បាត់ដំបង ៖ បន្ទាប់ពីមានគ្រោះអគ្គិភ័យឆេះផ្ទះអស់១៣ខ្នង ស្នងការនគរបាលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាគោរពនិងអនុវត្តឱ្យបានត្រឹម ត្រូវតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចជំនាញ ក្នុងការសាងសង់លំនៅដ្ឋាន ព្រោះថាការសាងសង់លំនៅដ្ឋានដែល មិនមានទុកច្រកធំទូលាយ នៅពេលដែលមានករណីអគ្គិភ័យឬករណីជាយថាហេតុណាមួយកើតឡើង នោះគឺរថយន្តសង្គ្រោះមិនអាចចូលទៅបានដែលជាឧបសគ្គធំបំផុត។
នៅព្រឹកថ្ងៃអង្គារទី ១៦ ខែ កុម្ភៈ ឆ្នាំ២០ ២១ វេលាម៉ោង ០៨ និង ០៥ នាទី នៅចំណុច(បរិវេណស្ថានីយ៍រថភ្លើង)ស្ថិតក្នុង ក្រុមទី ១៧ ភូមិ ទួលតាឯក សង្កាត់ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង ។
ភ្លាមៗក្រោមបទបញ្ជានិងចុះទៅដល់ទីកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំនិងបញ្ជាឱ្យរថយន្តអគ្គិភ័យចំនួន ០៨ គ្រឿង ចេញធ្វើសកម្មភាពក្នុងពេលតែមួយជួយពន្លត់ ក្នុងនោះរថយន្តចេញពីស្នងការដ្ឋានចំនួន ០៣គ្រឿងរថយន្តចេញពីស្រុកសង្កែ ស្រុកឯកភ្នំស្រុកបាណន់ស្រុកថ្មគោលនិងស្រុករតនមណ្ឌលចំនួន០៥គ្រឿងថែមទៀត និងដោយបានការ សហការណ៍ពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផង ទើបអាច គ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ។
លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាន បានបញ្ជាក់ថា ដោយសារស្ថាន ភាព ទីកន្លែងកើតហេតុ មានផ្លូវតូចចង្អៀត ហើយលំនៅដ្ឋានស្ថិតនៅជាប់ៗគ្នាដែលជាឧប សគ្គធំសម្រាប់ការចល័តរថយន្តអគ្គិភ័យចូលទៅកៀកបាន ដូច្នេះក្រុមសង្គ្រោះត្រូវធ្វើការបាញ់ទឹកពីចម្ងាយនិងតទុយោយ៉ាងវែងទើបចូលទៅដល់ទីកន្លែងកើតហេតុ ។
លោកបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តីក្រោមការដឹកនាំផ្ទាល់ ពីលោកស្នងការកិច្ចប្រតិបត្តិការរបស់នគរបាល រយៈពេលប្រមាណជាងមួយម៉ោងទើបស្ថា នភាពអគ្គិភ័យបានថមថតនិងរលត់ទាំងស្រុង ដោយ ប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន១០រថយន្ត។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបងបានឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័យ នេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១៣ ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ ហើយក្នុងនោះមានលំនៅដ្ឋានចំនួន ០៨ខ្នងនិងទ្រព្យសម្បត្តិផងត្រូវឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានមនុស្សណា ម្នាក់ទទួលរងរបួសឬគ្រោះថ្នាក់ដោយអគ្គិភ័យនេះទេលោកឆាង វណ្ណឆៃ និងក្រុមការងារអគ្គិភ័ យមិនទាន់ សន្និដ្ឋានបានអំពីមូលហេតុនៃការកើតឡើងនូវគ្រោះអគ្គិភ័យដ៏អាក្រក់នេះនៅឡើតទេក្នុងពេលនេះ ដោយរង់ចាំ ការស្រាវជ្រាវ ស៊ើបអង្កេតសិនទើបសន្និដ្ឋានបាន។
ជាមួយហេតុការណ៍ដ៏គួរឱ្យសោកស្តាយបំផុតនេះ លោកឧត្តមសេនីយ៍ទោស្នងការដែល បានចុះទៅដឹកនាំបញ្ជាផ្ទាល់នៅទីកន្លែងកើតហេតុ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ អ្នកប្រកមអាជីវកម្មនានានៅក្នុងខេត្តបាត់ដំបង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់និងជាប់ជាប្រចាំចំពោះគ្រោះអគ្គិភ័យនេះត្បិតរដូវនេះជារដូវប្រាំង ដែលមានស្ថានភាពក្តៅហួតហែងជាហេតុងាយបង្កឱ្យកើតគ្រោះអគ្គិភ័យណាស់ ពិសេសសូមប្រុងប្រយ័ត្ន ទាំងភ្លើងទៀនធូប ភ្លើងជើងក្រាននិងចរន្តអគ្គិសនី។ ម្យ៉ាងទៀតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាគោរពនិងអនុវត្តឱ្យបានត្រឹម ត្រូវតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចជំនាញ ក្នុងការសាងសង់លំនៅដ្ឋាន ព្រោះថាការសាងសង់លំនៅដ្ឋានដែល មិនមានទុកច្រកធំទូលាយ នៅពេលដែលមានករណីអគ្គិភ័យឬករណីជាយថាហេតុណាមួយកើតឡើង នោះគឺរថយន្តសង្គ្រោះមិនអាចចូលទៅបានដែលជាឧបសគ្គធំបំផុត ដូចករណីអគ្គិភ័យនៅព្រឹកនេះជាគំរូស្រាប់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ