ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាពេលថ្មីៗនេះ បានថ្លែងបង្ហាញដល់អ្នកសារព័ត៌មានថា ច្បាប់វិនិយោគថ្មីពាក់ព័ន្ធជាមួយសមត្ថកិច្ច របស់អាជ្ញាធរដែនដី របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យ CDC រៀបចំតួនាទីបន្ថែមជូនគណៈអភិបាលខេត្ត ពិនិត្យ និងសម្រេចលើគម្រោងវិនិយោគ ពោលគឺ អាចសម្រេចលើគម្រោងវិនិយោគកាន់តែមានវិសាលភាពទូលាយជាងមុន និងមានដើមទុនលើសពី២លានដុល្លារ។
លោកអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានពន្យល់ទៀតថា ពាក់ព័ន្ធនឹងច្បាប់វិនិយោគថ្មីនេះ , កន្លងទៅកម្ពុជាធ្លាប់មានរួចហើយ គឺអនុគណៈកម្មាធិការាជធានីខេត្ត-ក្រុង ទទួលបន្ទុកវិនិយោគនេះ។ ពីមុនគម្រោងដែលមានបរិមាណតូចជាង២លានដុល្លារ ប្រគល់ជូនដល់ថ្នាក់ក្រោមជាតិអ្នកសម្រេច, ប៉ុន្ដែច្បាប់វិនិយោគថ្មីនេះ នឹងកំណត់ធំជាងនេះ។ នេះជាព័ត៌មានល្អ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកវិនិយោគនៅតាមបណ្ដាខេត្ត-រាជធានី ហើយវាជាគោលនយោបាយ របស់រាជរដ្ឋាភិបាលច្បាស់លាស់មួយ ក្នុងការរុញការសម្រេចឲ្យកៀកប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា ច្បាប់វិនិយោគថ្មីនេះ មិនទាន់អនុម័តចូលជាធរមាននៅឡើយទេ គឺកំពុងស្ថិតក្នុងដំណាក់កាលនៃការរៀបចំ ដែលរំពឹងថា នឹងអនុម័តនៅឆមាសទី១ ឆ្នាំ២០២១នេះ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាល បាននិងកំពុងខិតខំធ្វើកិច្ចការផ្ទេរ រុញ ប្រគល់អំណាច និងសិទ្ធិមួយចំនួនពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ក្នុងការចុះបញ្ជី និងការសម្រេចនានា ជាពិសេស ច្បាប់វិនិយោគថ្មីនេះជាដើម។
លោក សុខ ចិន្ដាសោភា បានលើកឡើងជាទូទៅថា សម្រាប់ជនបរទេស ក៏គួរតែដឹងថា កម្ពុជាតែងតែខិតខំកែទម្រង់ កែលម្អ ដើម្បីឲ្យស្របនឹងតម្រូវការនៃធុរកិច្ចទំនើប មានន័យថា បច្ចុប្បន្នមានប្រព័ន្ធផ្សព្វផ្សាយច្រើន និងព័ត៌មានផ្សេៗងអំពីកម្ពុជា ប៉ុន្ដែទោះជាយ៉ាងណាក៏នៅតែមានជនបរទេសមួយចំនួន គិតអវិជ្ជមានពីកម្ពុជាថា កម្ពុជាអសន្ដិសុខ ខ្វះនេះខ្វះនោះជាដើម។
ដូច្នេះទេ សម្រាប់អ្នកវិនិយោគទាំងកម្ពុជា ទាំងបរទេស សូមមានជំនឿចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះការវិនិយោគ និងធុរកិច្ច ជាកម្មវិធីនយោបាយសំខាន់សម្រាប់សេដ្ឋកិច្ច-សង្គម ។ រយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ ស្ថិតក្នុងរង្វង់ ៧ ភាគរយ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តគ្រប់គ្នា មុនពេលជំងឺរាតត្បាតកូវីដ-១៩ មកដល់៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN