ភ្នំពេញ ៖ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ៖
− ភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣ នាក់ កើនឡើង ៦,០៥%( ប្រៀបចូលឆ្នាំចិន ២០២០)
− ភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០%(ប្រៀបចូលឆ្នាំចិន២០២០)
ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖
− ថ្ងៃទី១ ទី១២ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២០៥.០៧៥ នាក់
− ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ៤០៨.៥២១ នាក់
− ថ្ងៃទី៣ ទី១៤ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២៧៩.០៤២ នាក់
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖
− រាជធានីភ្នំពេញ៖ ១១៨,៥០២នាក់
− ខេត្តសៀមរាប ៖ ១១៧.៧៨៩ នាក់
− ខេត្តកំពត៖ ១០២.០២៦នាក់
− ខេត្តកែប៖ ៩២.៨០៤ នាក់
− ខេត្តព្រះសីហនុ៖ ៨២.០៦៥នាក់
− ខេត្តកណ្តាល៖ ៧២.៥១០ នាក់
− ខេត្តបាត់ដំបង៖ ៦២.៤៦៤នាក់
− ខេត្តកោះកុង៖ ៣៥.២២៥ នាក់
− ខេត្តកំពង់ស្ពឺ៖ ២៩.៧៧០នាក់
− ខេត្តពោធិ៍សាត់ ៖ ២៤.៧២៣នាក់
ជាការគួរកត់សម្គាល់លើចំណុចសំខាន់ៗប្រចាំថ្ងៃកន្លងមក ដូចខាងក្រោម៖
− ដោយសារពិធីបុណ្យប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃក្នុងមានភាពផុសផុលទូទាំងប្រទេស ហើយបងប្អូនប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តក្នុងស្រុកច្រើន(ដោយសារយើងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បាន)។ ទន្ទឹមនឹងនេះ ក៏នៅមានបងប្អូនប្រជាពលរដ្ឋខ្លះ នៅមិនទាន់ត្រលប់ចូលមករាជធានីភ្នំពេញវិញទេ ហើយអាជីវកម្មមួយចំនួនក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយតាមទំលាប់បងប្អូនដែលជាប់ខ្សែស្រឡាយចិន ពួកគាត់ច្រើននៅបន្តដើរកម្សាន្តរហូតដល់ថ្ងៃស្អែកមួយថ្ងៃទៀត។
-តាមការវាយតំលៃបឋម៖ ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយតត្រឡប់មកវិញពេលល្ងាច) ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ។ ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តារាជធានីខេត្ត នៅតែជាចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។
− គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត។ ប៉ុន្តែ នៅតាមគោលដៅទេសចរណ៍ដែលបងប្អូនសម្រុកទៅកម្សាន្តច្រើនក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ។
− ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់៖ ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ បញ្ហាសំរាម គ្រប់គ្រងបានល្អជាងមុន តែនៅតែមានបញ្ហានៅកន្លែងមួយចំនួននៅឡើយ៕ រក្សាសិទ្ធិដោយ : បញ្ញាស័ក្តិ