បាត់ដំបង ៖ ក្រុមអាជីវករដែលបើកសេវាកម្មទេសចរណ៍ មានភោជនីយដ្ឋាន អាហារដ្ឋានជាដើមនៅក្នុងខេត្តបាត់ដំបង បានបង្ហាញនូវការរំពឹងទុកក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិននិងវៀតណាម នៅឆ្នាំ២០២១នេះ នឹងមានភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋាននានាបានច្រើន ខណៈរាជរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ១៩បាន មិនមានឆ្លងក្នុងសហគមន៍សារជាថ្មីនោះ។
អ្នកស្រី ប៉ែន សុគន្ធា ម្ចាស់ភោជនីយដ្ឋានឈ្មោះ អារ៉ូម៉ា ស្ថិតនៅសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បាននិយាយប្រាប់ថាការរំពឹងនូវកំណើនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដោយសារកម្ពុជាទទួលបានការចាក់វ៉ាក់សាំងការពារឆ្លងជំងឺកូវីដ១៩ ជាបណ្ដើរ ហើយភ្ញៀវទេសចណ៍នឹងមកដើរលេងកម្សាន្តច្រើន មិនមានការព្រួយបារម្ភខ្លាំងដូចឆ្នាំមុនៗ ខណៈទីតាំងបម្រើសេវាកម្មទេស
ចរណ៍នៅក្នុងបាត់ដំបងបើកឡើងវិញជាបន្តបន្ទាប់។ ទន្ទឹមនឹងក្ដីរំពឹងនេះ អ្នកស្រីបានបើកអាហារដ្ឋាន សម្រាប់បម្រើសេវាកម្មម្ហូបអា
ហារជូនភ្ញៀវជាតិនិងអន្តរជាតិ ប៉ុន្តែក៏មិនភ្លេចផងដែរនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញថាឆ្នាំ២០២០ មានភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តបាត់ដំបងមានចំនួន ៥០៤ ៧៥៩នាក់ បើធៀបនឹងឆ្នាំ២០១៩ ថយចុះជិត២៦ភាគរយ។នៅឆ្នាំ២០២០ វិស័យទេសចរណ៍បានផ្តល់នូវចំណូលសេដ្ឋកិច្ចក្នុងខេត្តបានជាង ២៧ លានដុល្លារ។បច្ចុប្បន្នខេត្តបាត់ដំបង មានសណ្ឋាគារ ៤៦កន្លែង, ផ្ទះភ្ញៀវ ៧៧កន្លែង, ផ្ទះស្នាក់ ៣កន្លែង, ភោជនីយដ្ឋាន-អាហារដ្ឋាន១១៩កន្លែង, ម៉ាស្សាសុខភាព ស្ប៉ាស្តង់ដា៤កន្លែង, កីឡាទេសចរណ៍៣កន្លែង, ភ្នាក់ងារទេសចរណ៍ ២កន្លែង, រមណីយដ្ឋាននិងគោលដៅទេសចរណ៍ ៥៣កន្លែងនិងមគ្គុទ្ទេសក៍ទេសចរណ៍ ៣០នាក់ ៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ