កណ្តាល ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា បុរសម្នាក់ បានដុតផ្ទះខ្លួនឯង ហើយនៅក្នុងផ្ទះដែលភ្លើងកំពុងឆេះរហូតស្លាប់ខ្លួនឯងទៀត ។ ករណីនេះ សមត្ថកិច្ចមិនដឹងមូលហេតុអ្វីពិតប្រាកដនៅឡើងទេ កំពុងធ្វើការស្រាវជ្រាវ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩នឹង០៥នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល ។
ម្ចាស់ផ្ទះឈ្មោះ ស៊ុម ចំរើន ហៅតយ ភេទប្រុស អាយុ៤១ឆ្នាំ ជាប្តី និងជាអ្នកដុតផ្ទះខ្លួនឯងហើយស្លាប់ក្នុងភ្លើង និងប្រពន្ធឈ្មោះ មីន ស្រីនី មានកូន២នាក់ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ។
សម្ភារខូចខាត ផ្ទះ១ខ្នង ធ្វើពីឈើប្រក់សង្កសីដែលមានទំហំ ៧ម៉ែត្រគុណ ១០ម៉ែត្រ ឆេះទាំងស្រុង គ្រែ៣ ពូក២ ទូរទស្សន៍១គ្រឿង សម្លៀកបំពាក់ និងសម្ភារផ្សេងៗមួយចំនួនទៀត ។
ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តកណ្តាលចំនួន០៣ និងរថយន្តបញ្ជាការអង្គរក្សចំនួន០២គ្រឿង បានចេញអន្តរាគមន៍ តែប្រើប្រាស់បាញ់ទឹកអស់ទឹក០២ឡាន ទើបរលត់ជាស្ថាពរនៅវេលាម៉ោង០៩និង៤០នាទី ។
ការសន្និការដ្ឋានតាមការបំភ្លឺពីឈ្មោះ សេង រតនា ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្អូនថ្លៃប្រាប់ថា ជនបង្កជាប្តីជាមនុស្សស្រវឹងស្រាខួប ឲ្យតែឈ្លោះទាស់សំដី ជាមួយប្រពន្ធម្តងៗគំរាមដុតផ្ទះញឹកញាប់ ទើបដល់ថ្ងៃ កើតហេតុស្រាប់តែឈ្មោះ ស៊ុម ចំរើន ហៅតយ ពេលប្រពន្ធចេញក្រៅផ្ទះគាត់ខ្ទាស់គន្លឹះខាងក្នុង ហើយស្រាប់តែមានហេតុការណ៍ឆេះពីខាងក្នុងតែម្តង ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ