ភ្នំពេញ៖ ១០ កុម្ភៈ ២០២១ ក្រុមហ៊ុនសែលកាត នឹងមានរៀបចំកម្មវិធីចាក់បញ្ចាំងខ្សែភាពយន្តក្រោមពន្លឺផ្កាយដំបូងបំផុតរបស់ខ្លួនសម្រាប់ឆ្នាំ ២០២១ នាថ្ងៃសុក្រនេះ ដើម្បីអបអរសាទរទិវានៃក្តីស្រឡាញ់។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយអតិថិជនអាចអញ្ជើញចូលរួមជាលក្ខណៈគ្រួសារ ជាមួយមិត្តភក្តិ និងដៃគូជិតស្និទ្ធ ដើម្បីទស្សនាខ្សែភាពយន្តពីក្នុងរថយន្ត ឬនៅលើម៉ូតូរបស់ពួកគេ។
ការទស្សនាខ្សែភាពយន្តពីក្នុងរថយន្តនៅទីធ្លាខាងក្រៅដើម្បីរក្សាគម្លាតសង្គម បានក្លាយជាសកម្មភាពដ៏ទាក់ទាញនិងពេញនិយមបំផុតមួយនៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយក្នុងនោះមានជាទីក្រុងជាច្រើន រួមមានឌូបៃ ប៉ារីស ក្រុងឡុងដ៍ និងឡូសអាន់ជឺឡេសជាដើម បានរៀបចំដំឡើងនូវអេក្រង់ខ្នាតយក្សទៅទីធ្លាខាងក្រៅ ដើម្បីចាក់បញ្ចាំងខ្សែភាពយន្តជូនដល់ពលរដ្ឋដែលនិយមចូលចិត្ត ឱ្យបានទស្សនា។
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា កម្មវិធីបញ្ចាំងភាពយន្តក្រោមពន្លឺផ្កាយនេះ មានគោលបំណងដើម្បីនាំយកនូវភាពសប្បាយរីករាយ ក៏ដូចជាការកម្សាន្ត ជូនដល់អតិថិជនដែលខកខានមិនបានអញ្ជើញទៅទស្សនាកាលពីឆ្នាំកន្លងទៅ ដោយសារតែការផ្អាកដំណើររោងភាពយន្ត និងការរឹតបន្តឹងចំពោះកម្មវិធីសម្តែងផ្ទាល់។
“នេះជាមធ្យោបាយដ៏ល្អបំផុតមួយ ដែលយើងអាចអនុវត្តទៅបាន ក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ ពួកយើងក៏អាចប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗផងដែរ”។
“កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានរៀបចំឡើងដោយមានអមមកជាមួយនូវកម្មវិធីកម្សាន្តសប្បាយៗពេញមួយរាត្រី ពោលចាប់ផ្តើមដំបូង លោកអ្នកនឹងបានទស្សនាការសម្តែងសិល្បៈសៀកដ៏អស្ចារ្យរបស់ Phare Cambodian Circus ហើយបន្ទាប់មក ក៏នឹងមានឱកាសបានជួបជាមួយ idol សែលកាតជាច្រើនរូបទៀតដូចជា ប៊ុនឡេង រៀនថត ស្រីណា និងហេង វិសាលជាដើមផងដែរ។
ខ្សែភាពយន្តថៃរឿង Happy Single’s Day នឹងចាក់បញ្ចាំងចាប់ពីម៉ោង 6:30 ល្ងាចតទៅ នៅទីធ្លាខាងក្រៅ លើកញ្ចក់អេក្រង់ខ្នាតយក្សទំហំ 12 ម៉ែត្រ គុណ 7 ម៉ែត្រ ដោយក្នុងនោះ លោកអ្នកថែមទាំងអាចរីករាយជាមួយអាហារសម្រន់ និងភេសជ្ជដ៏ឆ្ងាញ់ពិសារ ដែលបម្រើជូនដោយបុគ្គលិករបស់សណ្ឋាគារសូហ្វីតែលទៀតផង។
កម្មវិធីទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយនេះ ត្រូវបានអនុញ្ញាតឱ្យចូលរួមដោយសេរីសម្រាប់អតិថិជនសែលកាតទាំងអស់ ដោយក្នុងនោះ លោកអ្នកគ្រាន់តែបញ្ចូលទឹកប្រាក់ទូរស័ព្ទ 5 ដុល្លារ នៅពេលអញ្ជើញមកដល់ ជាការស្រេច។
ក្រុមហ៊ុនសែលកាត នឹងមានដំឡើងស្តង់នៅក្បែរច្រកចូល ដើម្បីជួយសម្រួលដល់ការបញ្ចូលទឹកប្រាក់ ក៏ដូចជាផ្តល់ជូនស៊ីមកាតថ្មីដល់អ្នកដែលមិនទាន់បានក្លាយជាសមាជិកសែលកាត ដែលមានបំណងចង់ចូលរួមផងដែរ។
ដោយសារកន្លែងចូលរួមមានកំណត់ ដូច្នេះអ្នកដែលមានចំណាប់អារម្មណ៍ចង់ទស្សនាខ្សែភាពយន្តក្រោមពន្លឺផ្កាយទាំងអស់ គួរអញ្ជើញមកឱ្យបានមុនម៉ោង 5:30 ល្ងាច។
ក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសចូលរួមគាំទ្រដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងកំឡុងនៃវិបត្តិជម្ងឺរាតត្បាតនេះ ហើយពួកយើងក៏សូមចូលរួមរំលឹកអ្នកទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមគោលការណ៍សុខភាពរបស់រដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនផងដែរ៕
រក្សាសិទ្ធិដោយ៖CEN