បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធ បានរៀបចំទីតាំងថ្មី សម្រាប់សិស្សានុសិស្សនៅសាលារៀនចំនួន៥ ក្នុងស្រុកជាប់ព្រំដែនថៃ ខណៈដែលកំពុងយកសាលាធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ។ សិស្សទាំងអស់នោះ បានចូលរៀនវិញហើយ ទៅតាមកម្មវិធីសិក្សាដែលក្រសួងអប់រំ យុវជននិងកីឡា បានណែនាំ។
លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ថា សម្រាប់សាលារៀនទាំង៥កន្លែង ដែលកំពុងយកធ្វើជាមណ្ឌលចត្តាឡីស័ក មាននៅស្រុកកំរៀងចំនួន៣កន្លែង ស្រុកភ្នំព្រឹក ១កន្លែងនិងស្រុកសំពៅលូន ១កន្លែង។ទោះបីជាយ៉ាងនេះក្ដី រដ្ឋបាលខេត្តបាត់ដំបង មន្ទីរអប់រំនិងអាជ្ញាធរស្រុក បានរៀបចំឲ្យសិស្ស ដែលត្រូវយកសាលាធ្វើជាមណ្ឌលចត្តាឡីស័ក រៀននៅទីតាំងផ្សេងៗ មានដូចជានៅវត្តអារាម តាមសាលាឯកជន នៅតាមផ្ទះគ្រូបង្រៀន និងទីតាំងស្នាក់ការបក្ស។ពេលនេះ ពួកគេ(សិស្ស)បានចូលរៀនវិញអស់ហើយ និងមានការគាំទ្របន្ថែមទៅលើសៀវភៅសិក្សាគោល ទូរទស្សន៍រៀនតាមអនឡាញជាដើម។
លោក យី សុងគី បានបន្ថែមថា បើកំណើនរបស់ពលករ ត្រឡប់មកពីប្រទេសថៃ កាន់តែច្រើន អាជ្ញាធរអាចនឹងយកកន្លែងអន្តេវាសិកដ្ឋានរបស់គ្រូបង្រៀននិងសិស្សស្ថិតក្នុងវិទ្យាល័យកំរៀង ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករខ្មែរ ហើយគ្រូបង្រៀននិងសិស្សដែលសម្រាក់ស្នាក់នៅទីនោះ អាចជួលកន្លែងណាមួយឲ្យពួកគាត់រស់នៅបណ្ដោះអាសន្នវិញ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងពេលចុះពិនិត្យទីតាំងការសិក្សារបស់សិស្ស នៅស្រុកជាប់ព្រំដែនកាលពីថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២១ បានមានប្រសាសន៍ ជំរុញដល់អាជ្ញាធរស្រុក សហការជាមួយមន្ទីរពាក់ព័ន្ធ ក្នុងការរៀបចំទីតាំងនេះឲ្យកាន់តែមានលក្ខណៈសមរម្យ ក៏ដូចជាត្រៀមជានិច្ចនូវការពិនិត្យសុខភាព ខ្លាចមានសិស្សណាមួយមានអាការៈមិនស្រួលខ្លួន ព្រោះទីតាំងថ្មីខ្លះ ហាក់មានអាកាសធាតុក្ដៅ។ សូមការយោគយល់ពីមាតាបិតា អាណាព្យាបាលសិស្ស ចំពោះឲ្យកូនចៅរបស់ពួកគាត់រៀននៅទីតាំង ដែលអាជ្ញាធរបានរៀបចំនេះ ព្រោះការធ្វើបែបនេះ ក្នុងគោលបំណងទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃឆ្លងរីករាលដាលក្នុងសហគមន៍នៅខេត្តសាមុទសាខ ប្រទេសថៃ មានពលករខ្មែរ ឆ្លងដែនតាមច្រកជាប់ខេត្តបាត់ដំបងមានជាង៥០០០នាក់ និងបានបញ្ចប់ការធ្វើចត្តាឡីស័ក អនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញមានជាង៣០០០នាក់៕ រក្សាសិទ្ធិដោយ : អ៊ុងសារុំ