ភ្នំពេញ ៖ វេលាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅអាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបានជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅកម្ពុជា ពាក់ព័ន្ធវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលរុស្ស៊ី ដែលបានជួយដល់កម្ពុជាក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ព្រមទាំងបានជួយកសាងធនធានមនុស្សនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជម្រាបប្រាប់ដល់ ឯកអគ្គរដ្ឋទូតរុស្ស៊ីថា កម្ពុជា-រុស្ស៊ីមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាប្រវត្តិសាស្ត្ររយៈពេល ៦៥ឆ្នាំមកហើយ។
ក្នុងជំនួបនេះឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងអំពីសមិទ្ធផលសម្រេចបាន និងផែនការបន្តសម្រាប់វិស័យសកម្មភាពមីនកម្ពុជា ដែលក្នុងនោះ ខ្ញុំបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចង់ឃើញណាស់ប្រជាពលរដ្ឋខ្មែរទាំងអស់ទទួលបានសេចក្ដីសុខ សុខដុម និងសុវត្ថិភាពដូចគ្នានិងគ្រប់ទីកន្លែង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម Anatoly Borovik បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះចំណាត់ការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានធ្វើអោយគាត់ និងសហការីអាចធ្វើដំណើរគ្រប់ទីកន្លែងទូទាំងប្រទេស ដោយមិនភ័យខ្លាចឆ្លងជំងឺកូវីដ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីឆន្ទៈ និងគោលបំណងរបស់ប្រទេសរុស្សី ក្នុងការចូលរួមជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជា ហើយ ឯកអគ្គរដ្ឋទូត នឹងរាយការណ៍ទៅគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រុស្សី ឲ្យជួយដល់ការងារបោសសម្អាតមីននេះផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ