ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជានៅថ្ងៃទី ១៣ ខែកុម្ភឆ្នាំ ២០២១ បានចេញផ្សាយនូវព័ត៌មានមួយថា មកដល់ថ្ងៃនេះ មានរយៈពេលមួយឆ្នាំហើយ ចាប់តាំងពីកប៉ាល់ទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ក្រោយពីត្រូវបានបដិសេធមិនអនុញ្ញាតចុះចតនៅប្រទេសផ្សេងៗ។ សម្រាប់ស្ថានទូតអូស្ត្រាលីនៅភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល វាបានបង្ហាញពីការចាប់ផ្តើមឆ្នាំថ្មី ដែលមិនដូចជាឆ្នាំមុនៗ។
ចាប់តាំងពីវីរុសនេះត្រូវបានគេរកឃើញដំបូង មនុស្សជាង ២,៣១ លាននាក់ នៅទូទាំងពិភពលោក បានស្លាប់ដោយសារជំងឺកូវីដ-១៩។ មនុស្សជាង ១០៦ លាននាក់ បានធ្លាក់ខ្លួនឈឺ – ពួកគេភាគច្រើនកំពុងរងផលប៉ះពាល់ពីវីរុសនេះ ជាបន្តនិងក្នុងរយៈពេលវែង។ សេដ្ឋកិច្ចនៅជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ត្រូវបានខូចខាត។
យើងចង់ប្រើឱកាសនៃថ្ងៃគម្រប់ខួប១ឆ្នាំនេះ គោរពដល់អ្នកដែលរងផលប៉ះពាល់ដោយរោគរាតត្បាតនៅប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក ព្រមទាំងទទួលស្គាល់ការខិតខំប្រឹងប្រែង ជាពិសេសពីសំណាក់បុគ្គលិកក្នុងស្រុករបស់យើង ក្នុងការធានាថាជំនួយជាបន្តដល់ប្រជាជនកម្ពុជានិងជនជាតិអូស្ត្រាលីនៅកម្ពុជា នៅតែអាចធ្វើទៅបាន។ ក្នុងរយៈពេល ១២ខែកន្លងមក ស្ថានទូតបាននិងកំពុងធ្វើការមិនឈប់ឈរដើម្បីផ្តល់ជំនួយកុងស៊ុលដល់ប្រជាជនអូស្ត្រាលីនៅកម្ពុជា។ យើងក៏បានធ្វើការជាមួយដៃគូកម្ពុជា ក្នុងការផ្តោតការយកចិត្តទុកដាក់ជាថ្មី លើកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់យើងដើម្បីជួយដល់ការស្តារកម្ពុជាឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ តាមរយៈការផ្តល់ថវិកាជាង ៦៥ លានដុល្លារអូស្ត្រាលីរាល់ឆ្នាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និង ៣៥,៧ លានដុល្លារអូស្ត្រាលី សម្រាប់ការទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពនៅកម្ពុជា។
យើងសូមថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលបានទទួលស្វាគមន៍កប៉ាល់នេះ ព្រមទាំងបដិសណ្ឋារកិច្ចដែលបានផ្តល់ដល់ប្រជាជនអូស្ត្រាលីជាច្រើននាក់នៅដែលនៅលើកប៉ាល់។ មួយឆ្នាំក្រោយមកហើយ យើងនៅតែស្ថិតនៅជាមួយគ្នា ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ