បាត់ដំបង ៖ ប្រជាពលរដ្ឋដាំបន្លែសុវត្ថិភាពក្នុងរោងសំណាញ់ បានមានកំណើនកាន់តែច្រើនឡើងៗនៅឆ្នាំ២០២១ ដើម្បីបង្កើតជាមុខរបរសម្រាប់ពលករខ្មែរដែលបានបាត់បង់ការងារ ដែលមិនអាចចេញទៅរកការងារនៅប្រទេសថៃ ដោយសារវិបត្តិជំងឺកូវីដ១៩។ មុខរបរដែលពួកគាត់(ពលករខ្មែរ) អាចទាញយកពីរោងសំណាញ់យូវីនេះ តាមរយៈការម៉ៅការសាងសង់រោងឬស៊ីឈ្នួលធ្វើការប្រចាំថ្ងៃ ពីក្រុមហ៊ុនណាបង្កើតកសិដ្ឋានដាំបន្លែសុវត្ថិភាព ក្នុងរោងសំណាញ់ ពួគាត់អាចរកការងារធ្វើនៅទីនោះ មានទាំងការថែទាំបន្លែនិងបេះបន្លែជាដើម។
ពលរដ្ឋរស់នៅភូមិតាសី ឃុំតាម៉ឺនស្រុកថ្មគោល បានប្រាប់ឲ្យដឹងថាពួកគាត់ បានត្រឡប់មកពីធ្វើការនៅប្រទេសថៃ កាលពីអំឡុងផ្ទុះរីករាលដាលជំងឺកូវីដ១៩នៅលើពិភពលោក ហើយបាត់បង់ការងារធ្វើ ព្រោះមិនអាចទៅថៃវិញបាន ប៉ុន្តែដោយមានសហគមន៍ដាំបន្លែមួយឈ្មោះ តាសីសាមគ្គី គួបផ្សំនឹងចេះជំនាញជាងខ្លះៗនិងរៀនបច្ចេកទេសបន្ថែម ពួកគាត់ ត្រូវបានសមាជិកក្នុងសហគមន៍ជួលឲ្យធ្វើរោងសំណាញដាំបន្លែ។ ការសាងសង់មានគុណភាព ពួកគាត់ ត្រូវបានទទួលការសាងសង់ជាបន្តបន្ទាប់ ដោយមិនត្រឹមតែធ្វើក្នុងសហគមន៍ប៉ុណ្ណោះទេគឺមានពលរដ្ឋនៅគ្រប់រាជធានីខេត្ត បានជួលឲ្យធ្វើ។ការងារនេះធ្វើឲ្យពួកគាត់ទទួលបានប្រាក់គួរសម សម្រាប់ទុកផ្គត់ផ្គង់គ្រួសារ។
ពលរដ្ឋរស់នៅភូមិតាសី ឃុំតាម៉ឺនស្រុកថ្មគោល បានសំណូរពរដល់ពលរដ្ឋ បន្តគាំទ្រការបរិភោគបន្លែសុវត្ថិភាព ដែលដាំក្នុងរោងសំណាញ់ ឲ្យបានកាន់តែច្រើន ដើម្បីឲ្យពួកគាត់មានការងារធ្វើបន្ត ដើម្បីជួយកាត់បន្ថយការធ្វើចំណាកស្រុកផងដែរ។
គួរបញ្ជាក់ផងដែរថា ការដាំបន្លែសុវត្ថិភាពក្នុងរោងសំណាញ់នៅខេត្តបាត់ដំបង កំពុងមានការរីកចម្រើន ដោយការដាំមានទាំងលក្ខណៈគ្រួសារ សហគមន៍និងក្រុមហ៊ុន ខណៈទីផ្សារល្អ ព្រោះបន្លែដាំក្នុងរោងសំណាញ លក់បានក្នុងតម្លៃខ្ពស់ ជាងបន្លែដាំនៅទីវាល៕ រក្សាសិទ្ធិដោយ ៖ អ៊ុងសារុំ