Saturday, November 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម បាន​បញ្ជាក់ថា ក្រៅពី​រកឃើញ​គ្រាប់ គឺ​បាន​រកឃើញ​ធាតុ​មនុស្ស​ម្នាក់ នៃ​អតីតយុទ្ធជន​ដែល​បាន​មរណៈភាព​នៅក្នុង​កប៉ាល់​ដែល​លិច​

​កំពង់ចាម ៖ នៅ​ព្រឹក ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កង​បោសសម្អាត​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។​

​យោងតាម​របាយការណ៍​សង្ខេប​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ឲ្យ​ដឹងថា គិត​ត្រឹម ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រតិបត្តិការ រុករក ទទួល បាន​លទ្ធផល​គួរ​ជាទី​មោទនៈ ដោយបាន​រកឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ទំហំ​60-105mm ចំនួន ៧២២​គ្រាប់ និង​គ្រាប់ ប្រភេទ​តូច (​ប្រភេទ​កាំ​ភ្លេ​ី​ង​ដៃ និង​កាំភ្លើងយន្ត​) ចំនួន ៥៤.៩២៥​គ្រាប់ ។ សរុប​រួមមាន ៥៥.៦៩៧​គ្រាប់ ដែល​ត្រូវបាន​រុក​រកឃើញ​នៅក្នុង​ឃ្លុប​ទី​១ និង​នៅ​៣​ឃ្លុប​ទៀត ដែល​ត្រូវ​យកចេញ​ជា​បន្តបន្ទាប់​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​តាងនាម​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម​ថ្លែង​នូវ​ការកោតសរសើរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម នាង ផាត ចំពោះ​ឯកឧត្តម សែម សុវណ្ណនី និង​ចំពោះ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នាយទាហាន នាយទាហានរង និង​អស់លោក​ជា​មន្ត្រី​ជំនាញ​ទាំងអស់ ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងឡាយ រួម​សាមគ្គី​គ្នា​ធ្វើ​ឲ្យ​ប្រតិបត្តិការ នេះ​ប្រកបដោយ​ជោគជ័យ​។​

​សម្ដេច​ក្រឡាហោម បាន​បន្ថែមថា រហូតមកដល់​ពេលនេះ​មិនទាន់បាន​បញ្ចប់​នៅឡើយ​ទេ ដូច​ក្នុង​របាយការណ៍​បានបញ្ជាក់​ហើយ​ថា​អាច​រហូតដល់​អំឡុង​ខែឧសភា​ទើប​អាច​ចប់​។ ប៉ុន្តែ​យើង​មិន​តក់ក្រហល់​នោះទេ បញ្ហា​ចម្បង​គឺ​សុវត្ថិភាព​។ យើង​មិនត្រូវ​ព​ន្លឿ​ន​ដោយ​ការប្រថុយប្រថាន​នោះទេ​។

​សម្ដេច​បាន​បញ្ជាក់ថា​នៅទីនេះ​ក្រៅពី​រកឃើញ​គ្រាប់​គឺ​បាន​រកឃើញ​ធាតុ​មនុស្ស​ម្នាក់​។ ក្នុងឱកាស​នោះដែរ​សម្ដេច​ក៏បាន​អំពាវនាវ​ក៏ដូចជា​ប្រកាស​ស្វែងរក​សាច់ញាតិ​នៃ​អតីតយុទ្ធជន​ដែល បាន​មរណៈភាព​នៅក្នុង​កប៉ាល់​ដែល​លិច​។

​សម្ដេច​ក៏បាន​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​អង្គភាព​ផងដែរ​។ សម្ដេច​ក៏បាន​អំពាវនាវ​ដល់​មន្ត្រី​មូលដ្ឋាន​ពិសេស​លោក​មេឃុំ មេភូមិ ស្មៀន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គឺ​សំខាន់​ណាស់​ត្រូវ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​។​

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការរុករក និង​ប្រមូល​គ្រឿង​យុទ្ធភណ្ឌ ក្នុង​បាតទន្លេ​មេគង្គ ក្នុង​ទំហំ ១៥០០​ម៉ែត្រ ស្មើនឹង ១៥០​ហិកតា គឺ​ត្រូវបាន​អនុវត្ត​ឡើង​តាំងពី​ចុងខែ​តុលា ឆ្នាំ​២០២០ នឹង​គ្រោង​បញ្ចប់​នៅ​អំឡុង​ខែឧសភា ឱ្យទាន់​មុន​រដូវវស្សា​ខាងមុខនេះ​។
​ក្រុមការងារ​រុករក​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ បាន​រកឃើញ​ឆ្អឹង​សាកសព​របស់​អតីត​ទាហាន​ម៉ា​រី​ន លន់ ណុល មានឈ្មោះ CHHIM CHHEANGLY ដែល​បាន​បន្សល់ទុក​ក្នុង​នាវា​ដឹក​គ្រាប់ ដែល​បាន​លិច​ក្នុង​ទន្លេមេគង្គ ក្នុងភូមិ​សាស្ត្រ​ភូមិ​វាល ឃុំ មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។

​ជាការ​ជូនដំណឹង​ដល់​សាច់ញាតិ បងប្អូន មក​ទំនាក់ទំនង​ជាមួយ​រដ្ឋ​បាល​ខេត្តកំពង់ចាម ដើម្បី​ទទួលយក​ធាតុ​របស់គាត់​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×