ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានផ្ញើជូនលោក ហេង ឡុង ។
លោកពេជ្រ ស្រស់ បានបញ្ជាក់ថា ការលើករបស់លោក ហេង ឡុង គឺជាការបន្ថែមសាំងលើអណ្តាតភ្លើង កំពុងតែឆេះសន្ធោសន្ធៅ ពីព្រោះថា ៖ ការលើករបស់លោក ហេង ឡុង មានចរិតបើកទ្វារទ្រុងឲ្យពួកបាតសង្គម រួចផុតពីការទទួលខុសត្រូវផ្លូវច្បាប់។
លោកពេជ្រ ស្រស់ សូមគូសបញ្ជាក់ជូនលោក ហេង ឡុង ថា៖ ក្រសួងវប្បធម៌ជាសេនាធិការរដ្ឋាភិបាល ដើម្បីការពារវប្បធម៌ខ្មែរ និង សិល្បៈខ្មែរ ព្រមទាំងមរតកអក្សរសិល្ប៍ខ្មែរទៀតផង ហើយក្រសួងវប្បធម៌ជាដើមបណ្តឹង លើជនទាំងឡាយណាធ្វើសកម្មភាពបំផ្លាញ វប្បធម៌ សិល្បៈ អក្សរសិល្ប៍ខ្មែរដោយមិនអាចដើរតួរំលោភច្បាប់ទេ។
ចំពោះករណីចំប៉ីខ្មៅ លោក ហេង ឡុង និយាយត្រូវយកត្រង់បទល្មើសផ្សេងគ្នា ប៉ុន្តែច្បាប់ក៏ដាក់ទោសខុសគ្នាដែរ បើបទល្មើសដូចគ្នា គឺវាមានតែចំប៉ីខ្មៅបានធ្វើសកម្មភាពជាមួយក្រុមក្មេងស្រីប្រុសទាំងនោះ ទើបចាត់ទុកជាបទល្មើសតែមួយ។ ហេតុអ្វីមិនយកក្រុមក្មេង ស្រី ប្រុស ទៅអនុវត្តច្បាប់នៅតុលាការ ឲ្យដូចករណីចំប៉ីខ្មៅដែរទៅ ? ព្រោះច្បាប់មានចែងកំណត់ទោសរួចដែរ ហើយពីសកម្មភាពក្រុមក្មេងទាំងនោះគឺវាមិនអាចច្រឡំជាមួយករណីចំប៉ីខ្មៅទេ ដូច្នេះត្រូវយកទៅអនុវត្តច្បាប់នៅតុលាការទៅដើម្បីតម្លាភាព។ ពេជ្រ ស្រស់ 11/02/2021 ។
លោកបន្តថា អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដទៃផ្សេងទៀតគឺVideoបន្ទាបបន្ថោកបានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹងពីវប្បធម៌ខ្មែរយើង និងសាសនាព្រះពុទ្ធក៏បានមើលងាយលើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរនិងសាសនាព្រះពុទ្ធបានវិញដែរទេ? ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោសច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពីរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់។ 10/02/2021។
ចំណែកលោកហេង ឡុង បានសរសេរសារលើផេកហ្វេសប៊ុកនៅថ្ងៃ១០ ខែកុម្ភៈឆ្នាំ២០២១ថា សូមជូនពរបងប្អូនដែលមានជាប់សែស្រឡាយចិននៅថ្ងៃចូលឆ្នាំចិននេះ។ ឆ្លៀតឱកាសនេះ ខ្ញុំបាទសូមធ្វើការបកស្រាយអំពីព្រឹត្តិការណ៍រឿងទុំទាវកាឡៃ ដែលសម្តែងដោយក្រុមអ្នកលក់ឡេមួយក្រុម។
លោក បានលើកឡើងថា កាលពីថ្ងៃទី៩ បន្ទាប់ពីខ្ញុំបានផុសរូបនារីម្នាក់ដែលត្រូវបានស្នងការរាជធានីភ្នំពេញ កោះហៅទៅណែនាំធ្វើកិច្ចសន្យាបញ្ឈប់ការឡាយលក់ថ្នាំពង្រីកសុដន់ដែលមានលក្ខណៈស៊ិចស៊ីជ្រុល Facebook របស់ខ្ញុំត្រូវបានក្រុមហ៊ុនបិទ24ម៉ោង ធ្វើឲ្យខ្ញុំបាទ មិនបានបកស្រាយជម្រាបជូនបងប្អូនអំពីលទ្ធផលនៃកិច្ចប្រជុំ អប់រំរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ មានមតិរិះគន់ជាច្រើនចំពោះចំណាត់ការ របស់ក្រសួង យើងខ្ញុំទទួលស្គាល់ថានេះជាចំណាត់ការជំហាន ដំបូងលក្ខណៈអប់រំ និងពិន័យ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ប្រកបដោយព្រហ្មវិហារធម៌របស់លោកជំទាវរដ្ឋមន្ត្រី ភ្លើង សកុណា ក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ដែលជាសេនាធិការ របស់ក្រសួងក៏បានសម្រេចជាឯកច្ឆន្ទក្នុងការពិន័យ៨ចំណុច (សូមមើលលំអិតនៅក្នុងកិច្ចសន្យាដែលបានភ្ជាប់ជាមួយ) លើក្រុមយុវជននេះ បន្ទាប់ពីក្រុមប្រឹក្សាពិន័យនិងលើកសរសើរ បានរកឃើញថា សកម្មភាពរបស់ពួកគាត់ធ្វើក្នុងគោលដៅផ្សព្វផ្សាយផលិតផលរបស់ពួកគាត់ ហើយក្រោយពីទទួលបានការ រិះគន់ពីសាធារណជន ពួកគាត់បានលុបចោលវិញផងដែរ។ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរបានបន្តរកឃើញថា ពួកគាត់ មិនមានចេតនាទុច្ចរិត ហើយទទួលស្គាល់កំហុសនិងយល់ព្រម ប្រគល់ផេកហ្វេសប៊ុកដែលមានឈ្មោះថា Hokima និងគណនី Tik Tok ដែលមានឈ្មោះថា Ah Gi Leader261 ជូនមក ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ ដើម្បីបិទចោលជាស្ថាពរ ដែលនេះជាការព្រមានមួយដ៏សមរម្យ ហើយជាចំណាត់ការថ្មី មិនធ្លាប់មានរបស់ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ។ មានមតិរិះគន់មួយចំនួនតូច ដែលមិនផ្អែកទៅលើច្បាប់ ដែលហ៊ានសន្និដ្ឋានថា នារីលក់ឡេទាំងពីរនាក់នេះ មានលុយ និងជាកូនផ្កាយបី ទើបក្រសួងមិនហ៊ានឃុំខ្លួន ខ្ញុំសូមបញ្ជាក់ថា ផ្អែកទៅលើអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ មិនបានផ្តល់នីតិសម្បទាដល់មន្ត្រី របស់ក្រសួងជានគរបាលយុត្តិធម៌ក្នុងការបង្ក្រាប ឬឃុំខ្លួន ឬ ដាក់ទោសទណាមួយចំពោះបទល្មើសបាននោះទេ។ ប៉ុន្តែ ករណីមិនរាងចាល ឬនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណី និងសាសនាទៀតនោះ ក្រសួងនឹងស្នើទៅនគរបាលយុត្តិធម៌ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន មួយវិញទៀត ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ គឺបង្កើតឡើងជាលក្ខណៈ អន្តរក្រសួង គ្មានស្ថិតនៅក្រោមឥទ្ធិពលបុគ្គលមានអំណាចណាម្នាក់ឡើយ។
លោក ហេង ឡុង ក៏សូមបញ្ជាក់ថា ករណីចំប៉ីខ្មៅ ចរិតបទល្មើសមានលក្ខណៈខុសគ្នា ហេតុដូចនេះចំណាត់ការក៏ខុសគ្នាដែរ គឺជាចំណាត់ការ របស់មន្ត្រីយុត្តិធម៌ មិនមែនក្រោមចំណាត់ការអប់រំណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ