ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានប្រកាសពីការសម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយបានទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinovac’s COVID-19 ផលិតដោយសាធារណរដ្ឋប្រជាមានិតចិន និង AstraZeneca’s COVID-19។ វ៉ាក់សាំងទាំងពីរនេះ ត្រូវបានប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្តា ប្រទេសមួយចំនួនក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Use Authorization)។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានបញ្ជាក់ថា វ៉ាក់សាំងទាំងពីរត្រូវបានដាក់ឱ្យអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃ ចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ