Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បទ​យកការណ៍ ៖ តឹកតាង​របស់ លោក Valentine ​បង្ហាញ​ពី​ទំហំ​នៃ​ក្ដី​ស្រឡាញ់ រហូត​បន្សល់ទុក​នូវ ” ទិវា​នៃ​ក្ដី​ស្រឡាញ់ ” ជា​ក្ដី​ស្រឡាញ់​ប្រកបដោយ​សីលធម៌​

​ភ្នំពេញ ៖ ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ ឬ Valentine’s Day ត្រូវបាន​ប្រព្រឹត្តិ​ឡើង​នៅ ថ្ងៃទី​១៤ កុម្ភៈ ជា​រៀងរាល់ឆ្នាំ​បន្តបន្ទាប់ ដែលមាន​អត្ថន័យ​បញ្ជាក់​អំពី​សេចក្ដីស្រឡាញ់​ទូទៅ ធំ​ទូលាយ ដោយ​មិនចាំបាច់​សម្រាប់តែ​គូស្នេហ៍​នោះទេ ពោលគឺ មិត្តភាព មិត្តសម្លាញ់ ការ​រាប់អាន​គ្នា បងប្អូន​សាច់ញាតិ ក្រុមគ្រួសារ ឪពុក​-​ម្ដាយ ក៏​អាច​ផ្ដល់​សេចក្ដីស្រឡាញ់​ឲ្យ​គ្នា​ទៅវិញទៅមក​បានដែរ ក្នុងន័យ​ការ​រាប់រក​ប្រកបដោយ​គន្លង​ធម៌​។

​ចំណែកឯ​នៅតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នួន និង​នៅ​តំបន់​អឺរ៉ុប គេ​ហៅ ទិវា ១៤ កុម្ភៈ ឬ Valentine’s Day នេះ​ថា ” ទិវា​បុណ្យ​សង្សារ ” ឬ ” ថ្ងៃបុណ្យ​សង្សារ ” ហើយ​វា​បាន​ជះឥទ្ធិពល​មកដល់​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ថា ថ្ងៃបុណ្យ​នេះ​សម្រាប់តែ​គូស្នេហ៍ ជាពិសេស​ក្នុងចំណោម​យុវវ័យ​ក្មេងៗ តែង​បាន​ណាត់គ្នា​ដើរលេង​កម្សាន្ត​ក្នុងពេល​រាត្រី ញ៉ាំ​អាហារ ចូល​បារ​ក្លិប​រាំរែក ជូន​ផ្កា​កុលាប​ឱ្យ​គ្នា​ទៅវិញទៅមក និង​អ្នកខ្លះ យល់ច្រឡំ​រហូត​ថា ជា​ថ្ងៃ​ផ្ដល់​ក្តី​ស្រឡាញ់​ពេញ​បេះដូង​ជូនទៅ​សង្សារ និង​ឈានទៅដល់​ដំណាក់កាល​រួមរ័ក នៅថ្ងៃនេះ​ថែមទៀត​ផង​។

​ការបង្ហាញ​ក្ដី​ស្រឡាញ់ មាន ច្រើនបែប ច្រើន យ៉ាង ទៅតាម​លក្ខណៈ​នៃ​ដៃគូ​មិត្តភាព​របស់​យុវវ័យ​នីមួយៗ​។ ទោះជា​យ៉ាងណា ការបង្ហាញ​ក្ដី​ស្រឡាញ់ របស់​យុវវ័យ​ខ្លះ មិនមែន​ប្រើ​លុយ ឬ កាដូ​ថ្លៃៗ ទៅកាន់ មនុស្ស​ស្រី ឬ​ប្រុស របស់​ពួកគេ​នោះទេ​។

​ការជួបជុំ​ញ៉ាំ​អាហារ ជាមួយ​ដៃគូ​មិត្តភាព ឬ​សង្សារ​នោះ គឺជា​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ ដោយ​ពួកគេ​អាចមាន​ឱកាស​បង្ហាញ​ប្រាប់​គ្នា​នូវ​អាថ៌កំបាំង ដែល​ពួកគេ​ចង់​និយាយ នឹង​ស្ដែងចេញ​នូវ​ភាពស្និទ្ធស្នាល​ដ៏​គួរឱ្យ​រំភើប​បំផុត​។

​ការចូល​បារ ក្លិប​កម្សាន្ត​រាំរែក​ជាមួយ​ដៃគូ​ដែល​ពួកគេ​ស្រឡាញ់គ្នា គឺជា​សេចក្តី​សប្បាយ​គ្មាន​កោះ​ត្រើយ គ្មាន​គិតពី​អ្វី​ទាំងអស់ ដឹង​តែ​សប្បាយ ទោះជា​ឈានទៅដល់​ដំណាក់​កាលណា ក៏​ចេះតែ​បណ្ដោយ​ទៅតាម​ហ្នឹង​ទៅ​។

​ការជូន​ផ្កា​កុលាប គឺ​តំណាងឱ្យ​មនោសញ្ចេតនា ក្ដី​ស្រឡាញ់​ទន់ភ្លន់​របស់​មនុស្ស​ប្រុស​ទៅលើ​មនុស្ស​ស្រី ហើយក៏​ជា​ក្តី​ស្រមៃ​របស់​មនុស្ស​ស្រី​ដែល​ចង់បាន​បែបនេះ នៅក្នុង​ថ្ងៃ​ពិសេស​ណាមួយ​នេះ ប៉ុន្តែ​មិនចាំបាច់​ទាល់​តែមួយ​បាច់​ធំ​នោះទេ ត្រឹម​មួយទង ក៏មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់​ទៅហើយ​។​

​យុវវ័យ​ខ្លះ ជ្រើស​រើសយក​ថ្ងៃនេះ (១៤ កុម្ភ​:) សារភាព​ក្ដី​ស្នេហ៍ ឬ​ក្ដី​ស្រលាញ់ ប្រាប់​ទៅ​មិត្ត​របស់ខ្លួន​ដែល​រំពឹងថា ជា​គូជីវិត ដូចជា បង​ស្រឡាញ់​អូន ឬ អូន​ស្រឡាញ់​បង ! គឺជា​ពាក្យ​ដែល​យុវវ័យ​ពិបាក​និយាយ​បំផុត និង​កម្រ​បាន​ស្តាប់​ចេញពី​មាត់​គូស្នេហ៍​ផ្ទាល់​។

​ហ៊ឺ​… ហាក់ដូចជា ឆាប់​ពេក​ហើយ​សម្រាប់​យុវវ័យ​សតវត្ស​ទី​២១​នេះ ដោយ​ក្រុម​យុវវ័យ​និយម​ការសប្បាយ​ហៀរ​កែង​ខ្លះ ជ្រើស​រើសយក​ថ្ងៃនេះ ជា​ថ្ងៃ​ផ្ដល់​ការរួម​ភេទ​ឲ្យ​គ្នា​ទៅវិញទៅមក ប្រាសចាក​ប្រពៃណី វប្បធម៌ កិត្តិយស និង​តម្លៃ​នៃ​ជីវិត​គូ​ទៅវិញ​។

​ក្រឡេក​មក​យុវជន​ដែល​ស៊ីវីល័យ​វិញ ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឬ Valentine’s Day នេះ មិនត្រូវ​បាន​ពួកគេ​ចាត់ទុកថា ជាការ​ឡុង​ឡឺ​យ​ហួស​ក្រមសីលធម៌​នោះទេ ពោលគឺ ពួកគេ​បាន​ចាត់ទុកថា ជាការ​រំលឹក​នៃ​សេចក្តីស្រឡាញ់​មួយ ដូចជា​ការរាប់​រកគ្នា ស្ម័គ្រ​ស្មើ មិត្តភាព ស្នេហា​និង​ការគោរព​។

​ក្នុង​ក្រុមគ្រួសារ​ស៊ីវីល័យ​ភាគច្រើន​ទៀត បានជ្រើសរើស​យក​ថ្ងៃ ១៤ កុម្ភៈ ឬ Valentine’s Day នេះ បង្កើត​ប្រធានបទ ” ជា​ថ្ងៃ​ជួបជុំ បង្កើន​មិត្តភាព​” និង​ផ្ដល់​ក្ដី​ស្រឡាញ់ ការ​រាប់រក ការគោរព ដោយ​សីលធម៌ គន្លង​ធម៌ ព្រហ្ម​វិហារធម៌​។

​ក៏មាន​សេចក្តីណែនាំ​របស់​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ផងដែរ បាន​អំពាវនាវ​ដល់​មាតាបិតា​អាណាព្យាបាល សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​យុវជន សូម​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ពន្យល់​ណែនាំ​ក្រើនរំលឹក​ដល់​បងប្អូន កូនចៅ ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នេះ ឲ្យ​ស្របតាម​គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ ដើម្បី​កិត្តិយស និង​ភាពថ្លៃថ្នូរ​របស់ខ្លួន របស់​ក្រុមគ្រួសារ ពិសេស ដើម្បី​រួមចំណែក​លើកកម្ពស់​កិត្យានុភាព​ជាតិ ធ្វើយ៉ាងណា​កុំឱ្យ​ពួក​យុវជន យល់ច្រឡំ​ថា ទិវា​នៃ​ក្តី​ស្រឡាញ់ គឺជា​ទិវា​លះបង់​ខ្លួនប្រាណ​តាមបែប​ស្នេហា​ស្រៀវ​ស្រើប ស្រើប​ស្រា​ទៅវិញ​។​

​តាម​តំណាល​មក និទាន​ថា ទិវា នៃ​ក្តី​ស្រឡាញ់​នេះ កត់ត្រា​ថា នៅ ស​.​វ ទី​៣ នៃ គ​.​ស មាន​លោក Valentine គឺជា អាចារ្យ​ម្នាក់​នៃ ក្រុង​ទែ​រ​មី (​ប្រទេស​អ៊ីតាលី​)​។ គាត់​បាន​រៀប​ការឱ្យ​គូរ​ស្នេ​ហ័​មួយគូ ដែល​ច្បាប់​ក្នុងប្រទេស​មិនត្រូវ​បានអនុញ្ញាត ដោយសារតែ​ព្រះ​ចៅ​អធិរាជ ឬ​ស្ដេច ដាក់​បម្រាម ឱ្យ​យុវជន​ឱ្យធ្វើ​ទាហាន​។

​គ្រានោះ ព្រះ​ចៅ​អធិរាជ Claudius II បាន សម្រេច ថា បុរស​នៅ​លីវ​ទាំងអស់ អាច​ធ្វើជា​ទាហាន​បានល្អ​ជាង​បុរស ដែលមាន​ប្រពន្ធ និង​គ្រួសារ​, ដូច្នេះ​ព្រះ​ចៅ​អធិរាជ ក៏បាន​ដាក់​ពិធី​រៀបការ​ទាំងឡាយ​ឲ្យ​ស្ថិតនៅ​ក្រៅច្បាប់ សម្រាប់​យុវវ័យ​ទាំងអស់ ។​

​លោក Valentine ដែល​ដឹង​ពី​ភាពអយុត្តិធម៌ របស់​ក្រឹត្យច្បាប់​នេះ បាន​ជំទាស់​នឹង​ព្រះ​ចៅ Claudius ll និង​បន្ត​ធ្វើការ​រៀបការ​សម្រាប់ គូ​សេ្ន​ហ៍​ក្មេងៗ​ជាសម្ងាត់ ។ នៅពេល​សកម្មភាព​រប​ស់លោក Valentine ត្រូវបាន​គេ​ដឹងឮ ព្រះ​ចៅ​អធិរាជ Claudius ll ក៏បាន​បញ្ជា​ឲ្យ គេ​ដាក់គុក​គាត់​អស់​មួយជីវិត ។​

​រឿងរ៉ាវ​ផ្សេងទៀត បាន​លើកឡើងថា លោក Valentine អាច​ត្រូវបាន​គេ​សម្លាប់ ដោយសារតែ​ការប៉ុនប៉ង​ជួយ​គ្រិស្ត​សាសនិក រត់ គេច​ចេញពី​ពន្ធនាគារ​នៅក្នុង​យុគសម័យ​រ៉ូម​ដ៏​សាហាវ ជាទី​ដែល​ពួកគេ​តែងតែ​ត្រូវបាន​វាយ​ធ្វើ​ទារុណកម្ម ។​

​តាម​រឿងរ៉ាវ​មួយ​នេះ បាន​ឲ្យ​ដឹងថា លោក Valentine ដែល​ជាប់គុក​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​ដោយ « ក្ដី​ស្រឡាញ់​»​។ មានរឿង​ផ្ទាល់ ខ្លួន​របស់គាត់​គឺ​គាត់​បាន​បាក់ចិត្ត​ស្រឡាញ់​នារី​វ័យក្មេង​ម្នាក់​ដែល​ប្រហែលជា​កូនស្រី​របស់​ឆ្មាំ​គុក​មួយរូប ដែល​បាន​ទៅសួរសុខទុក្ខ​គាត់ នៅពេល​គាត់​ជាប់​ក្នុង​ពន្ធនាគារ​នោះ ហើយ​ការសួរសុខទុក្ខ​នោះ គឺ​ផ្ដើមចេញពី​អំពើ​ល្អ​ដែល លោក Valentine ហ៊ាន​ប្រឆាំងនឹង​ទម្រង់​ច្បាប់ ទៅ​រៀប​ការឱ្យ​យុវវ័យ​ច្រើន​គូ​។​

​មុន​ពេ​ពេល​លោក Valentine ស្លាប់ គាត់​បាន​បន្សល់​សំបុត្រ​មួយ​ដោយ​សរសេរ​ផ្ញើ​ទៅ​នាង​កូន​ឆ្មាំ​គុក​ថា « សេចក្ដីស្រឡាញ់​ពី​បង Valentine របស់ អូន​»​។

​នេះ​ជា​តឹកតាង​មួយ​ដែល​មនុស្ស​ជាច្រើន​នៅ​ប្រើ​រហូតដល់​សព្វថ្ងៃ​… ហើយ​ដោយសារ​សម័យកាល​នោះ យុវវ័យ​ពុំមាន​ឱកាស​បាន​ស្រឡាញ់គ្នា ឬ​រៀបការ​ជាមួយគ្នា​នោះឡើយ ទើប​ការ​ហ៊ាន​រៀប​អាពាហ៍ពិពាហ៍​របស់ លោក Valentine ទៅដល់​គូស្នេហ៍​យុវវ័យ និង​រូបលោក​ទៀតសោត ក៏បាន​លាក់ទុក​សេចក្តីស្រឡាញ់​មួយ​ទៅលើ​នារី​កូន​ឆ្មាំ​គុក​ម្នាក់​លុះដល់​ថ្ងៃ​ស្លាប់​ទៀត​នោះ ក៏​រឹងរឹតតែ​បញ្ជាក់​អំពី​ទំហំ​នៃ​សេចក្តីស្រឡាញ់​មួយ​នេះ​ធំធេង​ក្រៃលែង​។

​ចំណេរ​កាល​ក្រោយមក ទើប​គេ​រំលឹក​ពី​ទំហំ​នៃ​សេចក្តីស្រឡាញ់​របស់ លោក Valentine និង​រំលឹក​នូវ​អ្វីដែល​លោក Valentine បាន​រៀប​ការឱ្យ​គូស្នេហ៍​យុវវ័យ​ទៀតផង នោះ​ហើយ​ហៅថា ទិវា​នៃ​ក្តី​ស្រឡាញ់​៕ រក្សា​សិទ្ធិ​ដោយ ពិសិដ្ឋ CEN​

×