Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ (CIAS 2019)​នឹងត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃស្អែក​នេះ​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២១ វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មានការ​គាំទ្រ​ពី​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) នឹង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ (CIAS 2019)​។​
​ការធ្វើអង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ នេះ​គឺជា​ការអង្កេត​ទ្រង់ទ្រាយ​ធំ​លើកទីមួយ​នៅ​កម្ពុជា បន្ទាប់ពី​ការធ្វើជំរឿន​កសិកម្ម​នៅ​ឆ្នាំ​២០១៣​។ អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ ធ្វើឡើង​ក្រោម​ការជួយ​ឧបត្ថម​ពី រាជរដ្ឋាភិបាល ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID) អង្គការ FAO និង មូលនិធិ​បៀ​ល និង​មី​លីន​ដា​ហ្គេ​ត (Bill and Melinda Gates)​។​

​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៩ បាន​ប្រមូល​ព័ត៌មាន​ស្តីពី​ការដាំដុះ​ដំណាំ ការចិញ្ចឹម​បសុសត្វ ប​សុ​បក្សី វារីវប្បកម្ម និង​នេសាទ​។
​ការអង្កេត​នេះ​បាន​ប្រើ​វិធីសាស្ត្រ​ស្ថិតិ​ដើម្បី​ជ្រើសរើស​សំណាក​គំរូ​តំណាង​មណ្ឌល​អង្កេត​នៅ​ទូទាំងប្រទេស​កម្ពុជា ពី​ក្របខ័ណ្ឌ​បញ្ជី​នៃ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៣ ។​
​ការប្រមូល​ទិន្នន័យ​ត្រូវបាន​ធ្វើឡើង​នៅ​ចន្លោះ​ខែកក្កដា និង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយ​មន្ត្រី​រដ្ឋាភិបាល​ជាង ៤០០​នាក់ មកពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​។ ការសម្ភាសន៍ ជាង ១៦,០០០​គ្រួសារ ត្រូវបាន​ធ្វើឡើង​ជាមួយ​នឹង​ការកាន់កាប់​កសិកម្ម​ល​ក្ខ​ណៈ​គ្រួសារ និង​សហគ្រាស​កសិកម្ម​ខ្នាត​ធំ​(​មិនមែន​គ្រួសារ​) ។​
​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​២០១៩ បាន​ប៉ាន់ប្រមាណ​ថា​មាន​ផ្ទៃដី​កសិកម្ម​សរុប​ចំនួន ១.៧២៦.០០០ គ្រួសារ នៅក្នុង​ប្រទេស​កម្ពុជា ឬ​ស្មើនឹង ៥០​ភាគរយ នៃ​គ្រួសារ​ទាំងអស់​នៅក្នុង​ប្រទេស (៣,៤៣៨,០០០ គ្រួសារ​តាម​ការអង្កេត​សេដ្ឋកិច្ចសង្គម​កម្ពុជា ២០១៧) ។​

​សកម្មភាព​ដំណាំ​ត្រូវបាន​រាយការណ៍​ថា​មាន​ចំនួន ៨៨​ភាគរយ​នៃ​ការកាន់កាប់​កសិកម្ម​គ្រួសារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​និង ៧៥​ភាគរយ នៃ​ការកាន់កាប់​កសិកម្ម​ល​ក្ខ​ណៈ​គ្រួ​សារបាន​រាយការណ៍​ពី​ការចិញ្ចឹម​បសុសត្វ​ប​សុ​បក្សី ឬ​សត្វល្អិត​។ គ្រួសារ​កាន់កាប់​កសិក​ម្ម​ចំនួន ២៣៤.០០០គ្រួសារ បាន​ចូលរួម​ក្នុង​សកម្មភាព​នេសាទ ដោយមាន ៦៣​ភាគរយ នៃ​អ្នកកាន់កាប់​បាន​រាយការណ៍​ពី​ផល​នេសាទ​របស់​ពួកគេ​គឺ​ទាប​ជាង​ឆ្នាំមុន ហើយ​មានតែ ៩​ភាគរយ ប៉ុណ្ណោះ​ដែល​រាយការណ៍​ថា​បាន​ផល​ច្រើនជាង​ឆ្នាំមុន​។ ការអង្កេត​នេះ​បាន​វាយតម្លៃថា ៣១​ភាគរយ នៃ​ការកាន់កាប់​កសិកម្ម​គ្រួ​សារបាន​រាយការណ៍​ថា​ប្រាក់ចំណូល​ពី​វិស័យ​កសិកម្ម​គឺ​ទាប​ជាង​ឆ្នាំមុន​។ អ្នកកាន់កាប់​កសិកម្ម​គ្រួសារ ក៏ត្រូវ​បានស្នើ ឲ្យ​ធ្វើការ​ប៉ាន់ស្មាន​ពី​ចំណែក​នៃ​ប្រាក់ចំណូល​ដែល​បានមកពី​សកម្មភាព​ក​សិ​កម្ម នៅក្នុង​ប្រាក់ចំណូល​សរុប​របស់​គ្រួសារ​ពួកគេ​ផងដែរ​។​
​ប្រមាណ ៣២​ភាគរយ នៃ​អ្នកកាន់កាប់​កសិកម្ម​គ្រូ​សារ បាន​រាយការណ៍​ថា ចំណូល​ពាក់កណ្តាល​រប​ស់​ពួកគាត់​បានមកពី​សក​ម្ម​ភាព​កសិកម្ម ហើយ​ប្រមាណ ១៧​ភាគរយ មាន​ចំណូល​ស្ទើរតែ​ទាំងអស់​ក្នុង​គ្រួសារ​បានមកពី​សកម្ម​ភាព​កសិកម្ម និង​ប្រមាណ ៤​ភាគរយ បាន​រាយការណ៍ ថា​ប្រាក់ចំណូល​គ្រួសារ​សរុប​ទាំងអស់​របស់​ពួកគេ​គឺ​ទទួលបាន​ពី​សកម្មភាព​កសិកម្ម​។​

​លោក Alexandre Huyn តំណាង​អង្គការ FAO ប្រចាំ​នៅ​កម្ពុជា​បាន​សង្កត់ធ្ងន់ថា​៖ “​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ​២០១៩ ជួយ​បញ្ចប់​នូវ​គំលាត​ទិន្នន័យ​កសិកម្ម ព្រមទាំង​រួមចំណែក​ដល់​ការធ្វើផែនការ ការរៀបចំ​ហិរញ្ញប្បទាន និង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​នានា​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​។ ការ​ដែលមាន​ទិន្នន័យ​ទាន់ពេលវេលា និង​មាន​គុណភាព នឹង​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ធានា​នូវ​សន្តិសុខ​ស្បៀង និង​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​ពេញ​ពិភពលោក​”​។​

​ដោយសារតែ​ទិន្នន័យ​របស់​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​ឆ្នាំ ២០១៩ ត្រូវបាន​ប្រមូល​មុនពេល​មានការ​ផ្ធុះ​ឡើង​នូវ ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដូច្នេះ​វា​អាច​ចាត់ទុកថា​ជា​ទិន្នន័យ​មូលដ្ឋាន (baseline) ដែលមាន​សក្តានុពល​ក្នុងការ​ប្រៀបធៀប​ជាមួយ​ការអង្កេត​កសិកម្ម​ប្រចាំឆ្នាំ​នៅ​តំណាក់កាល​បន្តបន្ទាប់​ទៀត និង​បង្កើតបាន​នូវ​ការវាយតម្លៃ​លម្អិត​អំពី​ផលប៉ះពាល់​ជំងឺ​កូ​វីដ​១៩ លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​គុណភាព​នៃ​ភាពជា​ដៃគូ​នេះ​ក៏​ត្រូវបាន​កោតសរសើរ​ដោយ​លោកជំទាវ ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​មានប្រសាសន៍​ផងដែរ​ថា​៖ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​អង្គកា​រ FAO ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស​ជួយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការប្រមូល​ទិន្នន័យ​តាម​ថេ​ប្លេ​ត សម្រាប់​ការអង្កេត​ថ្នាក់ជាតិ​លើកដំបូង​គេ​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់ទី​ភ្នាក់ងា​រ USAID ចំពោះ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដែលជា​មូលដ្ឋាន​ក្នុងការ​បញ្ចប់​ការអង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​២០១៩ ដោយ​ជោគជ័យ​” ។​

​ខណៈដែល​គម្រោង​អភិវឌ្ឍន៍​ភាគច្រើន​ផ្តោតលើ​ការកសាង​សមត្ថភាព​មន្ត្រី​នៅ​ថ្នាក់ជាតិ គម្រោង​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​២០១៩ ក៏បាន​ជួយ​បណ្តុះបណ្តាល​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ​ផងដែរ​។ ប្រធាន​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ​នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ម៉ក់ មុនី បាន​មានប្រសាសន៍ ថា​៖ “ តាម រយៈ​ភាពជា​ដៃគូ​ល្អជា​មួយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ និង FAO ក្នុងអំឡុង​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​២០១៩ មន្ត្រី​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ទាំង​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ​លើ បាន​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ថែមទៀត ក្នុងការ​ប្រមូល​ទិន្នន័យ ការគ្រប់គ្រង​គុណភាព ក៏ដូចជា​ដំណើរ​ការវិភាគ​ទិន្នន័យ​”​។​

​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម​កម្ពុជា​២០១៩ គឺជា​ផ្នែក​មួយ​នៃ AGRISurvey ដែលជា​កម្មវិធី​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​គោលបំណង​ផ្តល់ព័ត៌មាន​ប្រកបដោយ​គុណភាព​ដល់​អ្នករៀបចំ​ផែនការ អ្នករៀបចំ​គោលនយោបាយ និង​កសាង​សមត្ថភាព​ប្រទេស​ក្នុងការ​អនុវត្ត ការអង្កេត​កសិកម្ម​ឱ្យបាន​ល្អ​។​

​នៅ​ឆ្នាំ​២០២១ AGRISurvey នឹងត្រូវ​បញ្ចូល​ទៅក្នុង​គម្រោង “​គំនិត​ផ្តួចផ្តើម ៥០x២០៣០” ដែលជា​កម្មវិធី​សកល​រយៈពេល ១០​ឆ្នាំ ដឹកនាំ​ដោយ​ភាពជា​ដៃគូ​រវាង​ធនាគារពិភពលោក (WB) អង្គការ FAO និង​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម (IFAD)​។
​គំនិត​ផ្តួចផ្តើម​នេះ​មាន​គោលបំណង​បំពេញ​ចន្លោះ​ខ្វះខាត​ទិន្នន័យ​កសិកម្ម​នៅក្នុង ៥០​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប និង​មធ្យម​នៅត្រឹម​ឆ្នាំ ២០៣០ និង​ដើម្បី​ផ្តល់ ទិន្នន័យ​ដល់ កម្មវិធី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាក់ទង​នឹង​កសិកម្ម (SDGs) ។ សម្រាប់​តំបន់​អាស៊ី ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖CEN​

×