បាត់ដំបង ៖ កសិករដាំស្រូវ បានបង្ហាញនូវការភ្ញាក់ផ្អើលនិងសប្បាយរីករាយ ព្រោះតម្លៃស្រូវបង្កើនរដូវប្រភេទអូអឹមនៅឆ្នាំនេះ បានហក់ឡើងដល់ជាង១លានរៀលខ្ពស់ជាងបណ្ដាឆ្នាំកន្លងទៅ រួមទាំងទិន្នផលក៏ទទួលបានច្រើន បន្ទាប់ពីទូទាត់លើការចំណាយសល់ប្រាក់ចំណេញបានគួរសមនៅខេត្តបាត់ដំបង។
ពលរដ្ឋរស់នៅភូមិអង្គ្រងឃុំជ្រៃស្រុកមោងឫស្សី បានប្រាប់ឲ្យដឹងថាតំបន់ពួកគាត់មិនសូវអំណោយផល ក្នុងការធ្វើស្រូវបង្កើនរដូវខ្លាំងណាស់ណានោះទេ ព្រោះនៅឆ្ងាយពីប្រភពទឹក។ ចំណែកស្ទឹងក៏គោករាក់លឿនមិនមានទឹកដក់យូរខែ តែងជួបបញ្ហាគ្រោះរាំងស្ងួតកាលពីចុងឆ្នាំ២០២០ ក៏រងគ្រោះដោយទឹកជំនន់លិចលង់ស្រូវអស់ជាច្រើនហិកតា។ សម្រាប់ទិន្នផលស្រូវប្រមូលបាន គឺពេលលក់ទៅជារៀងរាល់ឆ្នាំមានចុះមានឡើង។ ពេលខ្លះតម្លៃធ្លាក់ស្ទើរតែមិនអាចទទួលយកបាន ប៉ុន្តែដោយឡែកនៅឆ្នាំ២០២១នេះ ស្រូវប្រភេទអូអឹម ដែលពួកគាត់កំពុងប្រមូលផលនេះ បានហក់ឡើងខ្ពស់មិនធ្លាប់មាន ដែលកាលពីដើមឆ្នាំនេះ ក្នុងមួយតោនតម្លៃឡើងដល់ជាង ១លានរៀល ខណៈរាល់ឆ្នាំបានត្រឹម ៧០ទៅ៨០ម៉ឺនរៀលប៉ុណ្ណោះ។ ទិន្នផលស្រូវឆ្នាំនេះក៏បានច្រើន បើពេញទឹកមួយហិកតា មានចាប់ពីជាង ៦ទៅ៧តោន។
ប្រជាកសិករ បានសំណូមពរបន្ថែមថាសូមអាជ្ញាធរខេត្តជួយអន្តរាគមន៍ ឲ្យមានការទិញយកស្រូវដែលស្ទើរទឹក ខណៈឈ្មួញមិនប្រមូលទិញ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ដោយជួយជំរុញឲ្យទិញក្នុងតម្លៃណាមួយ ដើម្បីឲ្យពួកគាត់អាចយកប្រាក់មកទូទាត់នឹងការចំណាយលើការផលិត។
គួរបញ្ជាក់ផងដែរថា នៅក្នុងខេត្តបាត់ដំបងនិងនៅដើមឆ្នាំនេះ ក្រៅពីស្រូវប្រភេទអូអឹម មានស្រូវបង្កើនរដូវប្រភេទផ្សេងៗទៀត ដូចជា សែនក្រអូបនិងអ៊ីអ៊ាជាដើម ក៏តម្លៃហក់ឡើងខ្ពស់ផងដែរ។ សម្រាប់នៅតំបន់ជាប់ស្ទឹងមោង ឬស្ទឹងដូនទ្រី ពិសេសភូមិនៅបែកខាងក្រោមស្ទឹងមិនមានស្ថិតក្នុងផែនការធ្វើស្រូវស្ដារឡើងវិញ បន្ទាប់ពីទឹកជំនន់ដ៏ធំនៅចុងឆ្នាំ២០២០នោះទេ ប៉ុន្តែមានពលរដ្ឋមួយចំនួនដែលមានស្រែជាប់ស្ទឹងឬប្រឡាយបាននាំគ្នាធ្វើស្រែ ហើយក៏ខ្វះទឹកស្រោចស្រពផងដែរ។ បញ្ហានេះមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននាំទឹកពីទំនប់បាសាក់ស្ថិតក្នុងស្រុករុក្ខគិរី មកជួយអន្តរាគមន៍បានមួយចំនួន ទៅតាមលទ្ធភាព ព្រោះស្ថានភាពទឹកក្នុងអាងនេះមានតិចនិងត្រូវបែងចែកទៅតំបន់ផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ