Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ងួន រតនៈ ណែនាំ​ឲ្យ ទប់ស្កាត់​ការ​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពលករ និង​ពិនិត្យ​សភាពការណ៍​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង

​បាត់ដំបង ៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ការទប់ស្កាត់​ការ​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពលករ និង​ពិនិត្យ​សភាព​ការ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង កិច្ចប្រជុំ​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក អភិបាលរង​ខេត្ត ឯកឧត្តម​មេបញ្ជាការរង​យោ​ធិ​ភូមិ​ទី​៥ ប្រចាំ​ទិស​ទី​២ ឯក​ឧ​ត្ត​ស្នងការដ្ឋាន​នគរបាល​ខេត្ត មេបញ្ជាការ​កងពលតូច​លេខ ៥៣ អាជ្ញាធរ​ស្រុក កម្លាំងចម្រុះ និង​អ្នកពាក់ព័ន្ធ​សំខាន់ៗ​មួយចំនួនទៀត​។

​ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គ​អភិបាលខេត្ត​បាត់ដំបង បានប្រកាស​មិន​លើកលែង​ចំពោះ​អ្នកពាក់ព័ន្ធ​ឃុបឃិត នឹង​អធិការ​ស្រុក​កំរៀង ដែល​បាន​ប្រព្រឹត្ត​ខុស​នីតិវិធី​។

​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ចាត់វិធានការ​បន្ទាន់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពលករ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​មួយចំនួន​ភ្លាមៗ ក្នុងនោះ​ការ​រឹតបន្តឹង​តាម​ចាប់​ពួក​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ ការអប់រំ​ផ្សព្វផ្សាយ​ពីសារ​សម្លេង​របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​មូលដ្ឋាន នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជាដើម ។

​ឯកឧត្តម ងួន រតនៈ បន្តថា អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ធ្វើការ​ជំរឿន​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ដោយ​ធ្វើ​ការចុះបញ្ជីឈ្មោះ​ពលរដ្ឋ​នៅតាម​ស្រុក​ជាប់​ព្រំដែន ឲ្យ​បានច្បាស់លាស់ និង​មាន​ឯកសារ​សម្រាប់​ពួកគាត់ ក្នុងការ​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ត្រឹមត្រូវ​ពី​លំនៅដ្ឋាន ដើម្បី​កុំ​ឲ្យ​មាន​ពលករ​ទើប​ចេញពី​ប្រទេស​ថៃ ដែល​រស់នៅ​ស្រុក​ខេត្ត​ផ្សេង ប្រាប់​ពី​ព័ត៌មាន​មិន​ពិត​ថា​ខ្លួន​រស់នៅ​ជាប់​ព្រំដែន គេចវេស​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក និង​មួយទៀត អាជ្ញាធរខេត្ត នឹង​ជួប​អាជ្ញាធរខេត្ត​ចាន់​បុរី នៃ​ប្រទេស​ថៃ បើក​កិច្ចប្រជុំ​ពិភាក្សា​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​អាជ្ញាធរ​ខាង​កម្ពុជា នឹង​ស្នើ​ភាគី​ថៃ ឲ្យ​រថយន្ត​ដឹក​ពលករ មក​តាម​ច្រក​តែមួយ ស្រួល​ក្នុងការ​គ្រប់គ្រង ។​

ឯកឧត្តម​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា នឹងមិន​លើកលែង​ឲ្យ​បុគ្គល​ណា​ម្នាក់​ដែល​ពាក់ព័ន្ធ​ឃុបឃិត​ជាមួយ​អធិការ​ស្រុក​កំរៀង ឲ្យ​ពលករ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក ។

​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ បន្ទាប់ពី​រកឃើញ​កំហុស​របស់លោក គឹម ពន្លក ប្រព្រឹត្ត​ខុស​នីតិវិធី ហ៊ាន​ដោះលែង​មេខ្យល់​ដោយ​ចិត្ត​ឯង ដែល​នាំ​ពលករ​គេចវេស​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក តាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ផ្អាក​ការងារ​បណ្ដោះអាសន្ន​នូវ​អធិការ​ស្រុក​កំរៀង​រូបនេះ ។

​គួរ​បញ្ជាក់ថា ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​ខេត្ត​សាមុទ​សា​ខន ប្រទេស​ថៃ គឺមាន​ពលករ​ឆ្លងដែន​ពី​ថៃ តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង មាន​ជាង ៦០០០​នាក់ បានបញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជាង ៣០០០​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង ២០០០​នាក់ ខណៈ​អាជ្ញាធរ​ក៏បាន​ឃាត់ខ្លួន​មេខ្យល់ ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ជា​បន្តបន្ទាប់ និង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​បន្ត​ស្វែងរក​ពួក​មេខ្យល់​មួយចំនួនទៀត ៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×