ភ្នំពេញៈ មនុស្សចំនួន ១៨៨នាក់ បានស្លាប់ និងរបួសចំនួន ៤៤៤នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ២៨១នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល ៣៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាន CEN ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់៥នាក់ របួស ៧នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់។
ប្រភពដដែលបានបន្តថា សម្រាប់ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល ៣៨ថ្ងៃ គឺគិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យមានចំនួន ៣៦២៧៤គ្រឿង ក្នុងនោះម៉ូតូចំនួន ២៦៨១៧គ្រឿង និងរថយន្តចំនួន ៩៤៥៧គ្រឿង៕ រក្សាសិទ្ធិដោយ : ចេស្តារ