ភ្នំពេញ ៖ រថយន្តដឹកឥដ្ឋបែកកង់ដាច់យ៉ាន់ក្រឡាប់ផ្ងារជើង ជះឥដ្ឋរាយពេញផ្លូវនៅវិមានឈ្នះឈ្នះ សំណាងណាស់ដែលមិនមានគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរងរបួសៃកុងបែកក្បាលរបួសធ្ងន់ និងអ្នករួមដំណើរ២នាក់រងរបួសស្រាល។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២១ ដែលស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
យោងតាមប្រភពដែលដឹងហេតុការណ៍ បានប្រាប់ក្រុមការងារCENយើងឲ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ផ្លាកលេខស៊េរីចាស់ យ.0539ភព3 បើកបរដោយតៃកុងម្នាក់ រងរបួសបែកក្បាល បញ្ជូនទៅមន្ទីរពេទ្យ និងប្រុសស្រី២នាក់ រួមដំណើររងបួសស្រាល បានដឹកឥដ្ឋចេញពីឡព្រែកអញ្ចាញ ទៅដាក់ឲ្យម៉ូយនៅហួសស្ពានព្រែកព្នៅ លុះមកដល់ត្រង់ចំណុចកើតហេតុ បានបែកកង់ ដាច់យ៉ាន់ចេញក្រៅ១គ្រាប់ បណ្ដាលឲ្យរេចង្កូតទប់ពុំជាប់បានក្រឡាប់ផ្ងារជើងជះឥដ្ឋ១ម៉ឺនដុំរាយពេញផ្លូវ ។ ក្នុងករណីនេះមិនប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ និងទ្រព្យសម្បត្តិរបស់រដ្ឋឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ ជួយសម្រួលចរាចរណ៍ និងបានឲ្យម្ចាស់ឥដ្ឋ ប្រញ៉ាប់ប្រមូលឥដ្ឋ និងស្ទូចយករថយន្តចេញ ដើម្បីបញ្ជាសចរាចរណ៍កុំឲ្យមានការកកស្ទះ តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ៕ រក្សាសិទ្ធិដោយ៖ សារឿន