Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ៖ ក្រសួងមហាផ្ទៃ​កំពុង​សិក្សា និង​ដោះស្រាយ​បញ្ហា​តាមរយៈ​យន្តការ ពាក់ព័ន្ធ​ទៅនឹង​ការ​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​

​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ពុធ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោកស្រី Dena Fisher ប្រធាន​បេសកកម្ម​ថ្មី នៃ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម (International Committee of the Red Cross) ICRC ព្រមទាំង​សហការី ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​សម្តែង​ការស្វាគមន៍​ចំពោះ​វត្តមាន​លោកស្រី Dena Fisher ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​កន្លងមក​ក្នុងការ​លើកកម្ពស់​លើ​ការងារ​ពន្ធនាគារ​នៅ​កម្ពុជា ជាមួយគ្នានេះ សម្តេច​ក្រឡាហោម សង្ឃឹមថា​លោកស្រី នឹង​បន្ត​បេសកកម្ម​នេះ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។​

​ក្នុងឱកាស​នេះដែរ លោកស្រី Dena Fisher បានបង្ហាញ​នូវ​ក្តី​រីករាយ និង​ក​ត្តិ​យស​សម្រាប់​ការចាត់តាំង​ជា​ប្រធាន​បេសកកម្ម​ថ្មី នៃ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​នៅ​កម្ពុជា ដែល​កាលពីពេល​កន្លងមក លោកស្រី​ធ្លាប់បាន បំពេញការងារ​នៅ​ប្រទេស​ភូមា ប្រទេស​ថៃ និង​ប្រទេស​ដទៃទៀត​។​

​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ឱ្យដឹងថា ពាក់ព័ន្ធ​ទៅនឹង​ការ​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​នេះដែរ ក្រសួងមហាផ្ទៃ ក៏បាន​សិក្សា និង​ដោះស្រាយ​បញ្ហា​ទាំងនេះ​តាមរយៈ​យន្តការ​ដូចជា​៖
​ទី​១- ក្រសួងយុត្តិធម៌ បាន​បង្កើត​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កក់ស្ទះ​សំណុំរឿង និង​ព​ន្លឿ​ន​ការ​កាត់សេចក្តី​
​ទី​២-​ការដោះស្រាយ​វិវាទ​ក្រៅ​តុលាការ ដែលមាន​ក្នុង​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុ​វត្តិភាព​
​ទី​៣-​ការអនុវត្ត​ទោស​តាម​សហគមន៍​
​ទី​៤-​ការសិក្សា​ទៅលើ​ការពង្រីក​ពន្ធនាគារ​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ សម្តេច​ក្រឡាហោម ស ខេង បានស្នើ​ឱ្យ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ធ្វើការ​ចែករំលែក​នូវ​បទពិសោធន៍​នានា​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ពន្ធនាគារ ពី​បណ្តា​ប្រទេស​ដែល​ទទួលបាន​ជោគជ័យ និង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បានល្អ​ប្រសើរ និង​ស្នើ​ឱ្យមាន​ការជួយ​ដល់​មន្ត្រី​ពន្ធនាគារ ព្រមទាំង​ផ្តល់នូវ​ទស្សនៈទាន​ក្នុងការ​អប់រំ​កែប្រែ​ដល់​អ្នក​ជាប់ឃុំ​ដើម្បី​អាចឱ្យ​ពួកគេ​ធ្វើ​សមាហរណកម្ម ទៅក្នុង​សហគមន៍​បាន​នៅពេល​គេ​រួច​ទោស​។​

​ក្រៅពីនេះ សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​បាន​លុបបំបាត់​ការធ្វើ​ទារុណកម្ម​ទៅលើ​ជន​ជាប់ឃុំ ការខិតខំ​ប្រឹងប្រែង​លុបបំបាត់​ការធ្វើ​ទារុណ​កម្មនេះ តាមរយៈ​ការបង្កើត​នូវ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ការធ្វើ​ទារុណកម្ម ដើម្បី​ឆ្លើយតប​នូវ​បទ​ប​ញ្ញ​តិ​របស់​អង្គការសហប្រជាជាតិ ដែល​គណៈកម្មាធិការ​នេះ​ទទួល​ពាក្យបណ្តឹង​ផង និង​ធ្វើ​ការចុះពិនិត្យ​ជាប្រចាំ​នៅតាម​ពន្ធនាគារ​ផង ។​

​ចំពោះ​ការស្នើ​របស់​សម្តេច​ក្រឡា​ហោម ស ខេង លោកស្រី Dena Fisher បាន​ថែ្ល​ង​អំណរគុណ​នឹង​បង្ហាញ​នូវ​សេចក្តី​ចាប់អារម្មណ៍​ជាខ្លាំង​នូវ​វឌ្ឍនភាព​នៃ​ការលើកកម្ពស់​វិស័យ​ពន្ធនាគារ​នៅ​កម្ពុជា លោកស្រី​បាន​បន្ថែមថា កាលពីពេល​ថ្មីៗ​នេះ ពាក់ព័ន្ធ​នឹង​វិស័យ​ពន្ធនាគារ ក្នុងនាម​លោកស្រី​ជា​ប្រធាន​ក្រុមការងារ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម លោកស្រី​បានធ្វើ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​មួយ ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល ក្នុងការ​លើកកម្ពស់​សុ​ខ​មាល​ភាព​អ្នក​ជាប់ឃុំ ហើយ​លោកស្រី​សង្ឃឹមថា ការងារ​នេះ​នឹង​អាចធ្វើ​ការទប់ស្កាត់​ការ​រាតត្បាត​នានា ជាពិសេស ជំងឺ​កូ​វីដ​១៩ និង​ការលើកកម្ពស់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត និង​បញ្ហា​ផ្សេងៗ​ដែល​ប្រឈម​ក្នុង​ពន្ធនាគារ​។​

​ជា​ចុងបញ្ចប់ លោកស្រី បាន​ស្នើសុំ​សម្តេច​ក្រឡាហោម ស ខេង ចាត់​ជន​បង្គោល​ដើម្បី​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ក្នុង​ការងារ​លើកកម្ពស់​ស្ថានភាព​នៅ​ពន្ធនាគារ ជាការ​ឆ្លើយតប​ទៅនឹង​សំណើ​នេះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​ចាត់​ឱ្យ​ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ធ្វើការ​ផ្ទាល់​ជាមួយ​អ្នកជំនាញ​របស់​ចលនា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×