ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវបាន ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងឱ្យបន្តកាន់តំណែងជាអភិបាលរាជធានីភ្នំពេញសម្រាប់អាណត្តិទី២ ថែមទៀត។
នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រកម្ពុជា ព្រះបរមនាថ នរោត្តម សីហមុនី។
សូមបញ្ជាក់ផងដែរថា ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្មីៗនេះ មហាជនបានសង្កេតឃើញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តការអភិវឌ្ឍក្នុងរាជធានីភ្នំពេញលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងដូចជា ជួសជុល ស្ថាបនាបន្ថែម ស្ពានព្រះមុនីវង្ស សួនផ្កាលម្អក្រុង សួនច្បារពុះចែកទ្រូងផ្លូវ ស្ពានថ្មើរជើងផ្សារដើមគរ ស្ពានថ្មើរជើងម្ដុំចោមចៅ ផ្លូវក្រោមដី និងប្រព័ន្ធផ្លូវនៅរង្វង់មូលចោមចៅ ស្ថាបនាស្ថានីយបូមទឹកដើម្បីរំដោះទឹក ស្ដាលូបឹងត្របែក បឹងទំពុន និងប្រឡាយស្ទឹងមានជ័យ ដោះស្រាយបញ្ហាសំរាមកំលុងកម្មករស៊ីនទ្រីធ្វើកូដកម្ម ចុះជួយចាត់វិធានការពិនិត្យសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងខែតុលាឆ្នាំ២០២០…៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋCEN