ខេត្តព្រះសីហនុ ៖ នៅថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រតិភូគណៈកម្មការទី៩ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖ ឯកឧត្តម កែប ជុតិមា អនុប្រធានគណៈកម្មការ , ឯកឧត្តម តាក វណ្ណថា សមាជិកគណៈកម្មការនិងឯកឧត្តម នង វាសនា សមាជិកគណៈកម្មការ ទី៩រដ្ឋសភាជាតិ បានអញ្ជើញចុះបំពេញបេសកកម្មការងារ រួមជាមួយតំណាងក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ ស្វែងយល់ពីវឌ្ឍនភាពការងារបូមប្រេងរបស់ក្រុមហ៊ុន Kris Energy នៅតំបន់អប្សរា ប្លុកA ក្នុងដែនសមុទ្រ កម្ពុជា ក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តមតាក វណ្ណថា ក្នុងនាមប្រតិភូតំណាងរាស្ត្រមានប្រសាសន៍ថា បច្ចុប្បន្ននេះការងាររបស់ក្រុមហ៊ុន Kris Energy នៅតំបន់អប្សរា ប្លុកA ក្នុងដែនសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ កំពុងដំណើរការយ៉ាងល្អ ដែលលទ្ធផលល្អសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្រោមគោលនយោបាយដឹកនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន ។
ឯកឧត្តម កែប ជុតិមា បានថ្លែងសារលើហ្វេសប៊ុកថា បេសកកម្ម១២ម៉ោង លើផ្ទៃមហាសាគរធំល្វឹងល្វើយគ្មានកោះត្រើយ ដើម្បីស្វែងយល់ពីវឌ្ឍនភាព នៃការបូមប្រេងរបស់កម្ពុជា នៅតំបន់ប្លុកA ក្នុងឈូងសមុទ្រកម្ពុជា នាខេត្តព្រះសីហនុ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ