ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសអំពីការរកឃើញករណីឆ្លងវីរុសកូវីដ១៩ ថ្មីដែលបានបំលែងខ្លួនថ្មី ក្នុងអ្នកដំណើរដែលចូលមកក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៥ ខែកុម្ភៈ បានឲ្យដឹងថា ដោយមានការពង្រឹងប្រព័ន្ធរុករកស្រាវជ្រាវ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរាយការណ៍ពីការវិភាគរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ថ្មី ដែលបាន បំប្លែងខ្លួនថ្មី (ប្រភេទ UK variant 20l/501Y.V1, VOC 202012/01 និង B.1.1.7) ក្នុងចំណោមអ្នកដំណើរដែលចូលមក កម្ពុជា មានដូចតទៅ៖
១.បុរសជនជាតិឥណ្ឌា អាយុ ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។
៣. ស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារសុខា ជាអ្នកធ្វើដំណើរមកពីប្រទេសចិន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
បច្ចុប្បន្ន អ្នកជំងឺទាំងបីនាក់ខាងលើនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន រាជធានីភ្នំពេញ រួចហើយ។
ក្រសួងសុខាភិបាលបានបន្តថា ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋយើង ហាក់ភ្លេចខ្លួនអំពីហានិភ័យដ៏ធំធេងនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសនៅក្នុងបរិបទនៃការបំប្លែងខ្លួនជាបន្តបន្ទាប់របស់វីរុសដ៏កាចសាហាវនេះ ដោយមានការជួបជុំគ្នាច្រើន កុះករនៅក្នុងពិធីជប់លៀង ពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យទានផ្សេងៗ និងការធ្វើដំណើរកំសាន្តទៅកាន់ស្រុក កំណើត ឬទីរមណីយដ្ឋាននានា ដោយមិនបានអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលដែលបានធ្វើជា រឿយៗឡើយ។ ដូច្នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការក្រើនរំលឹកសារជាថ្មីម្តងទៀត ជូន ដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា វីរុសកូវីដ-១៩ ជាពិសេសវីរុសបាន និងកំពុងតែបំប្លែងខ្លួនថ្មីជាច្រើន ប្រភេទ កំពុងតែចរាចរបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា ដូចបានជម្រាបជូនខាងលើនេះស្រាប់។ ដូច្នេះ យើងមិនត្រូវមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរបណ្តាលមកពីការវាយលុកនៃជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ហើយសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុង ប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះ ទេ។ សូមបុគ្គលគ្រប់រូប ចងចាំ និងចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច នូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវ បន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការណ៍ បីកុំ និង បីការពារ៕ រក្សាសិទ្ធិដោយ៖ចេស្តារ