ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ វ័យប្រហែលជាង៣០ឆ្នាំ បានសម្រេចចិត្តឡើងលើស្ពានអាកាសថ្មើរជើង លោតសម្លាប់ខ្លួនទាំងព្រឹកបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានអាកាសថ្មើរជើង តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនជាតិចិនដែលលោតសម្លាប់ខ្លួនខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយមានភិនភាគ សម្បុរ ស ចាក់សាក់ដៃខាងឆ្វេងជាអក្សរចិន ស្លៀកខោខូវប៊យ ពណ៌ប្រផេះ និងពាក់អាវយឺតដៃខ្លីពណ៌ស្លឹកឈើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើ បានដើរចុះដើរឡើងនៅម្តុំមុខផ្សារជម្ពូវ័ន មួយសន្ទុះក្រោយមកក៏បានឡើងទៅឈរនៅលើស្ពានអាកាសថ្មើរជើង បន្ទាប់មកក៏បានលើកដៃទាំងពីររបស់គាត់ by by រួចក៏លោតដាំទីងក្បាលសំយុងចុះមកមុនចុះមកក្រោម បណ្តាលឲ្យបែកក្បាលហូរឈាមជោកជាំស្លាប់មួយរំពេចភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចោមចៅទី៣ បានចុះមកការពារនៅកន្លែងកើត និងបានរាយការណ៍ទៅខាងជំនាញការិយាល័យកោសល្យវិច័យ ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកពិនិត្យសពបុរសជនជាតិចិនខាងលើនៅកន្លែងហេតុ ។
បន្ទាប់ពីធ្វើការពិនិត្យនៅជុំវិញបរិវេណកន្លែងកើតហេតុរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពបុរសខាងលើពិតជាបានលោតសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធនិងករណីឃាតកម្មអ្វីនោះទេ ។
ចំណែកសពត្រូវបានសមត្ថកិច្ចដឹកយកមកតម្កល់ទុក នៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សួង សាម