អូនពិតជាយល់ហើយថែមទាំងលើកទឹកចិត្តបងទៀតផង។ បងគ្មានអ្វី ក្រៅពីពាក្យថា សូមទោសប្រពន្ធសំឡាញ់ ! សូមឱ្យវត្ថុស័ក្ដិសិទ្ធិក្នុងលោកជួយបីបាច់ថែរក្សាអូន ពីបងអ្នកតំណាងរាស្ត្រ សៀង ណាំ រង់ចាំអូនគ្រប់ពេលវេលា៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋCEN