Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​រងគ្រោះ​ជនជាតិខ្មែរ​ម្នាក់ អាយុ ១៤ ឆ្នាំ ដែល​ត្រូវបាន​មេខ្យល់​ឆបោក​ទៅ​ប្រទេស​ចិន បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០២១ ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ថ្លែង​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ជនជាតិខ្មែរ​ម្នាក់ អាយុ ១៤ ឆ្នាំ ដែល​ត្រូវបាន​មេខ្យល់​ឆបោក​ទៅ​ប្រទេស​ចិន បាន​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ តាម​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អត្តរ​ជាតិ​ភ្នំពេញ​។​

ក្មេងស្រី​រងគ្រោះ​មានឈ្មោះ យឿ​ង សុដាវី​ន អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បន្ទាប់ពី​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​រយ​:​ពេល​១៤​ថ្ងៃ​រួចមក នៅ​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រួមជាមួយ​អង្គការ​ស​ម្ព័​ន្ធ​ចាប់ដៃ បាន​នាំយក​ជនរងគ្រោះ​មក​នាយកដ្ឋាន​ដើម្បី​ធ្វើការ​សម្ភាសន៍ ស្រាវជ្រាវ​រក​មេខ្យល់ និង​អ្នកពាក់ព័ន្ធ ដើម្បី​ឈានដល់​ការនាំ​ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។ ក្មេងស្រី​ខាងលើ​ត្រូវបាន​ប្រគល់​ជូនទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​ស្ដារនីតិសម្បទា និង​បញ្ជូនទៅ​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​នៅ​សហគមន៍​វិញ​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០២០ នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានទទួល​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ពាក់ព័ន្ធ​នឹង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អូន​វីន​ស្រឡាញ់ ម៉ាក់​ប៉ា ដែល​ត្រូវបាន​ជនសង្ស័យ​ជា​មេខ្យល់​ឆបោក​នាំទៅ​ប្រទេស​ចិន​រយៈពេល ៤ ខែ​កន្លងមកហើយ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បានដាក់​បទបញ្ជា​ឱ្យកម្លាំង​ការិយាល័យ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​បាន​រកឃើញ​សាច់ញាតិ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​មានឈ្មោះ ឯល ណា​រី ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន កំពុង​បម្រើ​ការងារ​នៅ​កាស៊ីណូ​មួយកន្លែង នៅ​ទីក្រុង​ប៉ោយប៉ែត និង​មាន​ទីលំនៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ត្រូវជា​ឪពុក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នោះ ។ តាមរយៈ​ការទំនាក់ទំនង​តាម​ទូរ​សព្ទ បុរស​ជា​ឪពុក​បាន​បញ្ជាក់ថា កូនស្រី​របស់គាត់​មានឈ្មោះ យឿ​ង សុដាវី​ន អាយុ​១៤​ឆ្នាំ បាន​ចាញ់បោក​មេខ្យល់​មិន​ស្គាល់​អត្តសញ្ញាណ នាំយកទៅ​ប្រទេស​ចិន រយៈពេល​៤​ខែ​កន្លងមកហើយ រូបគាត់​បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ស្នើសុំ​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​។​

​ឧ​ត្ត​ម​សេនីយ៍ ជីវ ផល្លី បញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០២០ ក្រោម​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញាធរ​ចិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រប​ស់​កម្ពុជា បាន​ស្រាវជ្រាវ​ស្វែង​រកឃើញ​កន្លែង​ស្នាក់នៅ​របស់​ក្មេងស្រី​រងគ្រោះ​ខាងលើ និង​បាន​ជួយសង្គ្រោះ​បញ្ជូនមក​ស្នាក់ការ​នគរបាល​នៅ​ខេត្ត​ហឺ​ណាន ប្រទេស​ចិន ដើម្បី​ចាត់ការ​បន្ត ។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន បាននិងកំពុង​ធ្វើការ​ទំនាក់ទំនង​សម្របសម្រួល​ផ្តល់ព័ត៌មាន​ខាងលើ​ទៅ​ឲ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រុមការងារ​លេខាធិការដ្ឋាន​មេគង្គ​ឡាន​ឆាង ដើម្បី​ធ្វើការ​បន្ត​ជាមួយ​ស្ថាន​អគ្គ​កុងស៊ុល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ដើម្បី​ឈានដល់​ការសម្របសម្រួល​ជាមួយ​អាជ្ញាធរ​ចិន​រៀបចំ​បែបបទ​បញ្ជូន​ក្មេងស្រី​រងគ្រោះ​ខាងលើ​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​វិញ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី បាន​ថ្លែងថា ក្នុងនាម​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្នុងនាម​នាយកដ្ឋាន​ជំនាញ សូម​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ចិន និង​ជាពិសេស​អាជ្ញាធរ​ចិន ក៏ដូចជា​អង្គការ​សម្ព័ន្ធ​ចាប់ដៃ ដែល​បានរួម​ចំណែក​លើ​ការងារ​នេះ និង​សូម​អរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​តែងតែ​ចូលរួមចំណែក​ក្នុង​កិច្ចការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម និង​ក៏ដូចជា​ការចូលរួមចំណែក​ស្វែងរក​យុត្តិធម៌​សង្គម​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×