Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ចុះទៅពិនិត្យ​ទីតាំង​នាវាចម្បាំង ដែល​លិច​ក្នុង​ទន្លេ​នៅ​ខេត្តកំពង់ចាម​

​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ចុះទៅពិនិត្យ​ទីតាំង​នាវាចម្បាំង​មួយគ្រឿង​ដែល​ផ្ទុក​នូវ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន ដែល​លិច​នៅក្នុង​ទន្លេ​កាលពី​សម័យ​សង្គ្រាម ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​បញ្ជាក់ថា គ្រាប់​មិនទាន់​ផ្ទុះ​ជាង​៨​តោន ដែល​កងកម្លាំង​ជំនាញ​បាន​រុក​រកឃើញ​នោះ​គឺជា​ប្រភេទ​គ្រាប់ AK47, គ្រាប់​ត្បាល់ ៦០​មី​ល្លី​ម៉ែត្រ​, គ្រាប់​ត្បាល់ ៨១​មី​ល្លី​ម៉ែត្រ​, គ្រាប់​កាំភ្លើងយន្ត ១២,៧​មី​ល្លី​ម៉ែត្រ សរុប​ជាង​៥០០​កេស​ធំ​តូច បាន​ស្រង់​ពី​នាវាចម្បាំង​បាន​លិច​ក្នុងសម័យ​សង្គ្រាម​នា​ឆ្នាំ​១៩៧២ នៅ​បាតទន្លេ​មេគង្គ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​ការបញ្ជាក់​នេះ​បានធ្វើ​ឡើង​នៅពេល​ចុះ​ពិនិត្យ​សកម្មភាព​រុករក របស់​កងកម្លាំង​បោសសម្អាត​កាកសំណល់​សង្គ្រាម​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវាចម្បាំង​លិច​ក្នុង​ទន្លេមេគង្គ តាំងពី​ឆ្នាំ​១៩៧២ នៅ​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់​ទៀតថា រហូតមកដល់​ពេលនេះ កម្លាំង​ជំនាញ​កំពុង​សម្រុក​កាន់តែខ្លាំង ដើម្បី​ស្រង់​គ្រាប់​ចេញពី​បាតទន្លេ ដែល​កប់​ក្នុង​នាវា​ជាច្រើន​តោន​ទៀត​។

​បើតាម​គ្រោងការណ៍​សកម្មភាព​រុក​រក​គ្រឿង​សម្ភារៈ​សឹក​ក្នុង​ខ្មោច​នាវា​ខាងលើនេះ​នឹង​បញ្ចប់​នៅ​ខែឧសភា ឆ្នាំ​២០២១ សំដៅ​ឲ្យ​ទាន់​មុន​រដូវវស្សា​មកដល់​។ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង​ក្រុមការងារ​ជំនាញ​ពិបាក​សន្និដ្ឋាន ព្រោះ​ទំហំ​នាវា​នេះ មាន​ទំហំ​ធំ មិនអាច​ប៉ាន់ប្រមាណ​បរិមាណ​ទម្ងន់​គ្រាប់​សរុប​នៅក្នុង​នាវា​នោះទេ​។​

​ក្រុមការងារ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ នៅក្រោម​ផ្ទៃ​ទឹកបាន​ឱ្យដឹងថា ជុំវិញ​ទីតាំង​នាវា​លិច​នេះ មាន​វិសាលភាព​ផ្ទៃ​ទំហំ​១.០០០​ម៉ែត្រ គុណ​១.៥០០​ម៉ែត្រ នៅតាម​បណ្តោយ​ទន្លេ​ប្រមាណ​១៥០​ហិកតា​។​

​យោងតាម​របាយការណ៍​ស្តីពី​កិច្ចប្រតិបត្តិការ​រុករក​នាវាចម្បាំង និង​បោសសម្អាត​គ្រាប់​យុ​ទ្ឋ​ភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​បាតទន្លេ ក្នុងអំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥ ស្ថិតនៅ​ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ក្រោយពី​ទទួលបាន​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រុម​ជំនាញ​របស់​មជ្ឈមណ្ឌល​ជាតិ​បាន​ចុះទៅ​កាន់​ទីតាំង​ភូមិសាស្ត្រ ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ទីតាំង​ដែលមាន​នាវាចម្បាំង​លិច និង​មាន​បន្សល់ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០-១៩៧៥ ។ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លម្អិត​ស្តីពី​ប្រវត្តិ​សង្គ្រាម​នៅ​តំបន់​នោះ មូលហេតុ​នៃ​ការ​លិច​នាវា ការគំរៀមកំហែង​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ និង​បញ្ហា​ផ្សេងៗ​។​

​ដើម្បី​អនុវត្តតាម​បទបញ្ជា​ដ៏​មាន​សារៈសំខាន់​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែ កញ្ញា ឆ្នាំ​២០២០ មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាក សំណល់​សង្គ្រាម រួម​សហប្រតិបត្តិការ​ជាមួយ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស កងទ័ពជើងគោក បាន​បង្កើត កងអនុសេនាធំ បោសសំអាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក ក្នុង​គោលដៅ​ចុះ​អនុវត្ត​កិច្ចប្រតិបត្តិការ រុករក​នាវាចម្បាំង​លិច និង​ធ្វើការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​តោន ដែល​បាន បន្សល់ទុក​កាលពី​អំឡុង​សង្គ្រាម​ឆ្នាំ​១៩៧០ – ១៩៧៥​។

​កិច្ចប្រតិបត្តិការ​រុករក​នាវា និង​បោសសម្អាត​គ្រាប់ៈ កងអនុសេនាធំ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រមូលផ្តុំ​កម្លាំង និង​បាន​បង្កើត​ទីបញ្ជាការ​ស្រាល នៅក្នុង​វត្តមាន់​ដប់ ចាប់ពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​ហ្វឹកហ្វឺន ធ្វើ​សមាហរណកម្ម​ជំនាញ បញ្ចូល​គ្នា ត្រៀម​បើក​កិច្ចប្រតិបត្តិការ​រួមគ្នា ដោយ​ធ្វើការ​សិក្សា​ស្រាវជ្រាវ រុករក និង​ធ្វើការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​នាវា លិច​ក្នុង​ទន្លេ នៅលើ​វិសាលភាព​នៃ​ផ្ទៃ​ទន្លេ បណ្តោយ​១៥០០​ម និង​ទទឹង ១០០០​ម (១៥០​ហិកតា​) និង​បាន​បែង​ចែកជា​៣​តំបន់ រួមមាន​៖ តំបន់​ហានិភ័យ​ខ្ពស់ ទំហំ​២០០​ម x ២០០​ម ចំណុច​នាវា​លិច តំបន់​មាន​ហា​ខំ​ភ័យ​មធ្យម ទំហំ​៥០០​ម​x១០០០​ម និង​តំបន់​នៅសល់​មាន​ហានិភ័យ ទាប​។ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ដំណើរការ​ប្រតិបត្តិកា​រ​បាន​រុក​រកឃើញ​ទីតាំង​នាវា​លិច​ហើយ និង​កំពុង​ប្រតិបត្តិការ​បូម​ខ្សាច​បណ្តើរ ធ្វើការ​រុករក និង​ស្រង់​យក​គ្រាប់​ចេញពី​នាវា ព្រមទាំង​ភិ​ច្ចការ ស្តារ​ស្រង់​គល់ឈើ និង​គល់​ឫស្សី ដែល​នៅជាប់​គាំង​ជុំវិញ​នាវា ដែលជា​ឧបសគ្គ​រាំងស្ទះ​ដល់​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​ចេញពី​នាវា​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

×