ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាកូនប្រុសច្បងសម្តេចតតេជោ ហ៊ុន សែន ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មុនគេ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ រួចគឺអារម្មណ៍របស់យើងមានការទុកចិត្តកាន់តែខ្លាំងដោយនៅក្នុងខ្លួនរបស់យើងមានប្រព័ន្ធការពារមួយអាចជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ហើយសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមខ្លួនចូលរួមទទួលវ៉ាក់សាំងការពារជំងឺកូវីដ19 កូវីដ 19 គឺចេញពីខ្លួនយើងទាំងអស់គ្នា យើងម្នាក់ម្នាក់ចូលរួមការពារបានគឺយើងការពារការរីករាលដាល។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ថ្ងៃនេះ មិនថាមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជា មានកាតព្វកិច្ចក្នុងការចូលរូមទប់ស្កាត់ជំងឺកូវីដ១៩ និងអនុវត្តវិធានសុខាភិបាល ត្រៀមលក្ខណៈចាក់វ៉ាក់សាំង គឺការពារខ្លួនយើង និងអ្នកជុំវិញខ្លួនយើងថែមទៀត។ ហើយសំខាន់បំផុតការពារអាយុជីវិតរបស់យើង និងការពារនៅការរីករាលដាល នេះគឺជាមោទនភាពធំណាស់របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោកបានបញ្ជាក់ថា ការចាក់ថ្នាំនេះ គឺជាជំហានពីរ ជំហានទី១ គឺការទប់ស្កាត់ ហើយជាមោទនភាពដែលនៅកម្ពុជាការរីករាលដាលកន្លងមកនេះ មិនដល់ ៥០០ករណីផង និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នេះគឺជាមោទនភាពសម្រាប់កម្ពុជា និងជំហានទី២ គឺការបង្ការ ហើយការចាក់វ៉ាក់សាំងនេះ ដើម្បីទប់ស្កាត់ហានិភ័យនៃការឆ្លងក្នុងសង្គមជាតិរបស់យើង ហើយសង្ឃឹមថា កម្ពុជានឹងអាចវិលត្រឡប់ទៅភាពប្រក្រតីឡើងវិញ។
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទសារព័ត៌មាននៃពិធីប្រគល់ ទទួលអំណោយ ដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-Cov-2 (Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិត ចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ ១៩ ជូន ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្តចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀ និង មន្ទីរពេទ្យកុមារជាតិ ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ