ភ្នំពេញ ៖ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្នុងលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ របស់ក្រសួងមហាផ្ទៃ ដែលត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនេះ ស្ថិតក្រោមការដឹកនាំផ្ទាល់របស់សម្ដេចតែម្ដង។
លេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួងមហាផ្ទៃ នេះ ត្រូវបានតែងតាំង លោកបណ្ឌិត ស៊ាង ប៊ុនឈាង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធានក្រុមលេខាធិការដ្ឋាន និងមានអនុប្រធាន , សមាជិក និងក្រុមជំនួយការនៃលេខាធិការដ្ឋាននេះ ចំនួន ២១នាក់ទៀត។
ភារកិច្ចសំខាន់ៗរួមមាន៖
១- កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពត្រៀមរៀបចំ ត្រៀមបង្ការ និងសកម្មភាពឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្ដរាយទាំងដំណាក់កាលមុនពេលកើត និងក្នុងពេលកើត។
២- ចូលរួមសហការជាមួយបណ្ដាលកងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ធ្វើប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរងគ្រោះ រក្សាសន្ដិភាព សណ្ដាប់ធ្នាប់សង្គមពេលមានសំណូមពរ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
៣- សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន ក្នុងការដាក់ចេញអនុវត្តនូវវិធានការចាំបាច់បន្ទាន់ ក្នុងការរុករក និងសង្គ្រោះ ចំពោះគ្រោះមហន្ដរាយ ដែលបាននិងកំពុងកើតឡើង។
៤- កសាងផែនការត្រៀមបម្រុងទុកជាមុន អំពីផ្នែកហិរញ្ញវត្ថុ មធ្យោបាយ និងសម្ភារចាំបាច់ ដើម្បីឆ្លើយតបដោះស្រាយទាន់ពេលវេលា ចំពោះប្រតិ្តបត្តិការរុករក និងសង្គ្រោះរបស់កងកម្លាំង។
៥- អនុវត្តភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ឬរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ៕ រក្សាសិទ្ធិដោយ ពិសិដ្ឋ CEN