ខេត្តតាកែវ ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវបង្ក្រាបមុខសញ្ញាពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់ម៉ូតូ)បានជាបន្តបន្ទាប។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង២៣និង៤០នាទី នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានយាយឡ ស្ថិតនៅក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ មានករណីកាប់ប្លន់់មួយកើតឡើង ដែលបង្ករដោយជនសង្ស័យមួយក្រុម មានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿងប្រដាប់ដោយដាវស្ទាក់កាប់ទៅលើជនរងគ្រោះ២នាក់ ខណៈដែលជនរងគ្រោះធ្វើដំណើរតាមផ្លូវត្រឡប់ មកពីកម្មវិធីឡើងផ្ទះបងប្អូននៅផ្សារប័ង្កសី ប្លន់យកម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ឡើងតែម ឆ្នាំ២០២០ ហើយបានគេចខ្លួនបាត់អស់។ ក្រោយកើតហេតុ កម្លាំងជំនាញបានចុះប្រតិបត្តការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ មាស ប៊ុននី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ លុះថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២១ កម្លាំងជំនាញបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់បន្ថែមទៀតមាន៖ ១ឈ្មោះ យន់ វឌ្ឍនា ហៅរ៉ា ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិបាក់កូដ ឃុំលាយបូរ ស្រុកត្រាំកក់។ ទី២ឈ្មោះ ង៉ែត សុខសំបូរ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាលឿ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។ ទី៣ឈ្មោះ អៀង សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់។ និងទី៤ឈ្មោះ ផល ថុលសុណៃទ្រី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់។ ចំណែកវត្ថុតាងដកហូតបានមាន ម៉ូតូចំនួន០៤គ្រឿង ក្នុងនោះម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖តាកែវ