កំពត ៖ ក្រសួងទេសចរណ៍បានចេញផ្សាយព័ត៌មានថា ភ្ញៀវទេសចរយ៉ាងច្រើន ពិសេសភ្ញៀវទេសចរជាតិ បានសម្រុកទៅលេងខេត្តកំពត ដោយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ២៣,២៧៨ នាក់។
លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា មន្ទីរទេសចរណ៍ខេត្តបានចាត់ក្រុមការងារចំនួន ៤ ក្រុម ចុះតាមគោលដៅ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្ត ដើម្បីជំរុញការពង្រឹងគុណភាពផលិតផល សេវាកម្ម អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ និងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
លោក សយ ស៉ីណុល បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃដំបូងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២១នេះ ភ្ញៀវទេសចរមកលេងខេត្តកំពតមានចំនួនសរុប ២៣,២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ២៣,១០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៧៨ នាក់។
លោកបានបញ្ជាក់ថា ស្ថានភាពអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ចរារចរណ៍ បានប្រព្រឹត្តទៅដោយរលូនពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យយកត់សម្គាល់ឡើយ។ រីឯសេវាកម្មម្ហូបអាហារ ការស្នាក់នៅ និងសេវាកម្មផ្សេងៗទៀតពុំមានការដំឡើងថ្លៃហួសហេតុនាំឲ្យមានបាតុភាពនោះទេ។
ក្រុមការងារមន្ទីរទរសចរណ៍ខេត្តកំពត បានសហការជាមួយនគរបាលទេសចរណ៍ ចរាចរណ៍ជើងទឹក ក្នុងការពង្រឹងសុវត្ថិភាពតាមទូកជំរុញអាក់អាវពោងសុវត្ថិភាព ការបង្ការការឆ្លងជំងឺកូវីដ១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ