ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២១នេះ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវវិធានការ គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ សំខាន់ៗចំនួន១៤ចំណុច ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រង ប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ចំនួន ៩ ០៨៤.៤២ ប៊ីលានរៀល (ប្រមាណ ២,២៤៣.០៧ លានដុល្លារអាមេរិក) ។
លោក គង់ វិបុល វិធានការនេះ បានដាក់ចេញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធ ប្រចាំខែមករា ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
លោក គង់ វិបុល បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២១នេះ ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការគ្រប់គ្រង ប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ចំនួន ៩,០៨៤.៤២ ប៊ីលានរៀល (ប្រមាណ ២,២៤៣.០៧លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការ គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលរួមមាន វិធានការសំខាន់ៗដូចខាងក្រោម៖
ទី១) បន្តពង្រឹងការអនុវត្ត ឲ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ និងពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស។
២) ផ្សព្វផ្សាយ និងត្រៀមអនុវត្ត ឲ្យមានប្រសិទ្ធភាពនូវវិធាន និងនីតិវិធីគ្រប់គ្រងការប្រើប្រាស់ឧបករណ៍ វាស់ចំណុះស្រាបៀរ និង/ឬភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ ស្របតាមខ្លឹមការប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចដាក់ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់សហគ្រាសផលិតក្នុងស្រុក។
៣) បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស និងជំរុញការអនុវត្តការគ្រប់គ្រង ដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ជាពិសេសសម្រាប់ការដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូល (Tax on Income) ប្រចាំឆ្នាំ ២០២០។
៤) បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋ ជាពិសេស ត្រៀមរៀបចំសិក្ខាសាលាជូនអ្នកជាប់ពន្ធផ្សព្វផ្សាយស្តីពី «បច្ចុប្បន្នភាពទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២០»។
៥) ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗដែលមានសក្តានុពលដោយកំណត់ជាបំណុលអាទិភាព និងសហគ្រាសស្ថិតក្នុងវិស័យ ដែលមិនបានរងប៉ះពាល់ ដោយសារការរីករាតត្បាតនៃជំងឺកូវីដ ១៩។
៦) បន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការចែករំលែកទិន្នន័យ និងអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីពង្រឹងអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធ។
៧) បន្តពង្រឹងការចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទឆ្នាំ២០២០ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។
៨) បន្តអភិវឌ្ឍកម្មវិធីប្រកាសនិងបង់ប្រាក់ពន្ធតាមទូរស័ព្ទដៃ (Mobile Application) សម្រាប់ពន្ធលើអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ក្នុងន័យធ្វើឲ្យប្រសើរឡើង និងសម្រួលដល់ការប្រកាសនិងបង់ប្រាក់ពន្ធរបស់ប្រជាពលរដ្ឋ និងសហគ្រាសនានាចាប់ពីឆ្នាំ២០២១ តទៅ។
៩) បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ។
១០) បន្តនិងខិតខំពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដែលជាកត្តាសំខាន់ធ្វើឱ្យប្រសើរឡើងនូវវប្បធម៌ពន្ធដារ ក្នុងនោះមានការ ជំរុញការប្រើប្រាស់កម្មវិធី ត្រួតពិនិត្យ និងតាមដានឯកសារ (Document Check and Track), រៀបចំកម្មវិធី «ពន្ធដារកម្ពុជា» ដោយផ្សព្វផ្សាយ និងជួបជជែកជាមួយ អ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live), សេវាឆ្លើយតបតាមប្រពន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម។
១១) បន្តពង្រឹង និងជំរុញការងារអង្កេតអចលនទ្រព្យ និងការចុះបញ្ជីអាជីវកម្ម នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ដើម្បីចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាព ក្នុងគោលដៅពង្រឹងសេវាជូនអ្នកជាប់ពន្ធ។
១២) បន្តការងារកំណែទម្រង់ធនធានមនុស្ស ដោយជំរុញនិងខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។
១៣) បន្តពង្រឹងការអនុវត្ត ឲ្យមានប្រសិទ្ធិភាពនូវវិធានការអន្តរាគមន៍បន្ទាន់ របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់វិស័យទេសចរណ៍, វិស័យអាកាសចរ, វិស័យកសិកម្ម និងការចិញ្ចឹមសត្វ, និងវិស័យកាម្មន្តសាលទូទៅ និងវិធានការអន្តរាគមន៍នានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
១៤) បន្តអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុងសារាចរណែនាំ ស្តីពីការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២១ និងបន្តអនុវត្តប្រកប ដោយការយកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ