ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ថ្ងៃនេះជាខួប១ឆ្នាំ (១៣ កុម្ភៈ ២០២០ -១៣ កុម្ភៈ ២០២១) ដែលប្រទេសកម្ពុជាបានទទួលនាវាទេសចរណ៍ខ្នាតអន្តរជាតិ westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណ ១៤៥៥នាក់ និងនាវិកចំនួន៨០២នាក់មកពី៤១ប្រទេស អោយចូលចតនៅក្រុងព្រះសីហនុ។
យើងចាំច្បាស់ណាស់គឺនៅពេលពេលនោះពិភពលោកមានការភ័យខ្លាចរន្ធត់យ៉ាងខ្លាំងអំពីការរីករាលដាលជម្ងឺកូវីដ១៩ ដែលបានធ្វើអោយប្រទេសជាច្រើនមិនអនុញ្ញាតអោយនាវាទេសចរណ៍ Westerdam ចូលចតដាច់ខាត ទោះបីបានដឹងថានៅក្នុងនាវានោះមានជីវិតមនុស្សរាប់ពាន់នាក់ដែលកំពុងអស់សង្ឃឹមហើយប្រឈមនឹងអត់ស្បៀងអាហារ និងជាពិសេសប្រឈមនឹងគ្រោះកាចនៃជំងឺឆ្លងកូវីដ១៩។
កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនអាចទុកជីវិតមនុស្សរាប់ពាន់នាក់អោយស្លាប់នៅកណ្តាលមហាសាគរបានឡើយ។ បើទោះបីកម្ពុជាជាប្រទេសតូចគ្មានធនធានដូចប្រទេសធំៗមួយចំនួនមែនពិត ប៉ុន្តែកម្ពុជាមានបេះដូងមនុស្សធម៍ធំទូលាយបានទទួលស្វាគមន៍នាវាចូលចត និងបានសង្គ្រោះអ្នកទេសចរនិងនាវិកទាំងអស់ចេញពីនាវាហើយបានរៀបចំកន្លែងអោយស្នាក់នៅព្យាបាល និងបានរៀបចំអោយបងប្អូនអ្នកទេសចរណ៍ទាំងអស់បានធ្វើដំណើរតាមយន្តហោះវិលទៅជួបជុំក្រុមគ្រួសារនៅប្រទេសកំណើតខ្លួនវិញប្រកបដោយសុវត្ថិភាព៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ