ខេត្តតាកែវ ៖ ជនសង្ស័យពាក់ព័ន្ធការជួញដូរគ្រឿងញៀនខុសច្បាប់ ២នាក់ ត្រូវបានកម្លាំងជំនាញស្នងការនគរបាលខេត្តតាកែវ បញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១ ដោយកម្លាំងជំនាញនៃអធិការនគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងប្រជាការពារ នៅវាលស្រែខាងកើតភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
ជនសង្ស័យមានឈ្មោះ៖ ១ ឈ្មោះ មាស ដារ៉ា ហៅថារ៉ា ភេទប្រុសអាយុ២៨ឆ្នាំ រស់ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ (មុខរបរមិនពិតប្រាកដ)។ ២. ឈ្មោះចាន់ ពៅ ភេទប្រុសអាយុ២៤ឆ្នាំ ស្រុកកំណើតនៅខេត្តកំពត(ត្រូវជាប្អូនថ្លៃឈ្មោះ មាស ដារ៉ា ) នៅភូមិខាងលើ (មុខរបរមិនពិតប្រាកដ)។ លោកអធិការស្រុក បានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ មាស ដារ៉ា គេបានបោះម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៨កញ្ចប់ ទៅក្នុងស្រូវ ហើយពួកគេទាំង២នាក់ បានរត់ទៅកាន់វាលស្រែ ដោយដៃកាន់កណ្តៀវ និងដំបងជាប់នៅនឹងដៃ ព្យាយាមរត់គេចពីសមត្ថកិច្ច កាត់វាលស្រែប្រហែលជាង៤០០ម៉ែត្រ ទើបកម្លាំងស្ទាក់ជាប់ និងឃាត់ខ្លួនបានទាំង០២នាក់តែម្តង។
ក្នុងនោះ ដកហូតបាន ម៉ូតូចំនួន០១គ្រឿងម៉ាកClike ពណ៌សពាក់ផ្លាកលេខតាកែវ 1Q 4009 និងទូរស័ព្ទ០១គ្រឿង៕ រក្សាសិទ្ធិដោយ៖ តាកែវ