CAMSOC-ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះកីឡាករ កីឡាការិនី ក្នុងឱកាសបើកការប្រកួតព្រឹត្តិការណ៍កីឡាទេសចរណ៍ «ជិះកង់នៃក្តីស្រឡាញ់» នៅព្រឹកព្រឹលឹមថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ។
ស្ថិតនៅក្រោមបរិយាសកាសដ៏ស្រស់ត្រកាល និងស្នាមញញឹមប្រកបដោយការគាំទ្រនៃអ្នកចូលរួមនានា, ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា គណៈកម្មការរៀបចំមានមោទនភាព ដែលទទួលបានការចូលរួមពីយុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ អ្នកស្នេហាវិស័យកីឡាជិះកង់ចំនួន៣៥១នាក់ ក្នុងនោះមានបងប្អូន កូនក្មួយមកពីបណ្តាខេត្តនានា ដូចជាខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ព្រមទាំងជនបរទេសមួយចំនួន ដែលកំពុងរស់នៅកម្ពុជា មានដូចជា ឥណ្ឌា ចិន ថៃ ហ្វីលីពីន និងអង់គ្លេស។ ក្នុងស្មារតីកីឡា ការចាញ់ឈ្នះជារឿងធម្មតា តែសំខាន់បំផុត គឺការចូលរួម។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបន្ថែមថា ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងបានរស់នៅក្នុងសុខសន្តិភាព និងមានមោទនភាពក្នុងព្រះរាជាណាចក្រមួយ ដែលប្រកាន់ខ្ជាប់នូវលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង និតិរដ្ឋ។ យើងកំពុងរស់នៅក្នុងសង្គមជាតិមួយ ដែលពោរពេញទៅដោយស្មារតី សាមគ្គីភាព មិត្តភាព គោរពស្រឡាញ់គ្នា ចេះជួយយកអាសាគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ ដែលនេះ គឺជាកម្លាំង និងជាថាមពលមួយដ៏រឹងមាំក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ កម្ពុជាបច្ចុប្បន្ន និងឆ្ពោះទៅកាន់អនាគតមួយដ៏រុងរឿង។ ទោះបីថាកម្ពុជាយើងទប់ស្កាត់ និងបញ្ចៀសបានការឆ្លងរាលដាលក្នុងសហគមន៍ក៏ដោយ ប៉ុន្តែការអនុវត្តន៍ ៣កុំ ៣ការពារ នៅតែ ជាអាទិភាពចាំបាច់ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្លួនជាប្រចាំ។
«ខ្ញុំគិតថា ថ្ងៃនេះកីឡាករទាំងអស់ក៏ដូចជាប្រជាជនយើងទូទាំងប្រទេស ពិតជាមានមោទនភាពណាស់ចំពោះការអភិវឌ្ឍន៍ដ៏ឆាប់រហ័សរបស់ទីក្រុងព្រះសីហនុរបស់យើង ដែលជាទីក្រុងដ៏ចម្បងមួយនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី។ រាជរដ្ឋាភិបាលបានដាក់ទុនយ៉ាងច្រើន ដើម្បីអភិវឌ្ឍទីក្រុងនេះ ដើម្បីបង្កើនការទាក់ទាញ អ្នកវិនិយោគ និងទេសចរណ៍ឲ្យបានកាន់តែច្រើនថែមទៀតមកកាន់ខេត្តនេះ ដែលរាជរដ្ឋាភិបាលបានកំណត់ថា ជាប៉ូលសេដ្ឋកិច្ចពហុបំណងរបស់ប្រទេសជាតិ។ ឆ្លៀតឱកាសនេះ ខ្ញុំសម្តែងការកោតសរសើរដោយស្មោះចំពោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងសហការី ក្នុងនាមជាម្ចាស់ផ្ទះបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការរៀបចំគ្រប់គ្រង ថែរក្សាសន្តិសុខ សុវត្ថិភាព អនាម័យ របៀបរៀបរយសាធារណៈក្នុងទីក្រុងយ៉ាងមានប្រសិទ្ធភាព។ សូមបងប្អូនមេត្តាចូលរួមថែរក្សាអនាម័យ បរិស្ថានឲ្យបានល្អ។ សូមយកទិវានៃក្តីស្រឡាញ់បង្ហាញនូវការស្រឡាញ់ ភាពស្អាត និងបៃតងក្នុងទីក្រុង និងនៅតាមឆ្នេរសមុទ្ររបស់យើង មានសោភ័ណភាព ស្រស់បំព្រងជានិច្ច»។ នេះជាប្រសាសន៍បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន។
ឆ្លងកាត់ការប្រកួត និងការជិះកង់កម្សាន្តលក្ខណៈគ្រួសារ ដៃគូ ប្រកបដោយភាពសប្បាយរីករាយជាមួយនឹងទិដ្ឋភាពដ៏ស្រស់បំព្រងនៃតំបន់ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុនេះ គណៈកម្មការបច្ចេកទេសបានរកឃើញជ័យលាភី លើវិញ្ញាសា៤០គីឡូម៉ែត្រផ្នែកនារី លេខ១ កីឡាការិនី សូត្រ ស្រីណុច, លេខ២ កីឡាការិនី ខេន ម៉ាឡៃ និងលេខ៣ កីឡការិនី យត កន្និកា។ ជ័យលាភីផ្នែកបុរស លេខ១ កីឡាករ កែវ រដ្ឋា, លេខ២ កីឡាករ សាន ណាម៉ៅ និងលេខ៣ កីឡាករ ស៊ាំង សីហា។ ក្រៅពីជ័យលាភីនេះ កីឡាករ កីឡាការិនីទាំងអស់ក៏ទទួលបាននូវមេដាយបញ្ចប់ទីជាអនុស្សាវរីយ៍ផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ