ខេត្តព្រះសីហនុ ៖ អបអរសាទរ ព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់ នាព្រឹកថ្ងៃ១៤កុម្ភៈ២០២១ នៅខេត្តព្រះសីហនុ។ កម្មវិធីនេះរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយាន និងរដ្ឋបាលខេត្តព្រះសីហនុ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។
វិញ្ញាសាកីឡាជិះកង់រួមមាន ៖
១. ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេររាម រួចត្រឡប់មកឆ្នេរអូឈើទាលវិញ។
២. “Fun Ride” ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី ២៥គីឡូម៉ែត្រ ពីឆ្នេរអូឈើទាល-ទៅឆ្នេរអូត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ។
៣. “Family Couple Rde” ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុងទីក្រុងថ្មី និងឆ្នេរសមុទ្រ។
ដូចដែលមហាជនទូទៅបានដឹងហើយថា ក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា (NOCC) សហព័ន្ធកីឡាទោចក្រយានកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សហការគ្នារៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍មួយ គឺទិវាជិះកង់នៃក្តីស្រឡាញ់ នៅខេត្តព្រះសីហនុ រយៈពេលមួយថ្ងៃនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលព្រឹត្តិការណ៍នេះត្រូវបានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ចាត់ទុកជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយកាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួមលាតត្រដាងបង្ហាញពីសមិទ្ធផលហេដ្ឋារចនាសម្ពន្ធរបស់ខេត្តព្រះសីហនុ ពិសេសគឺវិថី និងមហាវិថីថ្មីៗទាំង ៣៧ ខ្សែ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់នេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យមានការផ្លាស់ប្ដូរឥរិយាបទក្នុងស្រទាប់យុវវ័យនៅក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ១៤ កុម្ភៈ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ព្រឹត្តិការណ៍ជិះកង់នៃក្តីស្រឡាញ់ខាងលើនេះ ក៏មានគោលបំណងបង្ហាញពីសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ សណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុផងដែរ។ តាមរយៈការជិះកង់នេះនឹងនាំឲ្យយុវជន និងមហាជនបានចូលរួមក្នុងសកម្មភាពកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងទាក់ទាញឲ្យមហាជនជួយលើកកម្ពស់ដល់វិស័យទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រទៀតផង។
ឯកឧត្តមបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះត្រូវបានរៀបចំវិញ្ញាសាកីឡាជិះកង់ចំនួន ៣ ប្រភេទ រួមមាន៖ ទី១. ប្រណាំងកង់ភ្នំចម្ងាយ ៤០ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរឈើទាល១ ទី២. ជិះកង់កម្សាន្តឆ្នេរសមុទ្រចម្ងាយ ២៥ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល១ និងទី៣. ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ចម្ងាយ ១៥ គីឡូម៉ែត្រ ដោយចេញដំណើរពីឆ្នេរអូរឈើទាល១ដូចគ្នា។
ជាមួយនឹងការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះការចូលរួមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ឯកឧត្តមអភិបាលខេត្ត គួច ចំរើន បានចាត់ក្រុមការងារជំនាញ មន្ត្រីក្រោមឱវាទនៅតាមមន្ទីរ អង្គភាពជុំវិញ ត្រូវសហការរៀបចំកិច្ចការងារនេះឱ្យបានល្អប្រសើរ ពិសេសត្រូវចូលរួមជាមួយក្រសួងទេសចរណ៍ និង NOCC ឱ្យបានសកម្មបំផុត។
ឯកឧត្តមអភិបាលខេត្តដ៏សកម្មរូបនេះ បានបញ្ជាឱ្យមន្ទីរជំនាញសហការរៀបចំសោភ័ណភាពតាមដងផ្លូវសាធារណៈ តាមតំបន់ឆ្នេរសមុទ្រ ពិសេសនៅតាមខ្សែផ្លូវដែលត្រូវជិះកង់នាព្រឹត្តិការណ៍ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ធំធេង ដែលខេត្តព្រះសីហនុសម្រេចបានក្នុងពេលថ្មីៗនេះ ពិសេសគឺផ្លូវទាំង ៣៧ ខ្សែ ក្រោមការចង្អុលបង្ហាញប្រកបដោយឆន្ទៈខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ដ៏សកម្មរូបនេះ បានចាត់ទុកជាមេដែកដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរក្នុងស្រុក បង្កើនការផ្សព្វផ្សាយកាន់តែទំលូទំលាយអំពីកម្ពុជា ពិសេសនឹងចូលរួមលាតត្រដាងសមិទ្ធផលហេដ្ឋារចនាសម្ពន្ធថ្មីៗ ដ៏អស្ចារ្យរបស់ខេត្តព្រះសីហនុ ពិសេសគឺវិថី និងមហាវិថីថ្មីថ្មោងទាំង ៣៧ ខ្សែ។
ឯកឧត្តម ថោង ខុន បានបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជាក៏ជាឱកាសជំរុញវិស័យទេសចរណ៍ក្នុងស្រុកផងដែរ ដូច្នេះព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» វាក៏ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ទេសចរណ៍បានមែន តែត្រូវរៀបចំព្រឹត្តិការណ៍ណាដែលមិនប្រាសចាកនឹងអនុសាសន៍ ៣កុំ និង ៣ការពារ ដែលជាវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩។ លោកថា កម្ពុជាក៏ត្រូវឆ្លៀតបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីផ្សព្វផ្សាយទាក់ទាញទេសចរក្នុងស្រុក និងផ្សព្វផ្សាយទៅទេសចរអន្តរជាតិបានដឹង សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង នៅពេលចប់វិបត្តិកូវីដ១៩។
លោក សែម ផល្លា ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ជិះកង់នៃក្តីស្រឡាញ់បានលើកឡើងថា នេះជាលើកទី១ ដែលយើងបានរៀបចំការជិះកង់នៃក្តីស្រឡាញ់ នៅខេត្តព្រះសីហនុនេះ។ អ្វីដែលអំណោយផលគឺទិដ្ឋភាពដ៏ស្រស់បំព្រងនៃតំបន់ឆ្នេរសមុទ្រនេះមានភាពទាក់ទាញយ៉ាងខ្លាំង រួមទាំងការឧបត្ថម្ភគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អភិបាលរង រួមទាំងមន្ត្រីរាជការខេត្ត បានធ្វើឲ្យគណៈកម្មការរៀបចំទិវាកីឡាទេសចរណ៍មួយនេះទទួលបាននូវភាពកក់ក្តៅយ៉ាងខ្លាំង។ ការយកចិត្តទុកដាក់ជួយអស់ពីចិត្តពីរដ្ឋបាលខេត្តព្រះសីហនុនេះ គឺរាប់ទាំងជួយផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេវាសុខាភិបាល ចរាចរជាដើម។
ជាមួយគ្នានោះ លោក សែម ផល្លា ក៏សំណូមពរដល់កីឡាករ កីឡាការិនីជំនាញ ក៏ដូចជាយុវជន មហាជន ដែលស្រឡាញ់នឹងការជិះកង់លក្ខណៈកម្សាន្តគ្រួសារសូមចូលរួមក្នុងព្រឹត្តិការណ៍។
ចំណែកឯ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលចូលរួមក្នុងកិច្ចប្រជុំក្នុងនាមជាសហព័ន្ធជំនាញការប្រណាំងកង់នេះ បានបង្ហាញនូវក្តីរីករាយ ដែលថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ការគាំទ្រ កិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីជួយធ្វើឲ្យព្រឹត្តិការណ៍ ជិះកង់នៃក្តីស្រឡាញ់នេះទទួលបានជោគជ័យ។ «ជាលក្ខណៈបច្ចេកទេស យើងសង្កេតឃើញថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានលក្ខណៈល្អប្រសើរ ហើយការរៀបចំការប្រកួតកង់នេះ ក៏យើងបានរៀបចំលើដងផ្លូវស្របតាមតំបន់ឆ្នេរសមុទ្រ តំបន់ភ្នំ និងទីប្រជុំជនមួយចំនួន ជាពិសេស គឺក្បួនប្រណាំងបានឆ្លងកាត់តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តតែម្តង។ ដោយការសង្គេតឃើញពីហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានភាពទាក់ទាញខ្លាំងពីទិដ្ឋភាពផងនោះ សហព័ន្ធខ្មែរកីឡាទោចក្រយានមានគម្រោងរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាខែមិថុនា នៅខេត្តព្រះសីហនុ បន្ទាប់ពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បានធ្វើដោយជោគជ័យ នៅខេត្តសៀមរាប កន្លងទៅថ្មីៗនេះ។
អគ្គលេខាធិការរូបនេះរំពឹងទុកថា ជាមួយការប្រកួតលើកម្រិតជំនាញ៤០គីឡូម៉ែត្រ និងកម្រោងប្រកួតជើងឯកថ្នាក់ជាតិ នាពាក់កណ្តាលឆ្នាំ២០២១នឹងបង្កើនបាននូវគុណភាពបន្ថែម មុនពេលដែលត្រូវចូលរួមធ្វើតេស្តវាស់ស្ទស់សមត្ថភាពចូលក្នុងក្រុមជម្រើសជាតិកង់ ដើម្បីត្រៀមប្រកួត ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ