ភ្នំពេញ៖ ពាក់ព័ន្ធក្រុមសិទ្ធិមនុស្សកម្ពុជា២០ នាក់ដាក់ញត្តិគាំទ្រប្រជាជននិង ថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ានោះ ត្រូវបានលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា ប្រសិនបើពួកគេនាំគ្នាទៅភូមានិងចូលរួមជាមួយក្រុមបាតុករ តវ៉ាប្រឆាំងនឹងក្រុមយោធា ទើបជាការប្រសើរជាង ជាជាងធ្វើសកម្មភាពនយោបាយពីក្នុងទឹកដីកម្ពុជា។
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងសារឆ្លើយតបនៅលើបណ្ដាញសង្គមហ្វេសប៊ុកនេះថ្ងៃទី 13 ខែកុម្ភឆ្នាំ 2020 មួយនេះថា “ប្រសិនបើពួកគេនាំគ្នាទៅភូមានិងចូលរួមជាមួយក្រុមបាតុករ តវ៉ាប្រឆាំងនឹងក្រុមយោធា ទើបជាការប្រសើរជាង ជាជាងធ្វើសកម្មភាពនយោបាយពីក្នុងទឹកដីកម្ពុជា ដែលជារដ្ឋសមាជិកអាស៊ាន និងប្រកាន់ភ្ជាប់នូវគោលការណ៍និងធម្មនុញ្ញអាស៊ាន អំពីការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក”។
ក្រុមសិទ្ធិមនុស្សកម្ពុជាដាក់ញត្តិគាំទ្រប្រជាជននិង ថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ាប្រមាណ ២០ នាក់ បានប្រមូលផ្តុំនៅមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា កាលពីថ្ងៃម្សិលមិញ ហើយលើកសញ្ញាមួយចំនួន ដែល សរសេរថា We Stand With the People of Myanmar ដែលមានន័យថា យើងឈរជាមួយ។ ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាទាំងនោះ មានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មជ្ឍមណ្ឌលសម្ព័ន្ឋការងារនិងសិទ្ឋិមនុស្ស (CENTRAL) សមាគមធាងត្នោត អង្គការសិទ្ធិមនុស្សអាដហុក លីកាដូ សហគមន៍ដីធ្លីត្រពាំងជង បណ្តាញយុវជនកម្ពុជា និងសហភាពសម្ព័ន្ធវិស័យទេសចរណ៍កម្ពុជាជាដើម។ ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលនិងសហជីពកម្ពុជាចំនួន៦០ស្ថាប័ន បានទាមទារចំនួនពីរចំណុចដែលរួមមានទាមទារឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាដោះលែងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី និងអ្នកនយោបាយផ្សេងៗទៀត ដែលកំពុងជាប់ឃុំ និង ទាមទារឱ្យមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។
ការដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហជីព នាព្រឹកថ្ងៃទី ១២ កុម្ភៈនេះ មិនឃើញមានមន្ត្រី ឬ តំណាងស្ថានទូតមីយ៉ាន់ម៉ាចេញមកទទួលយកញត្តិនោះឡើយ ដោយសារនៅថ្ងៃនេះ ស្ថានទូតបានបិទទ្វារព្រោះ ជាថ្ងៃបុណ្យជាតិរបស់មីយ៉ាន់ម៉ា
៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ