ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានមានចំនួន ៨៧៩.៦៨ប៊ីលានរៀល (ប្រមាណជា ២១៧.២០ លានដុល្លារអាមេរិក) ធ្លាក់ចុះ៨.០៦% បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែមករា ឆ្នាំ២០២០។
បើតាមសេក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមករា ឆ្នាំ២០២១ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ លោករដ្ឋមន្ត្រីប្រតិភូអម បានបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២១ ចំណូល ពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ) មានចំនួន ៨៧៩,៦៨ ប៊ីលានរៀល (ប្រមាណជា ២១៧,២០ លានដុល្លារអាមេរិក) ស្មើនឹង ៩,៦៨% នៃផែនការប្រចាំឆ្នាំ ហើយប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមករាឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៧៧,០៨ប៊ីលានរៀល (ប្រមាណ ជា ១៩,០៣ លានដុល្លារអាមេរិក) ស្មើនឹង ៨,០៦%។
គួរបញ្ជាក់ផងដែរថា ក្នុងខែមករា ឆ្នាំ២០២១ ចំណូលពីប្រភេទពន្ធ ០៣ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះ ពន្ធលើប្រាក់ចំណូលចំនួន ១៧៣,៧៩ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង ១១,៧៦ ប៊ីលានរៀល ប្រមាណ ៧,២៦%, អាករពិសេសចំនួន ៧៧,១០ប៊ីលានរៀលធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង ៤,០៤ ប៊ីលានរៀល ប្រមាណ៥,៥៣%, និងពន្ធលើប្រាក់បៀវត្សចំនួន ៩១,៣១ប៊ីលានរៀល ធៀបនឹងខែមករា ឆ្នាំ២០២០ កើនឡើង ៨,៣៥ ប៊ីលានរៀល ប្រមាណ១០,០៧%៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ